សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, December 4, 2019

សង្គម​ស៊ីវិល ជំរុញ​ឱ្យ​សមត្ថកិច្ច​ចាប់មេខ្លោងគ្រឿងញៀន កុំចាប់តែអ្នកប្រើប្រាស់តូចតាច!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

សង្គម​ស៊ីវិល ជំរុញ​ឱ្យ​សមត្ថកិច្ច​អនុវត្ត​ច្បាប់​បង្ក្រាប​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព ហើយត្រូវ ចាប់មេខ្លោង និង​ម្ចាស់​ក្លឹប​កម្សាន្ត​ផង កុំ​ចាប់​តែ​អ្នក​ប្រើប្រាស់​តូច​តាច។
ការជម្រុញបែបនេះ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ ឃាត់​ខ្លួន​មនុស្ស ១៦៤​នាក់ ក្នុង​នោះ​មាន​ស្រី ៦២​នាក់​ពាក់ព័ន្ធ​ការ​ចែក​ចាយ និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ក្លឹប​កម្សាន្ត​មួយ​ឈ្មោះ «​ម៉ាស្ទ័រក្លឹប»
សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ រក​ឃើញ​អ្នក​ញៀន​ថ្នាំ ៣០​នាក់ ក្រោយ​ធ្វើតេស្ត​ទឹកនោម​រក​សារ​ធាតុ​ញៀន ក្នុង​ចំណោម​មនុស្ស​ចំនួន ១៦៤​នាក់ ដែល​បាន​ឃាត់ខ្លួន​នៅ​ក្នុង​ក្លឹប​កម្សាន្ត​មួយ​ឈ្មោះ «ម៉ាស្ទ័រ​ក្លឹប​» នៅ​ខេត្ត​កំពង់ស្ពឺ​នោះ​។ អ្នក​ទាំងនោះ​ភាគច្រើន ជា​យុវជន ហើយ​ក្នុង​ចំណោម​អ្នក​ញៀន​ថ្នាំ ៣០​នាក់​នោះ មាន​នារី ៧​នាក់។ សមត្ថកិច្ច​ប្រាប់​អ្នកកាសែត​ក្នុងស្រុក​ថា អ្នក​ផ្ទុក​សារធាតុ​ញៀន​ទាំង ៣០​នាក់​នោះ នឹង​ត្រូវ​ចាត់វិធានការ​តាម​នីតិវិធី​បន្ត​ទៀត ក្រោយ​ការ​រក​ឃើញ​នេះ។ ចំណែក​មេខ្លោង​គ្រឿងញៀន ឬ​ម្ចាស់​ក្លឹប​កម្សាន្ត​មួយ​នេះ សមត្ថកិច្ច​មិន​ទាន់​បង្ហាញ​ជា​សាធារណៈ​ថា ជា​នរណា ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​ឬ​នៅ និង​កំពុង​មាន​វិធានការ​ច្បាប់​យ៉ាងណា​នោះ​ទេ។
ប្រតិបត្តិ​ការ​បង្ក្រាប​គ្រឿង​ញៀន​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង ១​យប់ ឈាន​ចូល​ថ្ងៃ​ទី​១ ខែ​ធ្នូ នៅ​ក្នុង​ក្លឹប​កម្សាន្ត​យីហោ «ម៉ាស្ទ័រក្លឹប​» ស្ថិត​នៅ​ភូមិ​សំណង់ សង្កាត់​រកាធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ​។
​កាសែតជាតខ្មែរមិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក សម សាមួន និង ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ស្ពឺ អ្នកស្រី ងិន សុគន្ធា បាន​ទេ ដោយសារ​ពុំ​មាន​អ្នកទទួល​ទូរស័ព្ទ​។
ចំណែក​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ឃឿន បាន​និយាយថា សម​ត្ថិ​កិច្ច​កំពុង​ធ្វើ​ការ មិន​អាច​ប្រាប់​បានទេ ដោយ​លោក​ខ្លាច​អ្នក​ពាក់ព័ន្ធ​រត់គេច​ខ្លួន​អស់។ លោកថា៖ «ខ្ញុំ​សុំ​រក្សា​ព័ត៌មាន​នេះ​សិន។ ទុក​ឲ្យ​ខ្ញុំ​ធ្វើការ​ចប់​ស្រួលបួល​សិន»
មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​កំពង់ស្ពឺ លោក អាន ភិន ថ្លែង​ថា អាជ្ញាធរ​គួរតែ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ម៉ាស្ទ័រក្លឹប ដែល​សម្របសម្រួល​ឱ្យ​មាន​ការចែក​ចាយ​គ្រឿងញៀន និង​មេខ្លោង​ជួញដូរ​គ្រឿងញៀន​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង។ លោក​បន្ត​ថា ប្រសិន​បើ​អាជ្ញាធរ​ឃាត់ខ្លួន​តែ​អ្នកប្រើប្រាស់​តូចតាច​ហើយ​បណ្ដោយ​ឱ្យ​ម្ចាស់​ទីតាំង​និង​មេខ្លោង ឬ​អ្នក​នៅ​ពីក្រោយ​រួចខ្លួន​នោះ គឺជា​ការអនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ ហើយ​ការ​បង្ក្រាប​គ្រឿងញៀន ក៏​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ដែល​ប្រៀប​ដូចជា​ការ​វែក​ចក ហើយ​បញ្ហា​គ្រឿងញៀន នៅតែ​រីក​រាលដាល​គ្រប់​ច្រកល្ហក គួរ​ឲ្យ ព្រួយបារម្ភ​ដដែល។ លោកបន្តថា៖ «យើង​ស្វាគមន៍​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ចំពោះ​ការ​បង្ក្រាប​នេះ ប៉ុន្តែ​យើង​ក៏​ស្នើសុំ​ដែរ​ថា សូម​ឲ្យ​ចាត់វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ទៅលើ​ម្ចាស់​ក្លឹប​កម្សាន្ត ប្រសិនបើ​គាត់ ផ្ដល់​កន្លែង​ប្រើប្រាស់​គ្រឿងញៀន។ សូម​កុំ​បង្ក្រាប​តែ​អ្នក​ចូល​កម្សាន្ត ត្រូវតែ​ចាត់វិធានការ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ត្រឹមត្រូវ»
ចាប់​តាំង​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ចេញ​បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច​គ្រប់​រាជធានី​-​ខេត្ត​សហការ​គ្នា​បង្ក្រាប​គ្រឿងញៀន​នៅ​តាម​ខារ៉ាអូខេ និង​ក្លឹប​កម្សាន្ត​ឱ្យ​អស់​ត្រឹម​ឆ្នាំ​២០១៩ មក​គឺ សមត្ថកិច្ច បាន​បង្ក្រាប​ករណី​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់​ដូចជា​បង្ក្រាប​នៅ​ក្លឹប​កម្សាន្ត​រ៉ក់​(Rock) នៅ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​មនុស្ស​ជាង ៣០០​នាក់ បង្ក្រាប​នៅ​ក្លឹប​កម្សាន្ត​ម៉ៃអាមី (MIAMINight Club & Dance Party) ឃាត់ខ្លួន​មនុស្ស ៥០​នាក់​។ បន្ទាប់មក​បង្ក្រាប​នៅ​ក្លឹប​កម្សាន្ត​លុច្សសារី (Luxurious) ឃាត់ខ្លួន​មនុស្ស​ជាង ៤០០​នាក់ និង​កា​រប​ង្ក្រា​គ្រឿងញៀន​នៅ​កាស៊ីណូ​ឡាក់​គី ក្នុង ក្រុង​បោយ​ប៉ែត ឃាត់ខ្លួន មនុស្ស ១៥៥​នាក់​។ ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​គ្រឿងញៀន​ទាំងនេះ សមត្ថកិច្ច ចាប់ខ្លួន​បានតែ​ម្ចាស់​ក្លឹប​កម្សាន្ត រ៉ក់ គឺ​ឧកញ៉ា គិត ធាង ម្នាក់​ប៉ុណ្ណោះ ដោយសារ​មាន​បទបញ្ជា​ផ្ទាល់​ពី​លោក ហ៊ុន សែន ក្រោយ​មាន​កា​រិះគន់​ខ្លាំងៗ ពី​សាធារណជន​។ ចំណែក​ម្ចាស់​ទីតាំង​ដែល​មាន​ការចែក​ចាយ​គ្រឿងញៀន​ដទៃ​ទៀត មិនទាន់​ត្រូវ​បាន​ចាប់ខ្លួន​នៅឡើយ ហើយ​សមត្ថកិច្ច​ថែមទាំង​លាក់​អត្តសញ្ញាណ ជន​ទាំងនោះ​ថែមទៀត​។ ចំពោះ​ករណី​ឧកញ៉ា គិត ធាង វិញ ថ្វីត្បិតតែ​ត្រូវ​បាន​ឃាត់ខ្លួន​ក្តី ប៉ុន្តែ​លោក​មិនបាន​ស្ថិត​ក្នុង​ពន្ធនាគារ​នោះ​ទេ គឺ​លោក​បាន​ចេញ​មក​រស់នៅ​ក្នុង​បន្ទប់ វី​អាយ​ភី (VIP)​នៅ​មន្ទីរ ពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត រយៈពេល ៨​ខែ​ហើយ ក្រោម​ហេតុផល​ថា មាន ជំងឺ​ត្រូវ​ព្យាបាល។
មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​សុំ​ឱ្យ​អាជ្ញាធររ​ដ្ឋាភិបាល​ក្រុងភ្នំពេញ​ក្រៅពី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នោះ គឺ​ត្រូវតែ​វែកមុខ​ចាប់ខ្លួន​មេខ្លោង​គ្រឿងញៀន និង​ដាក់​ទោស​ទណ្ឌ​ឱ្យ​បាន​តឹងរ៉ឹង​បំផុត ព្រម ទាំង​ពង្រីក​ការអប់រំ​អំពី​ផល​ប៉ះពាល់​នៃ​គ្រឿងញៀន​ឱ្យ​បាន​ទូលំទូលាយ ទើប​អាច​កាត់បន្ថយ​បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​បាន៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger