សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, February 26, 2020

ថ្ងៃនេះ បុរសខ្លាំង ហ៊ុន សែនផ្តល់កាដូយ៉ាងច្រើនដល់ពលរដ្ឋ ដូចជាការទិញខុនដូក្រោម ៧ម៉ឺនដុល្លារ ក៏មិនត្រូវយកពន្ធ ប្រថាប់ត្រាដែរ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ)៖ បន្ទាប់ពីដាក់ចេញគោលនយោបាយ មិនយកពន្ធប្រថាប់ត្រារយៈពេល១ឆ្នាំ សម្រាប់ ការលក់ផ្ទះក្រោមតម្លៃ៧ម៉ឺដុល្លារ បុរសខ្លាំង ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាស បន្ថែមថា សម្រាប់ខុនដូនៅក្នុងប្រទេសកម្ពុជា ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារនោះក៏មិនត្រូវយក ពន្ធប្រថាប់ត្រាដែរ។
ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

បុរសខ្លាំង ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «កាលពីវិធានការដោះស្រាយបញ្ហាសេដ្ឋកិច្ចកាល ពីថ្ងៃចន្ទ អ្នកដែលទិញលំនៅឋានក្រោម ៧ម៉ឺនដុល្លារ មិនចាំបាច់បង់ពន្ធប្រថាប់ត្រាទេ អញ្ចឹងគឺ ធ្វើឱ្យអ្នកដែលកសាងលំនៅឋានក្នុងតម្លៃថោកល្មម នឹងខិតខំកសាងលំនៅដ្ឋាន ហើយអ្នកដែល មានប្រាក់សមល្មមក៏អាចទិញលំនៅដ្ឋានក្រោម ៧ម៉ឺនដុល្លារដោយមិនជាប់ពន្ធទេ ប៉ុន្តែសុំបញ្ជាក់ លំនៅដ្ឋាននៅទីនេះក៏និយាយទៅដល់ខុនដូដែរ ព្រោះខុនដូមួយកន្លែងៗគេទិញមួយ Unit ដែល ជួនកាលតែ ៥ឬ៦ម៉ឺនដុល្លារទេ អញ្ចឹងក៏ត្រូវមិនជាប់ពន្ធដែរ»

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋដែលរស់នៅភ្នំពេញ ប្រញាប់ទិញខុនដូ ដោយសារតែបានរួចពន្ធប្រថាប់ត្រាផងដែរ។ សម្តេចក៏បានអំពាវនាវទៅដល់ ស្ថានីយ៍ទូរទស្សន៍ទាំងអស់ នៅក្នុងប្រទេសកម្ពុជា ឱ្យដាក់អក្សររត់នៅលើកញ្ចក់ទូរទស្សន៍របស់ ខ្លួន ដើម្បីប្រាប់ដំណឹងនេះទៅកាន់ប្រជាពលរដ្ឋ ជាពិសេសចំពោះអ្នកដែលកំពុងស្វះស្វែងរកទិញ ខុនដូ។

សូមបញ្ជាក់ថា បុរសខ្លាំង ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ក៏បានស្នើដល់ក្រុមហ៊ុន ដែលធ្វើការ អភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ពិនិត្យលទ្ធភាព ក្នុងការបញ្ចុះតម្លៃជូនប្រជាពលរដ្ឋ ដែលមានតម្រូវការផ្ទះជាចាំបាច់ ខណៈដែល រាជរដ្ឋាភិបាលសម្រេចលើកលែងពន្ធប្រថាប់ត្រា ចំពោះផ្ទះដែលមានតម្លៃ៧ម៉ឺនដុល្លារចុះក្រោម រយៈពេល១ឆ្នាំផងដែរ។

ការដាក់ចេញគោលនយោបាយមិនយកពន្ធប្រថាប់ត្រានេះ បានធ្វើឡើងដើម្បីទប់ទល់ជាមួយផល ប៉ះពាល់មកលើផ្នែកសេដ្ឋកិច្ចកម្ពុជា ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី ក៏ដូចជាផលប៉ះពាល់មួយ ចំនួនដែលអាចបណ្តាលមកពីការព្យួរ២០ភាគរយ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger