សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, February 12, 2020

រហូតមកដល់ម៉ោង១១និង៨នាទីថ្ងៃទី១២កុម្ភះនេះ សហភាពអឺរ៉ុបមិនទាន់សម្រេចផ្តាច់EBAនៅឡើយទេ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


រហូតមកដល់ម៉ោង១១និង៨នាទីថ្ងៃទី១២កុម្ភះនេះ សហភាពអឺរ៉ុបមិនទាន់សម្រេចផ្តាច់EBAនៅ ឡើយទេ ខណះ សម្តេចនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អំពាវ​នាវ​ទៅ​ពលរដ្ឋ​កុំ​ឱ្យ​«តក់​ស្លុត»​ទៅ​នឹង​ការ​កាត់​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ដែល​ផ្ដល់​ឱ្យ​ដោយ​សហភាព​អឺរ៉ុប​នោះ​ឡើយ។
មេដឹកនាំក​ម្ពុជា​រូប​នេះ បាន​ថ្លែង​ដូច្នេះ​អំឡុង​ពិធី​បើក​ការដ្ឋា​នសាង​សង់​ផ្លូវ​ជាតិ​លេខ ២​ឡើង​វិញ​នៅ​ថ្ងៃ​ម្សិលមិញ តែ​មួយ​ថ្ងៃ​មុន​សហភាព​អឺរ៉ុប​ធ្វើ​សេចក្ដី​សម្រេច ​ជុំ​វិញ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម«​អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» EBA ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ស្អែក​នេះ។

សម្តេច ហ៊ុន សែន ថ្លែងថា៖ «កម្ពុជាសុខចិត្តទទួលទណ្ឌកម្មនយោបាយ និងសេដ្ឋកិច្ចពីប្រទេសក្រៅ លើកនេះហេតុអ្វីបានជាមិនហ៊ានលេង មិនមែនជាសារនយោបាយផ្ចាញ់ផ្ចាលទេ ក៏ប៉ុន្តែ អំពាវនាវឱ្យពលរដ្ឋរបស់យើងកុំឱ្យមានការតក់ស្លុតឱ្យសោះ ប្រទេសរបស់យើង យើងជាម្ចាស់ប្រទេស យើងត្រូវមានលទ្ធភាពដោះស្រាយបញ្ហារបស់យើង»
សម្តេច ហ៊ុន សែន បាន​បញ្ជាក់​ថា រោងចក្រមួយចំនួននឹងបិទទ្វា​នៅខែក្រោយ ប៉ុន្តែ សម្តេចថា ការបិទទ្វានោះ មិនជាប់ពាក់ព័ន្ធទៅនឹងចំណាត់ការរបស់សហភាពអឺរ៉ុបលើបញ្ហា EBA ទេ គឺដោយសាររោងចក្រខ្វះវត្ថុធាតុដើម​នាំចូលពីប្រទេសចិន ដែលចិនពេលនេះ កំពុងបិទការផលិត ទប់ស្កាត់ការឆ្លងមេរោគរលាកផ្លូវដង្ហើមថ្មី ហៅថា កូរ៉ូណាវីរុស។
សម្តេច ហ៊ុន សែន ថ្លែង​បន្ត​ថា៖ «រឿង EBA បើទោះបីគេដកទាំងស្រុង ឬផ្នែកខ្លះ ក៏គង់ទៅដល់ខែ៨ ឯណោះ បានវាចាប់ផ្តើម។ អ៊ីចឹង វាអត់មានទេ ហើយកុំឆ្កួតៗ និយាយរួម គឺពួកអាពុលក្តួចភ័យខ្លាច ឮតែ EBA ភ័យ តែអត់ដឹងថា អា EBA ជាស្អី»
នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ដែរ សមាគមរោងចក្រកាន់ដេរកម្ពុជា ហៅ GMAC បាន​បង្ហាញ​ជំហរ​ដូច​គ្នា​ទៅ​នឹង​អ្វី​ដែល​សម្តេច ​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​នេះ​ផង​ដែរ​ ជុំ​វិញ​ដំណើរ​វិវត្ត​ថ្មីៗ​នៃ​វិស័យ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា។
GMAC បាន​អះ​អាង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា រោងចក្រមួយចំនួនអាចនឹងបិទទ្វារយៈពេល១ ឬ ២​ខែ ដែលខ្លះចាប់ពីចុងខែកុម្ភៈនេះទៅ ​ដោយសារកង្វះខាតវត្ថុធាតុដើម ដែល GMAC ថា ៦០ភាគរយ ត្រូវបាននាំចូលពីប្រទេសចិន។
អគ្គលេខាធិការ GMAC លោក កេន លូ បាន​ប្រាប់​ថា លោក​មិន​ទាន់​អាច​បញ្ជាក់​បាន​អំពី​ចំនួន​រោងចក្រ​ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្អាក​ដំណើរការ​ផលិត​កម្ម​របស់​ពួកគេ​នោះ​ទេ ព្រម​ទាំង​រយៈ​ពេល​នៃ​ការផ្អាក​ដំណើរការ​ផលិត​កម្ម​នោះ​ឡើយ។
នៅថ្ងៃទី១២ ខែកុម្ភៈ នេះ សហភាពអឺរ៉ុបនឹងប្រកាសចុងក្រោយថា តើត្រូវព្យួរ ឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា បន្ទាប់​ពី​អឺរ៉ុប​បាន​ទាមទារ​ឱ្យ​កម្ពុជា​ស្ដារ​​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។
នៅ​ពេល​ត្រូវ​បាន​សាក​សួរ​ថា តើ​ស្ថានភាព​បច្ចុប្បន្ន​នៃ​រោងចក្រ​កាត់​ដេរ​កម្ពុជា មួយ​ផ្នែក​បណ្ដាល​មក​ពី​ភាព​មិន​ច្បាស់​លាស់​នៃ EBA ឬ​យ៉ាង​ណា​នោះ លោក កេន លូ បាន​ច្រាន​ចោល​នូវ​ការ​លើក​ឡើង​នេះ។
លោក កេន លូ ប្រាប់​ថា៖ «បញ្ហាចំពោះមុខនៅខែ៣ អាចមានរោងចក្រមួយចំនួនត្រូវព្យួរការងារ​ មកពីអត់មានវត្ថុធាតុដើម។ អ៊ីចឹង យើងចង់ឆ្លើយថា បញ្ហាអត់មានវត្ថុធាតុដើម មិនមែនជាបញ្ហា EBA ទេ គឺថា ទាំងស្រុងមកពីកូរ៉ូណាវីរុស»
ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពាណិជ្ជកម្ម​​របស់​សហភាព​អឺរ៉ុប បាន​ផ្ដល់​សិទ្ធិ​ឱ្យ​កម្ពុជា​នាំ​ចូល​ទំនិញ​គ្រប់​យ៉ាង​ចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ដោយ​រួចផុត​​ពី​កាតព្វកិច្ច​បង់​ពន្ធ។
យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន Nikkei Asia Review កម្ពុជា​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ​សម្លៀក​​បំពាក់​មាន​តម្លៃ​ដល់​ទៅ ៤.៦​ពាន់​លាន​ដុល្លារ​ ទៅ​កាន់​ពី​​ទីផ្សារ​សហភាព​អឺរ៉ុប​នៅ​ក្នុង​រយៈ​ពេល១១​ខែ​ឆ្នាំ​មុន។
ប្រសិន​បើ​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ EBA រាល់​ទំនិញ​នាំ​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​សហភាព​អឺរ៉ុប នឹង​ត្រូវ​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​គយ​ក្នុង​អត្រា​ចន្លោះ​ពី៨ភាគរយ ទៅ១៧​ភាគរយ៕



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger