សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, June 22, 2020

លោកហ៊ុន សែន ចាត់ទុកក្រុមជនរិះគន់ ការទិញរថយន្ត យោធា២៩០គ្រឿង ពីប្រទេសចិន ជា«សត្វតិរច្ឆាន»!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(កណ្ដាល)៖ លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានប្រតិកម្មធ្ងន់ៗ ទៅលើក្រុមជនមួយក្ដាប់តូចដែលរិះគន់ ការទិញរថយន្ដយោធា២៩០គ្រឿងថា ដើម្បីពង្រឹងអំណាចបុគ្គល និងបក្ខពួក ហើយលោកបានហៅក្រុមទាំងនោះថាជា «សត្វតិរច្ឆាន» មិនដែលគិតផលប្រយោជន៍ជាតិនោះទេ។
ក្នុងឱកាសអញ្ជើញចុះពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះនៅខេត្តកណ្តាល លោក ហ៊ុន សែន បានអះអាងថា ការសម្រេចទិញរថយន្ដយោធាទាំងអស់នេះ គឺដើម្បីតែផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ហើយការបញ្ជាទិញនេះទៀតសោត មិនបានប្រើប្រាស់ថវិកា របស់ជាតិនោះឡើយ ពោលគឺជា«ថវិការបស់សប្បុរសជន» សុទ្ធសាត។
លោក ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំបញ្ជាក់ឡើងវិញថាយើងអត់បាន ប្រើប្រាស់ថវិការដ្ឋសូម្បីមួយសេន ប៉ុន្ដែនយោបាយរបស់ខ្ញុំ គឺឃឿនការពារជាតិរបស់ប្រជាជន ចឹងមិនមែនជារឿងថ្មីនេះ ដែលហ៊ុន សែនបានធ្វើរឿងនេះជោគជ័យខ្លាំងណាស់ [...] ប្រសិនបើគេ មិនមែនជាតិរច្ឆានទេ គេគួរតែសប្បាយចិត្តថា រថយន្ដដែលបានបំពាក់ឲ្យកម្លាំងប្រដាប់អាវុធនេះ វាជាមធ្យោបាយជាតិ មិនគ្រាន់តែការការពារជាតិទេ តែការដឹកជញ្ជូននេះ ដឹកជញ្ជូនមនុស្ស ឬក៏ត្រូវដឹកជញ្ជូនទៅសង្គ្រោះនៅកន្លែងណាមួយ ដឹកកងទ័ពទៅសង្គ្រោះបន្ទាន់នៅកន្លែងណាមួយ គឺសុទ្ធតែត្រូវការរថយន្ដទាំងអស់»

លោក ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា ការទិញរថយន្ដនេះ គឺប្រើប្រាស់ថវិកាប្រមាណ២០លាន ដុល្លារ ដែលជាការបរិច្ចាគ របស់សប្បុរជន ដើម្បីបម្រើប្រាស់ជាមធ្យោបាយឲ្យកងកម្លាំងប្រដាប់ អាវុធកម្ពុជា ហើយលោកបង្ហាញគោលជំហរថា ចង់បំពាក់សម្ភារឲ្យកងកម្លាំងប្រដាប់អាវុធច្រើន ជាងនេះទៀត។

បើតាមប្រសាសន៍របស់លោក នាយករដ្ឋមន្ដ្រី ការទិញរថយន្តយោធា២៩០គ្រឿងនេះ ផ្តើមចេញពី ការបាក់ទំនប់វារីអគ្គិសនី នៅប្រទេសឡាវ ហើយពេលនោះយោធភូមិភាគទី១ បានចល័តកម្លាំង ជាង១ពាន់នាក់ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ តែពេលនោះជួបការលំបាកមធ្យោបាយដឹកជញ្ជូន កម្លាំង និងដឹកជញ្ជូនប្រជាពលរដ្ឋ។

លោក ហ៊ុន សែន បានអះអាងថា ការបញ្ជាទិញរថយន្ដនេះធ្វើឡើងតាំងពីខែមិថុនា ឆ្នាំ២០១៩ ហើយត្រូវមកដល់ប្រទេសកម្ពុជា អំឡុងខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្ដែដោយសារផ្ទុះឡើងជំងឺកូវីដ១៩ ទើបដឹកបញ្ជូនមកដល់យឺតជាងការគ្រោងទុក។

សូមរំលឹកថា រថយន្តយោធាដែលកម្ពុជាទិញពីចិនចំនួន ២៩០គ្រឿង ត្រូវបានចែកជូនដល់បណ្តា ស្ថាប័ន អង្គភាពនៃកង យោធពលខេមរភូមិន្ទ និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ ដើម្បីប្រើប្រាស់ជាផលប្រយោជន៍ជាតិ និងប្រជាជនទូទាំង ប្រទេស៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger