សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, January 30, 2020

ហ៊ុន សែន៖ ជំងឺដែលកម្ពុជាកំពុងជួបប្រទះពិតប្រាកដ មិនមែនជំងឺផ្លូវដង្ហើមកូរ៉ូណាទេ ប៉ុន្តែ ជាជំងឺភ័យខ្លាច !

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ជំងឺដែលកម្ពុជាកំពុង ជួបប្រទះពិតប្រាកដនាពេលនេះ មិនមែនជាងជំងឺរលាកផ្លូវដង្ហើមថ្មីដែលបង្កឡើងដោយវីរុស កូរ៉ូណា (Coronavirus) នោះទេ ប៉ុន្តែគឺជាជំងឺភ័យខ្លាច ដែលកើតឡើងតាមរយៈការបំពុល ព័ត៌មាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងអំឡុងពេលថ្លែងសារទៅកាន់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ ពាក់ព័ន្ធនឹងជំងឺផ្លូវ ដង្ហើមថ្មីកូរ៉ូណានៅក្នុងប្រទេសកម្ពុជា។
សម្តេចតេជោបានថ្លែងយ៉ាងដូច្នេះថា៖ «បញ្ហាដែលចោទឡើងប៉ុន្មានថ្ងៃនេះ តើអ្វីទៅជាបញ្ហា ពិតប្រាកដ តើប្រទេសយើងកំពុងមានជំងឺអ្វីទៅ? ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះបញ្ជាក់ ជូនថា ជំងឺពិតប្រាកដដែលបាននិងកំពុងកើត នៅក្នុងប្រទេសរបស់យើង គឺជំងឺភ័យខ្លាច មិនមែនជាជំងឺវីរុសកូរ៉ូណាថ្មី ដែលបានកើតចេញពីទីក្រុងវូហាន នៃប្រទេសចិននោះទេ»

កម្ពុជាបានរកឃើញករណីឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានចាកចេញពីក្រុងវូហាន ប្រទេសចិន ដែលជាក្រុងផ្ទុះជំងឺ មុនគេ ហើយមកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ ជនជាតិចិនម្នាក់ដែលឆ្លងជំងឺនេះមានឈ្មោះ ចា ជិនហូរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយក្រុមគ្រួសារ៣នាក់ទៀត។

ទោះជាយ៉ាងនេះក្តី រហូតមកដល់ពេលនេះ ស្ថានភាពជនជាតិចិនដែលផ្ទុកជំងឺផ្លូវដង្ហើមថ្មី ហើយ ដាក់ឱ្យសម្រាកនៅបន្ទប់ដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនោះ កំពុងមានសុ ខភាពល្អធម្មតា និងកាន់តែប្រសើរជាងមុន ដោយមិនមានអ្វីធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះឡើយ ខណៈដែលក្រុមគ្រួសាររបស់គាត់ទាំង៣នាក់ ពុំមានរោគសញ្ញានៃមេរោគកូរ៉ូណានោះទេ។

សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា តើរហូតមកដល់ពេលនេះ មានមនុស្សណាម្នាក់ នៅក្នុងប្រទេសកម្ពុជា បានស្លាប់ដោយជំងឺរលាកផ្លូវដង្ហើមថ្មីនៅក្នុងទឹកដីកម្ពុជាហើយឬនៅ? ចុះម្តេចហេតុអ្វីបានមានពលរដ្ឋខ្មែរមួយចំនួនមានសម្ពាធផ្លូវអារម្មណ៍ខ្លាំងម្ល៉េះ? ដូច្នេះជំងឺពិត
ប្រាកដគឺជាជំងឺភ័យខ្លាចហួសហេតុដែលហួសពីការពិត បន្ថែមដោយការបំពុលព័ត៌មានដែល ខ្វះការទទួលខុសត្រូវ ដែលជាប្រភេទនៃការបំពុលសង្គម។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជំងឺបែបនេះមិនមែនជាជំងឺថ្មីនៅក្នុងតំបន់ និងពិភពលោក ទេ។ សម្តេចតេជោ ហ៊ុន សែន បានពន្យល់ដល់ប្រជាពលរដ្ឋកុំឱ្យធ្លាក់ ក្នុងសង្រ្គាមចិត្តសាស្រ្ត ដែលនាំរហូតដល់បាត់បង់ជំនឿចិត្តលើខ្លួនឯង និងប្រទេសខ្លួនឯង ក្នុងការការពារខ្លួននោះទេ។ វិធានការល្អបំផុតគឺ ការពារប្រសើរជាងព្យាបាល នោះជាវិធីសាស្រ្តល្អបំផុត។

សម្តេចតេជោ ក៏បានស្តីបន្ទោសចំៗ ទៅដល់អ្នកសារព័ត៌មានដែលគ្មានជំនាញវិជ្ជាជីវៈ និងអ្នក លេង Facebook មួយចំនួន ដែលបានផ្សព្វផ្សាយអំពីជំងឺផ្លូវដង្ហើមថ្មី ដោយមិនមានប្រភពច្បាស់ លាស់ បណ្តាលឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ។ សម្តេចបានបង្គាប់ដល់ក្រសួងព័ត៌មាន ឱ្យត្រួតពិនិត្យមើលវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន និងមានវិធានការចំពោះការផ្សព្វផ្សាយព័ត៌មាន ក្លែងក្លាយ ខណៈដែលប្រទេសម៉ាឡេស៊ីមានការចាប់ខ្លួនចំពោះអ្នកផ្សព្វផ្សាយព័ត៌មានក្លែង ក្លាយនេះ ព្រមទាំងពិន័យប្រាក់យ៉ាងធ្ងន់ធ្ងរផងដែរ។

ពាក់ព័ន្ធនឹងផ្ញើសារ និងផ្សព្វផ្សាយព័ត៌មានមិនពិតអំពីជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណានេះ កម្ពុជាក៏បានហៅ មនុស្សមួយចំនួនមកណែនាំផងដែរ ក្នុងនោះមាននៅខេត្តសៀមរាប និងខេត្តពោធិ៍សាត់ផងដែរ។ បន្ទាប់ពីធ្វើកិច្ចសន្យាពួកគេត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកអ្នកសារព័ត៌មានដែលផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ (Fake News) នេះមិនត្រូវបាននាំខ្លួន នៅឡើយទេដូចជា លោក សយ សុភាពកាសែតដើមអម្ពឹល និងលោក ឈឿន សូឡា ហៅ KO1 TV Online KO1 ជាដើម៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger