(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
បានថ្លែងថា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ
សម្តេចនឹងត្រូវអញ្ជើញទៅកាន់សហរដ្ឋអាមេរិក
ដើម្បីចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន-អាមេរិក។
ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និង២២
នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា
ក្នុងដំណើរទៅកាន់សហរដ្ឋអាមេរិក លើកនេះ
សម្តេចក៏នឹងជួបប្រជុំជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ។ លើសពីនេះ
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សម្តេចក៏អាចនឹងមានលទ្ធភាពវាយកូន ហ្គោល
នៅលើទឹកដីឡាសវេហ្កាសទៀតផង។សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ៖ «ថ្ងៃទី១៤ ខែមីនាខាងមុខនេះ ការប្រជុំអាស៊ាន-អាមេរិក នៅឡាសវេហ្កាស ខ្ញុំសុំផ្តាំទៅប្រជាពលរដ្ឋខ្មែរនៅអាមេរិកថា ខ្ញុំនឹង ទៅដល់ឡាសវេហ្កាសនៅថ្ងៃទី១២ ខែមីនា។ ថ្ងៃទី១៣ អាចមានលទ្ធភាពវាយកូនហ្គោល នៅឡាសវេហ្កាស ដែនដីអាមេរិតែម្តង។ ថ្ងៃទី១៤ប្រជុំ ថ្ងៃទី១៥ជួបពលរដ្ឋខ្មែរ ថ្ងៃទី១៦ បានខ្ញុំ ចាកចេញ ហើយពេលនោះ ខ្ញុំក៏នឹងជួបប្រជុំជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែម្តង...»។
គួររំលឹកថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើលិខិតអញ្ជើញមួយច្បាប់ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីអញ្ជើញសម្តេចទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក ដែលនឹងធ្វើឡើងនៅ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅឆមាសទីមួយ ឆ្នាំ២០២០ ខាងមុខនេះ។ លិខិតអញ្ជើញរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានយកប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយ លោក Patrick Murphy អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅវិមានសន្តិភាព នាល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩៕
0 comments:
Post a Comment