ក៏ប៉ុន្តែសំណួរក៏កើតឡើងភ្លាមៗផងដែរថា«តើលោក សម
រង្សុីនឹងត្រឡប់មកកម្ពុជាវិញនៅ ឆ្នាំ២០២០ នេះជោគជ័យដែរឬទេ?»។
លោក សម រង្ស៊ី
សរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា ក្រុមការងារអតីតគណបក្សរបស់លោក កំពុងរៀបចំគម្រោងវិលចូលប្រទេសកម្ពុជាជាថ្មីម្តងទៀតនៅឆ្នាំ ២០២០។ ទោះយ៉ាងណាក៏ដោយក្នុងសំណេរនោះ
លោក សម រង្ស៊ី មិនបានបញ្ជាក់ពីពេលវេលា ដែលត្រូវត្រឡប់មកកម្ពុជាវិញនោះទេ។
មេដឹកនាំអតីតគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅបរទេសរូបនេះ នៅតែអះអាងថា
គម្រោងវិលត្រលប់ចូលទឹកដីកម្ពុជាវិញកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាជោគជ័យ បើទោះណាជាលោកមិនបានជាន់ទឹកដីកម្ពុជាយ៉ាងណាក្តី។
លោក សម រង្ស៊ី
ថាវាជាជ័យជំនះព្រោះបង្ហាញពីភាពក្លាហាន និងការប្តេជ្ញាចិត្តរបស់លោក ហើយបង្ហាញពីភាពភ័យខ្លាចរបស់លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ដែលបិទគ្រប់ច្រកល្ហកមិនឱ្យលោកចូលកម្ពុជា រួមទាំងរបៀបរបបនៃការដឹកនាំរបស់លោក
ហ៊ុន សែន ផងដែរ។ លោក បន្តថា
វាក៏ជាជ័យជំនះសម្រាប់លោកលើផ្លូវនយោបាយ និងចិត្តសាស្ត្រក្នុងសមរភូមិសារព័ត៌មាន
និង សាធារណៈមតិអន្តរជាតិ ក៏ដូចជាជ័យជំនះផ្នែកទូតនៅក្នុងសហគមន៍អាស៊ានផងដែរ។
ក្រៅពីនេះ លោក សម រង្ស៊ី ក៏មានសុទិដ្ឋិនិយមផងដែរថា ព្រឹត្តិការណ៍ថ្ងៃ៩
ខែវិច្ឆិកា ជាការបង្ហាញថា
អតីត គណបក្សសង្រ្គោះជាតិនៅតែរឹងមាំ
បើទោះបីជាត្រូវបានរំលាយចោលហើយយ៉ាងណាក្តី។
លោក សម រង្ស៊ី លើកឡើងថា កត្តាទាំងអស់នេះហើយជាមូលហេតុជំរុញឱ្យក្រុមរបស់លោកត្រៀមរៀបចំមាតុភូមិនិវត្តន៍ម្តងទៀត ដោយថានឹងសម្រេចឱ្យទាល់តែបានក្នុងឆ្នាំ២០២០នេះ។
ក្នុងគម្រោងវិលត្រលប់ចូលប្រទេសកម្ពុជាវិញកាលពីថ្ងៃទី៩
ខែវិច្ឆិកា ឆ្នាំ២០១៩
លោក សម រង្ស៊ី មិនបានឈានជើងជាន់ទឹកកម្ពុជានោះទេ លោកបានត្រឹមតែចូលក្នុងប្រទេសជាសមាជិកអាស៊ានមាន
ម៉ាលេស៊ី និងឥណ្ឌូនេស៊ី
តែប៉ុណ្ណោះ។ លោក សម រង្ស៊ី ថាកាលពីពេលនោះ
លោក មានគម្រោងឆ្លងកាត់ទឹកដីថៃដើម្បីធ្វើដំណើរបន្តមកចូលមកកម្ពុជា ប៉ុន្តែ
លោកថា រដ្ឋាភិបាលថៃ ត្រូវរ៉ូវជាមួយរដ្ឋាភិបាលកម្ពុជា មិនឱ្យលោកប្រើប្រាស់ទឹកដីខ្លួន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក
សុខ ឥសាន មានប្រសាសន៍យ៉ាងខ្លីថា
មិនមានអ្នក ណាចាប់អារម្មណ៍នឹងលោក សម រង្ស៊ី នោះទេ ដោយសារលោកនិយាយភូតប្រជាពលរដ្ឋច្រើន ដងហើយ។
លោកមានប្រសាសន៍ថា៖ «មនុស្សហ្នឹងភូត ដូច្នេះហើយគ្មានអ្នកណាចាប់អារម្មណ៍ជាមួយគាត់ទេ ខ្ញុំអត់និយាយដល់មនុស្សហ្នឹង
[លោក សម រង្ស៊ី] ពីព្រោះមនុស្សហ្នឹងត្រូវសង្គមកម្ពុជា ប្រជាពលរដ្ឋ កម្ពុជាទូទាំងប្រទេសគេបដិសេធហើយ
មិនស្វាគមន៍ទេ ចប់ហើយ អត់មានអ្នកណាគិតគូរគាត់ទេ សូមកុំសួររឿងហ្នឹង»។
អ្នកវិភាគនយោបាយ លោក ឯម
សុវណ្ណរ៉ា មានប្រសាសន៍ថា ការប្រកាសធ្វើមាតុភូមិនិវត្តន៍របស់ លោក សម រង្ស៊ី
ជាថ្មីទៀតនោះ ដោយសាររូបលោកបានធ្វើការងារទូតជាមួយប្រទេសមហា អំណាចមួយចំនួនរួចហើយ។
លោកបន្តថា បើលោក
សម រង្ស៊ី ត្រឡប់មកកម្ពុជា នឹងចំនេញ ផ្នែកនយោបាយ។
លោកថា៖
«បើគាត់មក គាត់ចំនេញ [នយោបាយ] ពាក់ព័ន្ធនឹងការផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋ ដែលគាំទ្របក្សប្រឆាំងឱ្យកាន់តែសកម្មជាងមុន បើសិនជាគាត់មិនមកទេ
ពលរដ្ឋដែលគាំទ្រគាត់ មិនសូវសកម្ម»។
ក្នុងគម្រោងមាតុភូមិនិវត្តន៍របស់លោក
សម រង្ស៊ី
សកម្មជន និងអតីតមន្រ្តីគណបក្សសង្រ្គោះជាតិមួយចំនួនត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយសារតែពួកគេចូលរួម និងគាំទ្រគម្រោងនេះ។
គិតត្រឹមថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាង
៨០នាក់ ត្រូវបានចាប់ខ្លួន
និងចោទប្រកាន់ពីបទ «រួមគំនិត» នៅក្នុងអ្វីដែលអាជ្ញាធរកម្ពុជាហៅថា «ការប៉ុន ប៉ងផ្ដួលរំលំរដ្ឋាភិបាល» ប៉ុន្តែ ពួកគេទាំងនោះត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន វិញកាលពីថ្ងៃទី១៤ ខែវិច្ឆិកា
ឆ្នាំដដែល។ ដូច្នេះមានតែរងចាំមើលទាំងអស់គ្នាតែប៉ុណ្ណោះ៕
0 comments:
Post a Comment