សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, June 10, 2020

មន្ត្រីសង្គមសុីវិលចាត់ទុកលោក ហ៊ុន សែនតែងតាំងកូនប្រុស ខុសច្បាប់យោធា និងច្បាប់គណបក្ស!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី




លោក គល់ បញ្ញាទីប្រឹក្សា​អង្គ​ការ​ខុ​មហ្វ្រែលបានចាត់ទុកករណី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដំឡើង​តួនាទី​កូនប្រុស​​ដែល​កាន់ការ​ងារ​កងទ័ព ឱ្យ​មាន​តួនាទី​កាន់តែ​ខ្ពស់​នៅក្នុង​គណបក្ស​ប្រជាជនកម្ពុជាគឺ«រំលោភ​លើច្បាប់​កងទ័ព និង​ច្បាប់​គណបក្ស​នយោបាយ»
លោក គល់ បញ្ញា បាន​សរសេរ​សារ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃនេះ ​ដោយ​ភ្ជាប់​ជាមួយ​លិខិត​តែងតាំង លោក ហ៊ុន ម៉ា​ណែត ថា៖ ​«រំលោភច្បាប់​កង​យោធពល​ខេមរភូមិន្ទ និងច្បាប់​គណបក្ស​នយោបាយ អំពី​អព្យាក្រឹត្យភាព​ ឥត​លំអៀង​ដាច់ខាត និងធ្វើឱ្យបាត់បង់កិត្យានុភាព( Credibility) នៃ​វិជ្ជាជីវៈ​កងទ័ព ដែលមេបញ្ជាការ​កងទ័ព​រូប​នេះ ​ធ្វើជា​មន្ត្រី​ទទួលបន្ទុក និងបម្រើ​សកម្មភាព​ការងារ​របស់​គណបក្ស​មួយ​បែបនេះ»

ក្រៅពី​តួនាទី​ក្នុង​គណបក្សប្រជាជន​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត ក៏​មាន​តួនាទី​ធ្វើជាអគ្គ​មេបញ្ជាការ​រងនៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ទៀតផង។

អ្នកវិភាគ​នយោបាយ លោក ឡៅ ម៉ុង​ហៃ ហៅ​ការដំឡើង​ឋានៈ​ដល់​លោក ហ៊ុន ម៉ា​ណែ​ត ថា ធ្វើឱ្យ​ប៉ះពាល់​ដល់​អព្យាក្រឹត្យភាព​កងទ័ព និង​រំលោភ​រដ្ឋធម្មនុញ្ញ ហើយ​ធ្វើឱ្យប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដើរថយក្រោយ​ផង​ដែរ។

លោក​មានប្រសាសន៍​ថា៖ «ការរៀបចំ​អញ្ចឹង ​វា​មិន​មាន​ប្រជាធិបតេយ្យ​អ្វី​នោះ​ទេ ហើយ​មួយទៀត​ ប្រសិនបើ​តែងតាំង​តែ​កូនចៅ​ខ្លួន​ឯង​ អ៊ីចឹង​ក៏​ប៉ះពាល់​ទៅដល់​ប្រជាធិបតេយ្យ​ក្នុង​ការ​ជ្រើសរើស​ប្រជាពលរដ្ឋ​ឱ្យ​ទៅ​ដឹកនាំ​ប្រទេស»

អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន មានប្រសាសន៍​ថា សេចក្ដីសម្រេច​របស់​គណបក្ស​ប្រជាជនកម្ពុជាត្រូវ​បាន​ធ្វើឡើង​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​បក្ស ដោយសារ​លោក ហ៊ុន ម៉ា​ណែ​ត មានសមត្ថភាព ​និង​ចំណេះដឹង​គ្រប់គ្រាន់​ក្នុង​ដំណែង​ថ្មី​បន្ថែម​នោះ។

លោក សុខ ឥសាន បាន​ឆ្លើយតប​ទៅ​អ្នករិះគន់​ទាំងឡាយ​ថា ជាសកម្ម​ភាព​របស់​ក្រុមប្រឆាំង​ចង់​បំបែកបំបាក់​ផ្ទៃក្នុង​បក្ស​កាន់អំណាច។

លោក សុខ ឥសាន ប្រាប់​ថា៖ «អ្នក​ដែល​ប្រឆាំង​ដែល​និយាយល្អ​ពី​គណបក្សប្រជាជន​ពីកាលណា​មក! ជួនណា​អត់មាន​បញ្ហា​កើតមាន​ផល បង្កើត​បញ្ហា​ដើម្បី​លាប​ពណ៌ឱ្យគណបក្សប្រជាជន ក្នុង​គោលបំណង​បំបែកបំបាក់​ផ្ទៃក្នុង​របស់​គណបក្សប្រជាជន​កម្ពុជា។ ទីពីរ​ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ គាត់​យល់​ច្រឡំ​ពី​គណបក្សប្រជាជន​កម្ពុជា ក៏ប៉ុន្តែ​ ក្នុងរយៈពេល​ជិត ៣០ឆ្នាំ​ហើយ ដែល​ក្រុមប្រឆាំង​ធ្វើ​នេះ សួរ​ថា ​វា​បាន​ប្រយោជន៍អ្វី​ខ្លះ វា​អត់​បាន​ប្រយោជន៍អ្វី​ទេ គណបក្សប្រជាជន​នៅតែ​រឹងមាំ នៅតែ​ទៅមុខ ហើយ​កាន់អំណាច​ជាប់​ជា​និច្ច»

លោក ហ៊ុន ម៉ា​ណែ​ត អាយុ ៤២ឆ្នាំ ក៏​ជាស​មា​ជិ​កមួយ​រូប​ក្នុងចំណោម​សមាជិក ៣៤រូប​ នៅក្នុង​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​គណបក្សប្រជាជន​កម្ពុជា​ផង​ដែរ។ ជា​អ្នក​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា​យោធា​អាមេរិក West Point លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​ដំឡើង​ឋានន្តរសក្តិ​ពី​ឧត្ដមសេនីយ៍​ទោ ​នៅ​ឆ្នាំ២០១១ ក្នុង​អាយុ ៣៤ឆ្នាំ ទៅជា​ឧត្ដមសេនីយ៍ឯក​ផ្កាយ៣ នៅក្នុង​រយៈពេល ២ឆ្នាំក្រោយ​មក។

ក្នុងរយៈពេល​មិនដល់ ១ខែ​ផង​ មុន​ការបោះឆ្នោតថ្នាក់​ជាតិ​នៅ​ខែកក្កដា ​ឆ្នាំ២០១៨ លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​ដំឡើង​ទៅជា​អគ្គ​មេបញ្ជាការ​រង​កងទ័ព និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ ដោយលោក ហ៊ុន សែនដកមេទ័ពជើងចាស់ចោលមាន លោក ប៉ុល សារឿន លោក គន់ គីម និងលោក មាស សុភាហើយដាក់លោក ហ៊ុន ម៉ាណែតជំនួសវិញ៕




0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger