សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, July 5, 2022

នាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យឡានចង្កូតស្តាំបង់ពន្ធបាន ដោយមិនបាច់កែឆ្នៃចង្កូត! បន្ទាប់ពីមានការតវ៉ាពីម្ចាស់រថយន្ត!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ សម្រេច​អនុញ្ញាតឱ្យម្ចាស់​​រថយន្ត​ចង្កូត​ស្ដាំ អាច​បង់ពន្ធបាន ដោយ​មិន​ចាំបាច់ដូរចង្កូតឡើយ។

ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថាការ​អនុញ្ញាតនេះ​សម្រាប់តែរថយន្តចង្កូតស្ដាំដែលធ្វើចរាចរនៅកម្ពុជាប៉ុណ្ណោះ ហើយ​សម្រាប់ការនាំចូលរថយន្ត​ចង្កូតស្ដាំបន្ថែមទៀត គគឺមិនអនុញ្ញាតដាច់ខាត។

ក្នុងកម្មវិធីជួបសំណេះសំណាល​ជាមួយគណៈប្រតិភូកីឡាអាស៊ាន​ប៉ារ៉ាហ្គេម (ASEAN Para Games) នៅថ្ងៃពុធនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កាលពីថ្ងៃម្សិលមិញ មាន​ម្ចាស់រថយន្ត​ចង្កូតស្តាំមួយចំនួនបាននាំគ្នា​តវ៉ានៅ​កំណាត់​ផ្លូវ​ជាតិ​លេខ​២ និង​លេខ​៣ ដោយ​ស្នើ​សុំ​បង់ពន្ធ តែ​សុំមិនដូរ​ចង្កូត។ ករណីនេះ លោក​​បញ្ជាក់ថា លោកយល់ស្រប​ជាមួយនឹងសំណើ​របស់​ពួកគេ ដោយ​តម្រូវ​ឱ្យ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ ដែលមិនទាន់បានបង់ពន្ធអាករទាំងអស់ ត្រូវទៅបង់​ពន្ធ ដោយ​មិន​ចាំបាច់ដូរ​ចង្កូត​រថយន្តទេ។​

លោក​បានថ្លែងថា៖ «អ្នកដែលបានដូរ[ចង្កូត​ស្ដាំ​]ហើយ ដូរឱ្យ​បានចប់ទៅ តែអ្នកដែលមិនទាន់បាន​ដូរ ត្រូវ​​ចូល​មក​បង់​ពន្ធ រួច​ហើយ​ក្រសួងសាធារណការ ត្រូវចេញស្លាក[លេខ]ឱ្យ​គេ តាមកន្លងទៅ រថយន្តចង្កូតស្តាំ​មួយចំនួនបានចូលមកធ្វើការកក់ប្រាក់រួចហើយទៅកែចង្កូត ឥលូវ​អ្នក​ដែល​បាន​កក់​ប្រាក់​ហើយ ហើយ​​​ទៅ​ដូរ​ចង្កូត ដោយ​​មិនទាន់បានដូរ មិនចាំបាច់ដូរទេ ប្រសិនបើមិនទាន់​បាន​ដូរ តែ​​ត្រូវ​ចូល​មក​បង់ពន្ធឱ្យ​បាន​ដាច់ស្រេច»។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ការអនុញ្ញាតនេះធ្វើឡើងសម្រាប់តែ​រថយន្ត​ចង្កូតស្តាំដែលកំពុងចរាចរលើដងផ្លូវនៅក្នុងប្រទេស​កម្ពុជាប៉ុណ្ណោះ ហើយ​សម្រាប់​រថយន្ត​​ចង្កូត​ស្តាំដែលនាំចូល​ថ្មី គឺហាម​ដាច់ខាត​លើការនាំចូល បើទោះជារថយន្តទាំងនោះមក​ដល់​ព្រំដែនក៏ដោយ។

លោក​គូសបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ សុពលភាពរបស់​វា គឺនៅថ្ងៃទី៦ ខែ៧ ឆ្នាំ​២០២២ ចាប់ពីថ្ងៃស្អែកទៅ! រថយន្តដែលនាំចូល​ថ្មីជាចង្កូត​ស្តាំ មិន​បាច់បង់ពន្ធ មិន​បាច់​ដូរចង្កូត គឺចាប់ទាំងអស់»។

បើតាម​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រថយន្តចង្កូត​ស្តាំដែល​មិនទាន់បង់ពន្ធមានចំនួនជាង៦ ០០០គ្រឿង ក្នុងនោះបានកែចង្កូតរួចចំនួន​៤ ០០០គ្រឿង និងមិនទាន់កែចង្កូតមានចំនួន​២ ៥០០គ្រឿង។

កាលពីថ្ងៃម្សិលមិញ ក្រុម​អ្នក​បើកបររថយន្ត​​ចង្កូត​ស្តាំ​ប្រមាណ២០០នាក់បាន​ប្រមូល​ផ្ដុំគ្នា​​តវ៉ា ​ដោយ​បិទ​ផ្លូវ​សាធារណៈនៅចំណុច​រង្វង់មូល​កួរស្រូវ​ ក្នុង​ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បី​សុំ​គោលការណ៍​បង់ពន្ធ​ធម្មតា តែ​មិន​កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង។

ការតវ៉ារបស់ក្រុមអ្នកបើកបររថយន្តចង្កូតស្តាំនេះ បានធ្វើឡើង​ក្រោយពី​យុទ្ធនាការ​​ប្រមូល​ពន្ធនិង​អាករ​នាំចូល​លើ​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុងប្រទេស បាន​ផុតកំណត់​នៅ​ថ្ងៃទី៣០ ខែមិថុនា ហើយ​ចាប់ពី​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ២០២២តទៅ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បានព្រមានថា​​នឹង​​អនុវត្ត​វិធាន​ការ​​បង្ក្រាប​យ៉ាង​ម៉ឺង​ម៉ាត់ ក្នុងករណី​​បង្ក្រាបបាន​ចំពោះ​រថយន្ត​ចង្កូត​ស្តាំ​ ដែលជា​ប្រភេទ​ទំនិញ​ហាមឃាត់​ការនាំ​ចូល នឹងត្រូវ​កម្ទេចចោល ឬ​ដោះ​បំបែក​ជា​គ្រឿងបន្លាស់​តាម​នីតិវិធី​ជា​ធរមាន៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger