សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, August 26, 2022

លោកប្រាយុទ្ធ ចាន់អូចានិយាយថា លោក​នឹង​បន្ត​ធ្វើ​ជា​រដ្ឋមន្ត្រី​ការពារជាតិ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

នាយករដ្ឋមន្ត្រីថៃដែលត្រូវបានតុលាការធម្មនុញ្ញព្យួរពីតំណែងលោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកនឹងបន្តតួនាទីជារដ្ឋមន្ត្រីការពារជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ។

ការអះអាងបែបនេះធ្វើឡើងនៅក្នុងសុន្ទរកថាជាលើកដំបូងរបស់លោកទៅកាន់សាធារណជន ចាប់តាំងពីតុលាការធម្មនុញ្ញបានបញ្ចប់តួនាទីរបស់លោកជានាយករដ្ឋមន្ត្រី បន្ទាប់ពីតុលាការពិនិត្យមើលរយៈពេលផុតកំណត់នៃអាណត្តិរបស់លោក។

ឧបនាយករដ្ឋមន្ត្រីថៃ លោក ប្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) កំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីស្ដីទី នៃប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុតលំដាប់​ទី២ នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ។

លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយនៅលើគណនី Twitter ផ្លូវការរបស់លោក កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា៖ «ខ្ញុំនឹងបន្តបំពេញភារកិច្ច និងការទទួលខុសត្រូវរបស់ខ្ញុំ ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ សម្រាប់ប្រទេសថៃ និងប្រជាជនថៃជារៀងរាល់ថ្ងៃ»។

កាលពីថ្ងៃពុធ តុលាការធម្មនុញ្ញថៃបានសម្រេចបើកសវនាការលើញត្តិដែលដាក់ដោយគណបក្សប្រឆាំង ដោយលើកហេតុផលថា រយៈពេលដែលលោក ប្រាយុទ្ធ ចាន់អូចា មានតួនាទីជាប្រមុខរបបយោធា បន្ទាប់ពីលោកបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ២០១៤ គួរតែរាប់បញ្ចូលក្នុងរយៈពេលនៃការកំណត់អាណត្តិរបស់លោក។

គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញថៃ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ ៨​ឆ្នាំ។

នៅ​មិន​ទាន់មានភាព​ច្បាស់​លាស់នៅ​ឡើយ ​​ថា​តើ​ពេល​ណា​តុលាការ​នឹង​ចេញ​សេចក្តី​សម្រេច​លើ​ការ​ពិនិត្យមើលរយៈពេលនៃអាណត្តិរបស់លោកនេះនៅឡើយទេ។

ភាពចម្រូងចម្រាសលើការកំណត់អាណត្តិរបស់លោក ប្រាយុទ្ធ ចាន់អូចា គឺជាចំណុចចុងក្រោយបំផុតក្នុងភាពចលាចលនយោបាយរយៈពេលជិតពីរទសវត្សរ៍ ដែលរួមមានរដ្ឋប្រហារចំនួនពីរលើក និងការតវ៉ាដោយហិង្សា ដែលផ្តើមចេញពីការប្រឆាំងទៅនឹងការចូលរួមរបស់យោធានៅក្នុងនយោបាយ។

អ្នកនាំពាក្យរដ្ឋាភិបាល លោក អាន់នុចា ប៊ូរ៉ាប៉ាឆៃស្រ៊ី (Anucha Burapachaisri) បាននិយាយកាលពីថ្ងៃសុក្រថា គណៈរដ្ឋមន្ត្រីនៅតែបន្តដំណើរការជាធម្មតា៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger