សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, August 26, 2022

លោក ស ខេងប្រកាសអាសន្នអំពីការជួញដូរនិងងរត់ពន្ធមនុស្សនៅកម្ពុជា!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃសុក្រនេះបានសរសេរសារនៅលើទំព័រហ្វេសប៊ុក ផ្លូវការរបស់លោកថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជ.ប.ជ)និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមជម្រាបជូនសាធារណជនជាតិ-អន្តរជាតិ ជ្រាបថាក្នុងរយៈ ពេលប្រមាណជាង មួយឆ្នាំមកនេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានទទួលសំណើ និងពាក្យបណ្តឹងពីជនបរទេស និងស្ថាន តំណាងបរទេសប្រចាំកម្ពុជាមួយចំនួន ពាក់ព័ន្ធនឹងការស្នើសុំកិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងការស្នើសុំ ស្រាវជ្រាវស្វែងរកពលរដ្ឋ ដោយបានអះអាងថាជាជនរងគ្រោះនៃអំពើជួញដូរ និងរត់ពន្ធមនុស្ស ដែលជា បទល្មើសដ៏ធ្ងន់ធ្ងរមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង។

បន្ទាប់ពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើសំណើ និងពាក្យបណ្តឹងទាំងនោះ ករណីភាគច្រើន ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបើកប្រតិបត្តិការស្រាវជ្រាវស្វែងរកឃើញ និងជួយសង្គ្រោះបានទាន់ ពេលវេលា ព្រមទាំងបានលើកលែងការផាកពិន័យផ្សេងៗពាក់ព័ន្ធនឹងស្ថានភាពអន្តោប្រវេសន៍របស់ពួកគេ និងបានផ្ដល់ការសម្របសម្រួលនីតិវិធី ដើម្បីបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមការកំណត់ នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។ ជាក់ស្ដែង គិតពីថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានរកឃើញ និងជួយសង្គ្រោះជនបរទេសដែលប្រកាសថា ជនរងគ្រោះ ចំនួន ៨៧ករណី ស្មើនឹងប្រមាណ ៨៦៥នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅ តុលាការចំនួន ១៧ករណី ជនសង្ស័យសរុបចំនួន ៦០នាក់។

ដោយឡែកនាសប្ដាហ៍ទី៤ ខែសីហា ឆ្នាំ២០២២នេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានបើកកិច្ចប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះសរុបចំនួន ០៧ករណី ដោយបានសង្គ្រោះជនរងគ្រោះសរុបចំនួន ២៥នាក់ (មាន ៦ សញ្ញាតិ) និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៣នាក់ (មាន ៤ សញ្ញាតិ) នៅក្នុងខេត្ត ព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ មានករណីសេសសល់បន្ថែមទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាកំពុងបន្តស្រាវជ្រាវ ដើម្បីសង្គ្រោះ និងបង្ក្រាប។

ទន្ទឹមនេះ ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវ និងសួរចម្លើយ រកឃើញថា ពលរដ្ឋបរទេសទាំងនោះ មួយចំនួនធំត្រូវបានក្រុមឧក្រិដ្ឋជនដែលមានមេក្លោងនៅក្នុងប្រទេសរបស់ខ្លួន និងមានបក្ខពួកនៅកម្ពុជា ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ធ្វើការឆបោកឲ្យឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ក្រោមការសន្យាផ្តល់ការងារដែលទទួលបានប្រាក់ឈ្នួលខ្ពស់។ ក៏ប៉ុន្តែជាក់ស្ដែងជនទាំងនោះត្រូវបានចាត់ ឲ្យបម្រើការងារល្បែងស៊ីសងអនឡាញខុសច្បាប់ ហើយបានក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស និង រត់ពន្ធមនុស្ស ដោយត្រូវបានក្រុមឧក្រិដ្ឋជនធ្វើការជួញដូរ ឬផ្ទេរបន្តពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ឬពី ក្រុមមួយទៅក្រុមមួយ ដោយពុំមានការព្រមព្រៀងពីសាមីខ្លួន ហើយករណីខ្លះទៀតត្រូវទទួលរងនូវអំពើហិង្សា និងការគំរាមកំហែងផ្សេងៗ ប្រសិនមិនអនុវត្តតាមការបង្គាប់បញ្ជាពីក្រុមឧក្រិដ្ឋជន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខ្ញុំពិតជា មានការសោកស្តាយ និងសូមថ្កោលទោសចំពោះអំពើដ៏អមនុស្សធម៌ទាំងនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណ និងស្វាគមន៍ចំពោះការផ្តល់ព័ត៌មានផ្សេងៗ ពីសំណាក់បុគ្គល និងស្ថានតំណាងបរទេសប្រចាំកម្ពុជា នាពេលកន្លងមកពាក់ព័ន្ធទៅនឹងករណីខាងលើនេះ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជា។

កាលពីពេលថ្មីៗនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញផែនការ ប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់អំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ព្រមទាំងបានបង្កើត “គណៈបញ្ជាការដឹកនាំប្រតិបត្តិការ ដើម្បីធ្វើជាសេនាធិការក្នុងការដឹកនាំ និងបញ្ជ ដោយផ្ទាល់នូវប្រតិបត្តិការបង្ក្រាប និងជួយសង្គ្រោះជនរងគ្រោះ។ ក្នុងន័យនេះ ខ្ញុំសូមធ្វើការអំពាវនាវដល់ សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេស ពាក់ព័ន្ធ សូមបន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀតដើម្បី បង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger