សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Monday, September 19, 2022

សមត្ថកិច្ច​ខេត្តព្រះសីហនុ​ចុះ​បង្ក្រាប​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ជាង​១៤០នាក់​!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុបានសហការគ្នាចុះបង្ក្រាបជនបរទេសអន្តោប្រវេសន៍​ខុស​ច្បាប់​ជាង១៤០នាក់ ដោយ​បាន​បញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្ដេញ​ចេញ​​ពីកម្ពុជា។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញានេះ បានឱ្យ​ដឹងថា អាជ្ញាធរខេត្ត​សហការជាមួយនាយកដ្ឋានកណ្តាលសន្តិសុខ​នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ និងស្ថាប័នជំនាញពាក់ព័ន្ធ ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះពិនិត្យរដ្ឋបាលទីតាំងឈ្មោះ ស៊ឹង សាន ទីង (ហៅ ឆាងឆឹង) ចំនួន​៣អាគារ (A,B,C) ស្ថិត​នៅ​ដីឡូត៍មួយកន្លែង ក្នុង​ក្រុម​២៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ត្រឹមម៉ោង១២ និង០០នាទីថ្ងៃត្រង់។

រដ្ឋបាលខេត្ត​បញ្ជាក់ថា ការចុះស្រាវជ្រាវទីតាំងទាំង៣អាគារនោះ ដើម្បីពិនិត្យលើស្ថានភាពរដ្ឋបាលទីតាំងអាជ្ញាបណ្ណ​ប្រកបអាជីវកម្ម ការស្នាក់នៅ និងការ​បម្រើការងាររបស់ជនបរទេស ព្រម​ទាំង​ស្រាវជ្រាវ​​ស៊ើបអង្កេតបទ​ល្មើស​បង្ខាំងមនុស្សខុសច្បាប់ ការធ្វើទារុណកម្ម និង​បទ​ល្មើសជួញដូរមនុស្ស ដោយប្រើប្រាស់កម្លាំងសរុប១៣៧​រូប។

ប្រភពដដែលបន្តថា ក្រោយ​ពីស្រាវជ្រាវបានចំនួន៥ថ្ងៃកន្លងមកនេះ សមត្ថកិច្ចចម្រុះបានរកឃើញជនបរទេសខុសច្បាប់អន្តោប្រវេសន៍​ចំនួន​​១៤១នាក់ (ស្រី៦នាក់)​ មាន​២សញ្ជាតិ ក្នុងនោះមានជនជាតិចិនចំនួន១៣០នាក់ (ស្រី០៣នាក់) និង​​ជន​ជាតិវៀតណាមចំនួន១១នាក់ (ស្រី០៣នាក់) ដោយបានបញ្ជូនទៅនាយកដ្ឋាន​ស៊ើប​អង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីកម្ពុជា។

បន្ថែមពីនេះ​ សេចក្តីប្រកាសព័ត៌មាន​ដដែល​បន្តថា មន្ត្រីជំនាញបានរកឃើញបទល្មើសចំនួន៦ផ្សេងទៀត រួមមាន បទល្មើសល្បែងស៊ីសងខុសច្បាប់ បង្ខាំងមនុស្ស និងធ្វើទារុណកម្មមនុស្សដោយខុសច្បាប់ បទ​ល្មើសសញ្ចា​រកម្ម ការជួញដូរមនុស្ស ការកាន់កាប់និងរក្សាទុកអាវុធខុសច្បាប់ រួមទាំងបទល្មើសសម្អាតប្រាក់ ជាដើម។

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តព្រះសីហនុបាន​ដាក់ចេញនូវវិធានការ​មួយចំនួនផងដែរ ដូចជា សម្រេច​ធ្វើកិច្ចស​ន្យាអប់​រំ​ដល់​ជនបរទេសដែលស្របច្បាប់ និងជនបរទេសដែលបានផាកពិន័យរួច ឱ្យចាកចេញពីទីតាំងទៅរកកន្លែងថ្មីតាមការស្ម័គ្រចិត្ត, បិទអាជីវកម្ម​ទាំងអស់ដែលនៅបរិវេណទីតាំង​ឈ្មោះ ស៊ីង សានទីង (ហៅ ឆាង ឆឹង), បិទអាគារ A B និង C ដើម្បីបន្តស៊ើប​អង្កេតរហូតដល់កិច្ចស៊ើបអង្កេតត្រូវបានបញ្ចប់, បន្ត​ស៊ើបអង្កេត​បទ​ល្មើស​សម្អាត​ប្រាក់, ការរក្សាអាវុធខុសច្បាប់ និង​ស្រាវជ្រាវចាប់ជនជនសង្ស័យម្នាក់ដែល​ជា​មេខ្លោងក្នុង​សំណុំរឿងនេះផងដែរ។

រដ្ឋបាល​ខេត្តព្រះសីហនុ នឹង​បន្តធ្វើការត្រួតពិនិត្យរដ្ឋបាលនៅតាមបណ្តាទីតាំង​អាជីវកម្មដែលសង្ស័យ​មិនមាន​ច្បាប់​អនុញ្ញាត ព្រម​ទាំង​ចាត់​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ជនបរទេសដែលបានត្រួតពិនិត្យ និងមាន​កិច្ចសន្យាអប់រំរួចហើយ តែ​នៅបន្តធ្វើការខុសច្បាប់ និងអំពាវនាវដល់អាជីវករទាំងអស់ដែលកំពុង​សម្ងំលួច​លាក់​ធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ទាំង​ឡាយ​ណាដែ​ល​ច្បាប់​ហាមឃាត់៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger