សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, September 21, 2022

លោក ពូទីន បញ្ជា​ឱ្យ​កេណ្ឌទ័ព បន្ទាប់ពីទាហានរុស្ស៊ីបាក់ទ័ពនៅអ៊ុយក្រែន!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) នៅថ្ងៃពុធនេះ បញ្ជាឱ្យមានការកេណ្ឌទ័ពជាលើកដំបូងដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរ និងចោទ​លោកខាងលិចថាមានបំណងចង់បំផ្លាញរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

លោក ពូទីន បានមានប្រសាសន៍ថា៖ «ប្រសិនបើបូរណភាពទឹកដីរបស់យើងត្រូវបានគំរាមកំហែង យើងនឹងប្រើគ្រ​ប់មធ្យោបាយទាំងអស់តាមដែលអាចធ្វើទៅបាន ដើម្បីការពារប្រជាជនរបស់យើង»។

លោក ពូទីន បាននិយាយថា ការកេណ្ឌទ័ពនេះ គឺដើម្បីការពារប្រទេសរុស្ស៊ី និងទឹកដីរបស់ខ្លួន ដោយថាលោកខាងលិចមិនចង់បានសន្តិភាពនៅអ៊ុយក្រែនឡើយ។

លោក ពូទីន បាននិយាយថា៖ «ទីក្រុងវ៉ាស៊ីនតោន ទីក្រុងឡុងដ៍ ទីក្រុងប្រ៊ុចសែល កំពុងជំរុញទៅទីក្រុងកៀវ [Kyiv] ឱ្យបង្វែរប្រតិបត្តិការយោធាទៅកាន់ទឹកដីរបស់យើង ដោយមានគោលបំណងប្លន់យកប្រទេសរបស់យើងទាំងមូល»។

គួរបញ្ជាក់ថា ភាព​តាន​តឹងរ​វាង​​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្ដើមកើនឡើងខ្លាំង បន្ទាប់ពីរុស្ស៊ី​បាន​​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំទៅ​លើប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ ដែលធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​ដោយប្រធានាធិបតី លោក ​វ្លាឌីមៀរ ពូទីន​។

រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនទៅ​លើអ៊ុយក្រែន​​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលបានធ្វើឱ្យបណ្ដាប្រទេសមួយចំនួន​នៅលើពិភពលោក​សម្រេចដាក់​ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់លើរុស្ស៊ី៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger