សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, September 20, 2022

លោក ហ៊ុន សែន ចេញ​ទៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ចូលរួម​មហា​សន្និបាត​អង្គការ​សហប្រជាជាតិលើកទី៧៧!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បានចាកចេញពីប្រទេស​កម្ពុជា ដើម្បីទៅចូលរួម​មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅសហរដ្ឋអាមេរិក និងបំពេញទស្សន​កិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា ព្រមទាំង​ទៅចូលរួម​ពិធីបុណ្យសពថ្នាក់ជាតិរបស់​លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុនដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់។

ក្នុងទំព័រហ្វេស​ប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឱ្យ​ដឹងថា ក្នុងដំណើរទៅក្រៅប្រទេស​រយៈពេលមួយសប្តាហ៍​ លោក​​នឹងចូលរួម​​កិច្ចប្រជុំ​​​​​លើក​​ទី​៧៧ នៃ​កិច្ច​ពិភាក្សាទូ​ទៅ​របស់​​មហា​សន្និបា​ត​អង្គ​ការ​សហ​ប្រជាជាតិ ក្រោម​ប្រធាន​បទ «ចំណុចរបត់សំខាន់នៃការផ្លាស់​ប្ដូរមិនអាចត្រលប់ក្រោយបាន៖ ដំណោះស្រាយ​បរិបទ​កម្ម​ចំពោះ​បញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ចាប់​ពី​ថ្ងៃទី២១ ដល់ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុង​ញូវ​យ៉ក សហរដ្ឋអាមេរិក។

ប្រភពដដែលបន្តថា លោក​​នាយករដ្ឋមន្ត្រីក៏​នឹង​អញ្ជើញ​ធ្វើ​សេច​ក្ដីថ្លែង​ការណ៍​ជាតិ​របស់​កម្ពុជា នៅក្នុ​ង​កិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែល​បទ​អន្តរាគ​មន៍នោះ​​នឹង​ផ្តោត​លើ​តួនាទី​ស្ថាបនា​របស់​កម្ពុជា​ ក្នុងការគាំទ្រពហុភាគីនិយមផ្អែក​លើគោលការណ៍​​ច្បាប់ ការ​រួម​សហការ​គ្នាប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែងផ្នែក​សន្តិសុខជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភា​គី គោល​នយោបាយឌីជីថល​និងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់​កម្ពុជា ជាដើម។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ក៏នឹង​មាន​ជំនួប​បន្តបន្ទាប់​គ្នាជាមួយលោក​ អាន់ តូនីញ៉ូ ហ្វូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោក ឆាលស៍ មី​ឆែល ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប, លោកស្រី​ សេក្ខ ហាស៊ី​ណា នាយករដ្ឋមន្ត្រីនៃ​សាធារណ​រដ្ឋ​ប្រជាមានិត​បង់​ក្លាដែស, លោក ចូហ្សេ ម៉ានូអែល រ៉ាម៉ូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងថ្នាក់ដឹកនាំផ្សេងទៀតផងដែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តនៅក្នុងទំព័រ​ហ្វេស​ប៊ុករបស់លោក​ទៀតថា បន្ទាប់ពីកិច្ចប្រជុំនៅសហរដ្ឋអាមេរិក លោកក៏នឹងបន្ត​ទៅ​​​បំពេញ​​ទស្សន​​កិច្ច​ផ្លូវ​ការ​នៅ​សាធារណរដ្ឋ​គុយ​បា និង​​ទៅចូលរួម​ពិធីបុណ្យសពថ្នាក់ជាតិរបស់​លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន រហូត​ដល់ថ្ងៃទី២៨ ខែ​កញ្ញា ឆ្នាំ២០២២ ទើបលោក​ត្រលប់មកកាន់មាតុប្រទេស​វិញ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger