សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, September 21, 2022

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សម្រេចតម្កល់ការកាត់ទោស ខៀវ សំផន ឱ្យជាប់ពន្ធនាគារមួយជីវិតដដែល!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី


(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកាលើបណ្តឹងសាទុក្ខសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ នៃរបបខ្មែរក្រហម។

នៅក្នុងសាលដីកានេះ សាលាក្តីខ្មែរក្រហម បានសម្រេចតម្កល់សេចក្តីសម្រេចរបស់ខ្លួន ដោយកាត់ទោស លោក ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយបិទផ្លូវតវ៉ាតែម្តង។

សំណុំរឿង០០២ ជាសំណុំរឿងដ៏មានសារសំខាន់ដែលបណ្តុំទៅដោយអតីតមេដឹកនាំកំពូលៗនៃរបបខ្មែរក្រហម ៤រូប ជាជនជាប់ចោទ រួមមានទី១៖ នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាអតីតប្រធានសភាតំណាងប្រជាជននៃរបបខ្មែរក្រហម, ទី២៖ លោក ខៀវ សំផន អតីតគណៈប្រធានរដ្ឋនៃរបបខ្មែរក្រហម, ទី៣៖ លោក អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបខ្មែរក្រហម និងទី៤៖ លោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបខ្មែរក្រហម។

នៅចុងបញ្ចប់នៃសំណុំរឿងនេះ ជនជាប់ចោទ ១រូប ក្នុងចំណោម ៤រូប គឺអតីតប្រធានគណៈប្រធានរដ្ឋ ខៀវ សំផន បច្ចុប្បន្ននេះ មានអាយុ៩១ឆ្នាំ នៅរស់រានមានជីវិត និងបានចូលរួមក្នុងដំណើរការនីតិវិធីច្បាប់រហូតដល់សំណុំរឿងបិទបញ្ចប់ទាំងស្រុង ខណៈជនជាប់ចោទ ៣រូបផ្សេងទៀតរួមមាន៖ លោក អៀង សារី (ស្លាប់ខែមីនា ឆ្នាំ២០១៣) និងលោកស្រី អៀង ធីរិទ្ធ (ស្លាប់នៅខែសីហា ឆ្នាំ២០១៥ ក្រោយរកឃើញថាមានជំងឺវង្វេងវង្វាន់បាត់ការចងចាំ) បានស្លាប់នៅក្នុងដំណើរការនីតិវិធីជំនុំជម្រះ រីឯលោក នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជននៃរបបខ្មែរក្រហមមានពិរុទ្ធភាព និងផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង ០០២/០១ និងបានស្លាប់នៅក្នុងដំណាក់កាលបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩៕



0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger