សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, September 21, 2022

សវនាការជុំទី៥៧! តុលាការចោទ​ប្រកាន់ លោក កឹម សុខា ពាក់ព័ន្ធទៅ​នឹង​ការ​ធ្វើ«បដិវត្តន៍ពណ៌»!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

លោក កឹម សុខា បានច្រានចោលចំពោះការចោទប្រកាន់លើរូបលោក ក្រោយពីតុលាការបានព្យាយាមភ្ជាប់លោកទៅនឹងការធ្វើបដិវត្តន៍ដោយការកាន់ផ្កាឈូកនិងយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ»។

ការបដិសេធរបស់ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ធ្វើឡើងក្នុងពេលតុលាការបន្តបើកសវនាការដោយសួរដេញដោលលើអង្គហេតុទំនាក់ទំនងរវាងគណបក្សសង្គ្រោះជាតិជាមួយជនជាតិតៃវ៉ាន់ បដិវត្ដន៍ផ្កាឈូក និងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។​

មុនពេលសួរដេញដោលនោះ ចៅក្រមបានចាក់វីដេអូលោក កឹម សុខា ថ្លែងនៅទីលានប្រជាធិបតេយ្យដោយដៃកាន់ផ្កាឈូក និងបង្ហាញរូបភាពលោកស្រី មូរ សុខហួរ, លោកស្រី ជូ ឡុងសូម៉ូរ៉ា និងសកម្មជនដីធ្លីបឹងកក់ ព្រមទាំងជនជាតិភូមា បាននាំគ្នាយកផ្កាឈូកទៅដាក់នៅលើរបងលួសក្រោយពីសមត្ថកិច្ចបិទទីលានប្រជាធិបតេយ្យ។

ចៅក្រមជំនុំជម្រះ លោក អ៊ឹម វណ្ណៈ បានសួរទៅលោក កឹម សុខា ធ្លាប់ឮពាក្យបដិវត្តន៍ពណ៌ផ្កាឈូកទេ? តើលោកដឹងពីមូលហេតុនាំឱ្យមានបដិវត្តន៍ពណ៌ផ្កាឈូក? ហេតុអ្វីលោកស្រី មូរ សុខហួរ កាន់ផ្កាឈូក? ហើយគណបក្សសង្គ្រោះជាតិធ្លាប់ណែនាំឱ្យបាតុករដែលធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យកាន់ផ្កាឈូក និងហេតុអ្វីបាតុករកាន់ផ្កាឈូក?

ចៅក្រមជំនុំជម្រះបន្តថា តើនៅទីលានប្រជាធិបតេយ្យមានវត្ថុស័ក្ដិសិទ្ធិអ្វីបានកាន់និងយកផ្កាឈូកទៅទីនោះ? ហើយហេតុអ្វីលោក កឹម សុខា កាន់ផ្កាឈូកពេលឡើងថ្លែងនៅទីលានប្រជាធិបេតយ្យ? ក្នុងគោលបំណងអ្វី? ជាដើម។

ឈរនៅរង្វង់ក្រចកសេះ លោក កឹម សុខា បានថ្លែងថា រូបលោកធ្លាប់ឮប៉ុន្តែមិនស៊ីជម្រៅ ហើយចំពោះមូលហេតុដែលនាំឱ្យមានបដិវត្តន៍ផ្កាឈូកនោះ លោកថា លោកមិនបានដឹងឡើយ។ ចំពោះសំណួរហេតុអ្វីលោកស្រី មូរ សុខហួរ កាន់ផ្កាឈូកនោះ លោក កឹម សុខា ឱ្យលោកចៅក្រមទៅសួរលោកស្រី មូរ សុខហួរ វិញ ព្រោះលោកមិនដឹង។

លោកថា គណបក្សសង្រ្គោះជាតិមិនបានណែនាំឱ្យបាតុកម្មកាន់ផ្កាឈូកឡើយ ហើយកាន់ផ្កាឈូកក៏មិនខុសអ្វីដែរ ដោយថា បាតុកម្មដែលរៀបចំដោយគណបក្សសង្រ្គោះជាតិកាលពីឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ ជាបាតុកម្មអហិង្សា ទាមទារឱ្យបើកការស៊ើបអង្កេតលទ្ធផលបោះឆ្នោត មិនមែនជាការធ្វើបដិវត្តន៍ពណ៌ឡើយ។

លោកថា៖ «CNRP ធ្វើបាតុកម្មអហិង្សាទាមទារឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតការបោះឆ្នោត មិនមែនធ្វើបដិវត្តន៍ពណ៌ និងមិនមែនផ្ដួលរំលំរដ្ឋាភិបាលទេ។ ខ្ញុំដឹងលោកចៅក្រមសួររឿងផ្កាឈូក។ ផ្កាឈូកសម្រាប់ថ្វាយព្រះពុទ្ធ ហើយព្រះពុទ្ធអត់បានប្រដៅយកផ្កាឈូកទៅប្រព្រឹត្តអំពើហិង្សាទេ។ លោកចៅក្រមឃើញទេ? ខ្ញុំទៅវត្តតែងកាន់ផ្កាឈូកទៅ។ ទោះបីមានកាន់ផ្កាឈូក មិនខុសដែរ អត្ថន័យផ្កាឈូកគឺអហិង្សា»។

លោក កឹម សុខា ក៏បានពន្យល់ពីអត្ថន័យនៃផ្កាឈូកទៅកាន់ចៅក្រមថា ផ្កាឈូកមិនមែនត្រឹមតែសម្រាប់ថ្វាយព្រះទេ ផ្កាឈូកក៏ជាតំណាងឱ្យភាពស្ងប់ស្ងាត់ ភាពទន់ភ្លន់ និងសាមគ្គីភាពផងដែរ។

លោកថា៖ «ខ្ញុំកាន់ផ្កាឈូកក៏មិនខុសដែរ។ ខ្ញុំប្រកាន់ខ្ជាប់អហិង្សា។ អ៊ីចឹងគ្មានទេបដិវត្តន៍ពណ៌ គ្មានទេអំពើហិង្សា គ្មានទេការផ្ដួលរំលំរដ្ឋាភិបាល។ តើកម្ពុជាមានច្បាប់ណាដែលហាមមិនឱ្យកាន់ផ្កាឈូកនោះ? នៅកម្ពុជាគ្មានច្បាប់ហាមកាន់ផ្កាឈូកទេ»។

ខណៈចៅក្រមជំនុំជម្រះ លោក អ៊ឹម វណ្ណៈ ចាត់ទុកលោក កឹម សុខា និងបាតុករកាន់ផ្កាឈូក ថាជាការធ្វើបដិវត្តន៍ផ្កាឈូក ដែលមានគោលបំណងចង់ផ្ដួលរំលំរដ្ឋាភិបាល ដោយយកលំនាំតាមប្រទេសអេហ្ស៊ីប។

ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានលោក កឹម សុខា ច្រានចោល ដោយថា អត្ថន័យផ្កាឈូកសម្រាប់ពលរដ្ឋកម្ពុជាខុសពីប្រទេសអេហ្ស៊ីប។ លោកបញ្ជាក់ថា រូបលោកប្រកាន់ខ្ជាប់អហិង្សា ការចូលរួមប្រកួតប្រជែងតាមរយៈការបោះឆ្នោត ដូច្នេះគ្មានទេការចង់ផ្ដួលរំលំរដ្ឋាភិបាល និងគ្មានបដិវត្តន៍ពណ៌នោះទេ។

ចំណែកអង្គហេតុយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» វិញ ចៅក្រមជំនុំជម្រះលោក អ៊ឹម វណ្ណៈ ក៏បានបង្ហាញរូបភាពរបស់សកម្មជនដីធ្លីនៅបឹងកក់ សកម្មជនដីធ្លីនៅបុរីកីឡា​ អង្គការសង្គមស៊ីវិល និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួនដែលចូលរួមធ្វើយុទ្ធនាការនេះ ដើម្បីទាមទារឱ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស ៥ រូប។

ក្រៅពីបង្ហាញរូបភាពខាងលើ ចៅក្រមក៏បានបង្ហាញសារលោក សម រង្ស៊ី ដែលបង្ហោះលើហ្វេសប៊ុក ដោយអំពាវនាវឱ្យសកម្មជន និងប្រជាពលរដ្ឋចូលរួមធ្វើយុទ្ធនាការនេះផងដែរ។

ក្រោយពីបង្ហាញរូបភាព លោក អ៊ឹម វណ្ណៈ ក៏បានសួរទៅលោក កឹម សុខា ពីទំនាក់ទំនងរវាងលោក កឹម សុខា ជាមួយលោក ប៉ា ងួនទៀង លោក អ៊ី សារ៉ុម និងសកម្មភាពរបស់សកម្មជនដីធ្លីដែលនាំគ្នាធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ និងការចូលរួមរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិផងដែរ។

លោកថា៖ «តើលោកធ្លាប់ឮថ្ងៃចន្ទពណ៌ខ្មៅទេ? ហេតុអ្វីបង្កើតថ្ងៃចន្ទពណ៌ខ្មៅ? តើលោកស្គាល់លោក ប៉ា ងួនទៀង ទេ? លោក អ៊ី សារ៉ុម ប្រធានអង្គការធាងត្នោតទេ? តើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ មានការចូលរួមពីអ្នកណាខ្លះ? លោក សម រង្ស៊ី បានអំពាវនាវលើហ្វេសប៊ុកឱ្យប្រជាពលរដ្ឋចូលរួមយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។ល។»។

លោក កឹម សុខា បញ្ជាក់ថា រូបលោកស្គាល់លោក ប៉ា ងួនទៀង ដែលធ្លាប់ធ្វើការងារជាមួយ ប៉ុន្តែមិនមែនសាច់ញាតិដូចសមត្ថកិច្ចធ្វើរបាយការណ៍ឡើយ។ ចំណែកលោក អ៊ី សារ៉ុម វិញ លោកមិនច្បាស់ទេ ខណៈការរៀបចំនិងការធ្វើយុទ្ធនាការរបស់សកម្មជនដីធ្លីនោះ មិនពាក់ព័ន្ធនឹងរូបលោកឡើយ។

ចំណែកការចូលរួមរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិវិញ លោកថាជាសិទ្ធិបុគ្គល ខណៈការអំពាវនាវរបស់លោក សម រង្ស៊ី ជារឿងរបស់គាត់ ដោយមិនពាក់ព័ន្ធនឹងលោក និងគណបក្សសង្គ្រោះជាតិនោះទេ។

លោកថា៖ «យកសម្ដីលោក សម រង្ស៊ី និយាយពីនេះពីនោះមកភ្ជាប់ជាមួយខ្ញុំ។ រឿងលោក សម រង្ស៊ី គាត់និយាយជារឿងគាត់! ហើយយកភស្តុតាងអ៊ីចឹងៗមកចោទខ្ញុំ មានតម្លៃអី? ចាប់តាំងមានកិច្ចព្រមព្រៀងមក ខ្ញុំដឹកនាំទៅរកការបោះឆ្នោតនៅឆ្នាំ២០១៧»។

ក្រៅពីសួរដេញដោលរឿងផ្កាឈូក និងថ្ងៃចន្ទពណ៌ខ្មៅនោះ ចៅក្រមជំនុំជម្រះក៏សួរលោក កឹម សុខា ពីទំនាក់ទំនង និងបេសកកម្មរបស់ជនជាតិតៃវ៉ាន់ដែលទៅទីស្នាក់ការគណបក្សសង្គ្រោះជាតិផងដែរ ប៉ុន្តែសំណួរខ្លះ លោក កឹម សុខា បានឆ្លើយតប និងសំណួរខ្លះទៀត លោកឆ្លើយថាមិនចាំច្បាស់។

យ៉ាងណា សវនាការលើកទី៥៧នេះ តំណាងអយ្យការ និងមេធាវីដើមបណ្ដឹង មិនបានតាំងសំណួរសួរលោក កឹម សុខា នោះទេ ដោយសំណួរស្ទើរទាំងអស់ក្នុងអង្គហេតុទំនាក់ទំនងរវាងគណបក្សសង្គ្រោះជាតិជាមួយជនជាតិតៃវ៉ាន់ បដិវត្ដន៍ផ្កាឈូក និងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ចៅក្រមជាអ្នកសួរ៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger