Pages - Menu

Thursday, September 28, 2017

ម្ចាស់ស្ថាបត្យកម្មពហុកីឡាដ្ឋានជាតិអូឡាំពិកលោក វណ្ណ មូលីវណ្ណ បានទទួលមរណភាព នៅព្រឹកមិញនេះ


ស្ថាបត្យករជើងចាស់ដ៏​ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា លោក វណ្ណ មូលីវណ្ណ  
បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៧នេះហើយ។

ម្ចាស់ស្ថាបត្យកម្មនៃពហុកីឡាដ្ឋានជាតិអូឡាំពិក និងជាស្ថាបត្យករជើងចាស់ដ៏​ល្បីល្បាញបំផុត
របស់ប្រទេសកម្ពុជា លោក វណ្ណ មូលីវណ្ណ បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៧នេះ ក្នុងជន្មាយុ៩១ឆ្នាំ នៅផ្ទះរបស់លោកតាមបណ្ដោយដងស្ទឹងសៀមរាប ភូមិ មណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយសារតែស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ​មិនអាចជួយស្រច ស្រង់ បាន។

លោក​ វណ្ណ មូលីវណ្ណ បានបន្ស់ទុកនូវស្នាដៃស្ថាបត្យកម្មចំបងៗរបស់លោកជាច្រើនទុកឲ្យក្មេង ជំនាន់ក្រោយបានឃើញនិងសិក្សា រួមមាន​​៖ សាល​សន្និសីទចតុមុខ, វិមានឯករាជ្យ, ពហុកីឡាដ្ឋាន ជាតិអូឡាំពិក, អគ្គារលំហរ (Open Air) សម្រាប់ភ្ញៀងឈររងចាំគណះប្រតិភូ នៅព្រលានយន្តអន្តរ
ជាតិភ្នំពេញ សំណង់ «ផ្ទះ១០០ខ្នង» ដែលត្រូវ​បាន​សាង​សង់​ សម្រាប់​បុគ្គលិក​ធនាគារ​ជាតិកម្ពុជា ​ស្នាក់នៅ​ (១៩៦៥-១៩៦៧), វិមានរដ្ឋចំការ​មន, សាល​មហោស្រព​ជាតិសុរាម្រឹត​, អនុវិទ្យាល័យ​បណ្តុះបណ្តាល​គ្រូបង្រៀន​ និងវិទ្យាស្ថាន​ភាសា​បរទេស ស្ថិតនៅក្នុងបរិវេណសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញជាដើម។

លោក វណ្ណ ម៉ូលីវណ្ណ គឺជាស្ថាបត្យករនាំមុខគេ និងបង្កើតស្នាដៃជាច្រើននៅក្នុងចលនាស្ថាបត្យកម្ម ខ្មែរថ្មីរបស់ប្រទេសកម្ពុជា។ លោក វណ្ណ ម៉ូលីវណ្ណ កើតក្នុងខេត្តកំពត នៅឆ្នាំ១៩២៦។ ក្នុងឆ្នាំ ១៩៤៦  គាត់បានទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង។

លោក ម៉ូលីវណ្ណ បានសិក្សាផ្នែកស្ថាបត្យកម្មរួមជាមួយផ្នែកសិល្បៈផ្សេងទៀតនៅសាលា វិចិត្រ សិល្បៈនិងបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាដែលទើបទទួលបានឯករាជ្យថ្មីៗក្នុងឆ្នាំ១៩៥៦។ ក្រោយមកគាត់ត្រូវបាន សម្តេច នរោត្តម សីហនុ តែងតាំងជាស្ថាបត្យកររដ្ឋ ហើយបានបន្តរចនា គម្រោងសាធារណៈ ដែលត្រូវបានគេស្គាល់ និងបានចាត់ទុករាល់សមិទ្ធផលទាំងអស់នោះ គឺជា ភាពដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ដែលសាងសង់ឡើងជាចំណែកមួយនៃទំនើបនីយកម្មទូទាំង ប្រទេស ដែលបានចាប់ផ្តើមដោយរបបសង្គមរាស្ត្រនិយម។

លោក ម៉ូលីវណ្ណ ក៏បានរចនាលំនៅដ្ឋានឯកជន និងរចនាសម្ព័ន្ធតូចៗជាច្រើន នៅក្នុងសម័យនោះ ដែរ។ បន្ថែមពីលើការងារជាច្រើនរបស់គាត់ ក្នុងនាមជាស្ថាបត្យករ លោក វណ្ណ ម៉ូលីវណ្ណ ក៏ជា អ្នករៀបចំទីក្រុង និងគ្រប់គ្រងការពង្រីកក្រុងភ្នំពេញ ក៏ដូចជាការបង្កើតកំពង់ផែសមុទ្រក្រុង ព្រះ សីហនុ (កំពង់សោម) និងនៅទីតាំងផ្សេងៗទៀត។

ជាងនេះទៀត គាត់ក៏បានចូលរួមនៅក្នុងការងារដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង​បានបោះពុម្ពផ្សាយអត្ថបទជាច្រើនស្តីពី ទំនើបភាវូបនីយកម្មប្រទេសកម្ពុជា នៅក្នុងព្រឹត្តិប័ត្រ ស្រាវជ្រាវជាភាសាខ្មែរជាច្រើន។ គាត់ត្រូវបានគេចងចាំជាបុគ្គលនាំមុខគេក្នុងជីវិតវប្បធម៌យ៉ាងសកម្ម នៅក្នុងសម័យក្រោយ ឯករាជ្យ របស់ប្រទេសកម្ពុជាផងដែរ។

បន្ទាប់ពីរដ្ឋប្រហារឆ្នាំ១៩៧០ ដែលបានទម្លាក់សម្តេច សីហនុ និងរបបគ្រប់គ្រងរបស់ព្រះអង្គ លោក វណ្ណ ម៉ូលីវណ្ណ បានផ្លាស់ទៅរស់នៅប្រទេសស្វ៊ីស។ ក្នុងរយៈប៉ុន្មានទសវត្សរ៍ក្រោយមកគាត់បានបន្តការងាររបស់គាត់ជាមួយអង្គការសហប្រជាជា
តិលើកម្មវិធីតាំងទីលំនៅនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជាអន្តរជាតិ។

ក្នុងឆ្នាំ១៩៩១ លោកវណ្ណ ម៉ូលីវណ្ណ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ និងត្រូវបានតែងតាំង ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ការធ្វើផែនការក្រុង និងប្រទេស។ លោក វណ្ណ ម៉ូលីវណ្ណ ជាកម្លាំងយ៉ាងសំខាន់ក្នុងការបង្កើតអាជ្ញាធរអប្សរាដែលជាអង្គភាពសហប្រតិបត្តិការពហុបក្ស ដែល មានបំណងក្នុងការគ្រប់គ្រងឃ្លាំមើលការស្រាវជ្រាវនិងរដ្ឋបាលប្រាសាទបុរាណតំបន់អង្គរ។

ស្ថាបត្យករដ៏ល្បាញល្បីរូបនេះ ក៏បានបន្តការស្រាវជ្រាវ បោះពុម្ពផ្សាយសៀវភៅជាច្រើន និងបញ្ចប់ ថ្នាក់បណ្ឌិត ផ្នែកប្រវត្តិសាស្ត្រ លើការតាំងទីលំនៅរបស់មនុស្សក្នុងតំបន់អាស៊ីអាគ្នេយ៍។

ស្នាដៃរបស់លោក វណ្ណ ម៉ូលីវណ្ណ បង្កើតបានជាការប្រមូលផ្តុំមួយនៃការប្រមូលផ្តុំសំខាន់បំផុត ជា​ច្រើននៃអគារក្រោយសម័យអាណានិគមនិយម នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងមានសារៈ សំខាន់បំផុតចំពោះមរតកស្ថាបត្យកម្មទំនើបក្នុងប្រទេសកម្ពុជា។

នៅក្រោមការគ្រប់គ្រងរបស់សម្តេច នរោត្តម សីហនុ លោក វណ្ណ ម៉ូលីវណ្ណ បានធ្វើការផ្លាស់ប្តូរមុខ មាត់ទីក្រុងភ្នំពេញ និង ប្រទេសកម្ពុជា តាមរយៈការរចនាអគារវិមានរដ្ធ វិមានឯករាជ្យ ពហុកីឡា ដ្ឋានជាតិ សាលមហោស្រពជាតិ ទីស្តីការគណៈរដ្ឋមន្ត្រីសាលសន្និសីទ ចតុមុខ អគាររដ្ឋាភិបា ល អគារសិក្សាស្រាវជ្រាវ អគារឧស្សាហកម្ម អគារសាលាបច្ចេកវិទ្យា (តិចណូ) និងអគារលំនៅដ្ឋាន ច្រើនជាង៦០អគារផ្សេងទៀតពាសពេញផ្ទៃប្រទេ។

សូមបញ្ជាក់បន្ថែមថា ក្រោយបោះឆ្នោតជាតិរៀបចំដោយអ៊ុនតាក់ (UNTAC) នៅឆ្នាំ ១៩៩៣ លោក វណ្ណ មូលីវណ្ណ ក៏ត្រូវបានរដ្ឋាភិបាលចម្រុះអណត្តិទី១ ដឹកនាំដោយសហនាយករដ្ឋមន្ត្រី ព្រះអង្គ ម្ចាស់ នរោតម្តរណឬទ្ធិ និងលោកហ៊ុន សែន​បានតែងតាំងជាប្រធានអាជ្ញាធរជាតិអប្សរា មួយរយះ ដែរ តែត្រូវបានដកចេញពីតំណែង ជំនួសដោយលោកទេសរដ្ឋមន្ត្រី សុខ អាន (កាលនោះ លោក សុខ អានមិនទាន់ក្លាយជាឧបនាយករដ្ឋមន្ត្រីទេ)៕ 

ស្ថាបត្យករជើងចាស់ដ៏​ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា លោក វណ្ណ មូលីវណ្ណ បានថត
នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ដែលជាស្នាដៃឯករបស់លោក។



No comments:

Post a Comment