នៅក្នុងលិខិតនោះ លោក កឹម សុខា អំពាវនាវឲ្យភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ចាត់វិធានការលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដោយថា ដើម្បីស្រោចស្រង់ស្ថានការណ៍ នយោបាយ ឲ្យប្រសើរឡើងវិញ។
ក្នុងលិខិតសរសេរដោយដៃ លោក កឹម សុខា ផ្ទាល់បញ្ជាក់ថា «ខ្ញុំយល់ថា ប្រសិនសហគមន៍ អន្តរជាតិ ក៏ដូចជាភាគីខ្មែរទាំងអស់ មិនរក ដំណោះស្រាយឲ្យទាន់ពេលវេលាទេ ប្រទេសកម្ពុជា នឹងវិលថយក្រោយវិញ ដែលនាំឲ្យកម្ពុជាបាត់បង់ប្រយោជន៍ និងយឺតយ៉ាវក្នុងការអភិវឌ្ឍន៏ ដូច ដែលយើងធ្លាប់បាត់បង់ពេល វេលាជាងពីរទសវត្ស នៃសង្គ្រាម មុនកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីសនេះ»។
ចំណែកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជាឯណេះវិញ ថ្លែង ផ្ទុយពីលោកកឹម សុខាទាំងស្រុង ដោយលោកអះអាងថា កម្ពុជាបានគោរពតាមកិច្ចព្រមព្រៀង ទីក្រុងប៉ារីសរួចហើយ និងថា បានកាត់ទោសអ្នកក្បត់នឹងកិច្ចព្រមព្រៀងនេះទៀតផង ដែល គេយល់ថាសំដីនេះ លោក ហ៊ុន សែននិយាយសំដៅទៅលើលោក កឹម សុខា មេបក្សប្រឆាំង កំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុង ក្នុងខេត្តត្បូងឃ្មុំ។
ការប្រកាសរបស់លោកហ៊ុន សែនបែបនេះ ខណះពេលមានការរិះគន់ថា រដ្ឋាភិបាលកម្ពុជាកំពុង ដើរផ្ទុយពីគោលការណ៍ នៃកិច្ចព្រមព្រៀងសន្តិភាពនេះ។
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានមួយកន្លែង ក្នុងខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាបានគោរពតាមកិច្ចព្រមព្រៀង សន្ដិភាព ទីក្រុងប៉ារីស២៣តុលា យ៉ាងខ្ជាប់ខ្ជួន។ ប៉ុន្ដែលោកថា កិច្ចព្រមព្រៀងនេះ បានស្លាប់ទៅហើយ បន្ទាប់ពីកម្ពុជាបានបង្កើតរដ្ឋធម្មនុញ្ញនៅឆ្នាំ១៩៩៣ ដោយថា បានច្របាច់ខ្លឹមសារបញ្ចូលគ្នាទៅ ក្នុងរដ្ឋធម្មនុញ្ញ។
លោក ហ៊ុន សែន ថ្លែងទៀតថា ដោយសារគោរពតាមកិច្ចព្រមព្រៀងក្រុងប៉ារីសនេះ រដ្ឋាភិបាល របស់លោក បានផ្តន្ទាទោស អ្នកដែលលោកចោទថា ក្បត់នឹងកិច្ចព្រមព្រៀងនេះទៀតផង ហើយ ដែលទំនងជាសំដៅដល់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ ក្នុង ពន្ធនាគារ។
លោកថា «យើងកំពុងតែគោរពកិច្ចព្រមព្រៀងក្រុងប៉ារីសហើយតើ ព្រោះកិច្ចព្រមព្រៀងក្រុង ប៉ារីស នេះ រលាយធាតុរបស់វា ទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជារួចស្រេចទៅហើយ ។ ឥឡូវ បើចង់ឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីសរស់ឡើងវិញ ឲ្យ ហ៊្វុន ស៊ិចប៉ិច រស់ឡើងវិញ ឲ្យតា សឺន សាន បង្កើតទ័ពឡើងវិញ ឲ្យខ្មែរក្រហមបង្កើតអង្គការចាត់តាំងខាងនយោបាយ និងយោធាឡើងវិញ ត្រូវ យល់ឲ្យច្បាស់ ធាតុផ្សំរបស់វា បានប្រមូលផ្ដុំ ក្នុងរដ្ឋធម្មនុញ្ញទៅហើយ ដោយសារ តែគេមិនបាន គោរពកិច្ចព្រមព្រៀងប៉ារីសហ្នឹងហើយ បានជាមានគណបក្សនយោបាយមួយ នឹងអាចត្រូវ រំលាយនៅពេលខាងមុខ ហើយត្រូវកាត់ទោស អ្នកដែលបានក្បត់កិច្ចព្រមព្រៀងប៉ារីសនេះ»។
ក្នុងពិធីរំលឹកខួបលើកទី២៦ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅថ្ងៃនេះដែរ ទីប្រឹក្សាជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ លោក គង់ គាំ សំដែងការខកចិត្ត ដែលគណបក្សកាន់អំណាច បានបង្វែរ ករណីចាប់ខ្លួន លោក កឹម សុខា ថា ជាការអនុវត្តតាមកិច្ចព្រមព្រៀងប៉ារីស និងដើម្បីរក្សាសន្ដិភាព ទៅវិញ។
លោកថា «ពេលរកដំណោះស្រាយនយោបាយ គាត់សោកស្ដាយថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស បានតែ៥០ភាគរយ ច្រើនពេកហើយ អត់ទាន់អនុវត្តពេញលេញទេ រដ្ឋធម្មនុញ អត់ប្រទេស ប្រជាធិបតេយ្យ ដែលយកឆន្ទៈប្រជាពលរដ្ឋ ៣លាននាក់ ទៅអ្នកសូន្យ អត់កៅអីសោះ គេ និយាយថា ប្លន់ ថាឆក់ ឆន្ទៈប្រជាពលរដ្ឋ វាអត់ខុស។ ជជែកអំពីមេដឹកនាំខ្មែរក្រហម ខ្ញុំថា កាត់ទោសមនុស្សឲ្យច្រើនតិចទៅ គេថា អត់ទេ កាត់តែមេដឹកនាំកំពូលបានហើយ ហើយដល់
កឹម សុខា និងសង្គ្រោះជាតិនេះ កាត់ទាល់តែដល់បាត»។
លោកបន្ថែមថា រដ្ឋាភិបាល មិនទាន់គោរពបាន តាមកិច្ចព្រមព្រៀងនេះទេ និងថា រដ្ឋាភិបាល ថែមទាំងបានធ្វើច្បាប់ ដែលផ្ទុយពីឆន្ទៈប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យទៀតផង។
ក្នុងកិច្ចប្រជុំពិភាក្សាមួយកាលពីសប្ដាហ៍មុន ក្រុមអង្គការសង្គមស៊ីវិលយល់ថា កម្ពុជា ហាក់ ប្រាស់ចាកពីគោលការណ៍ ដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូចជា បញ្ហាគោរព សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ កម្សោយនៃការអនុវត្តច្បាប់ បញ្ហាអព្យាក្រឹត្យភាពរបស់កម្ពុជា និងការគំរាមកំហែងជាបន្ដបន្ទាប់ លើសង្គមស៊ីវិល នៅមុនការបោះឆ្នោតឆ្នាំ២០១៨។
ពួកគេក៏អំពាវនាវ ដល់ម្ចាស់ហត្ថលេខី និងអតីតសហប្រធានសន្និសីទក្រុងប៉ារីស រួមមាន បារាំង និងឥណ្ឌូនេស៊ី ឲ្យកោះប្រជុំបន្ទាន់មួយ ដើម្បីត្រួតពិនិត្យ និងតាមដានបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា។
អស់រយៈពេល២៦ឆ្នាំហើយ ចាប់តាំងពីកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ដិភាពក្រុង ប៉ារីស កាលពីថ្ងៃទី២៣តុលាឆ្នាំ១៩៩១ ដែលមានភាគីហត្ថលេខីចំនួន១៨ប្រទេស រួមទាំងប្រទេស មហាអំណាចចំនួន៥ផង បានទទួលដឹងឮ ក្នុងគោលបំណងបញ្ចប់សង្គ្រាម និងកសាងសន្ដិភាព ពិតប្រាដកនៅកម្ពុជា។ ប៉ុន្ដែ ក្រុមអ្នកតាមដានសង្គម និងអង្គការអន្ដរជាតិ យល់ថា កម្ពុជា ហាក់ មិនសូវអើពើ និងអនុវត្តតាមកិច្ចព្រមព្រៀងនេះ ឲ្យបានពេលលេញនោះទេ ជាពិសេសនៅមួយ រយះពេលចុងក្រោយនេះ៕
No comments:
Post a Comment