ដោយមានការភ័យខ្លាយចាប់ខ្លួន លោកស្រី មូរ សុខហួរ
អនុប្រធានគណបក្សសង្គ្រោះជាតិ
និង
ជាតំណាងរាស្ត្រមណ្ឌល បាត់ដំបង កាលពីថ្ងៃម្សិលមិញបានបង្ខំចិត្តភៀសខ្លួនទៅក្រៅប្រទេសជាបន្ទាន់ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់រាជ រដ្ឋាភិបាលម្នាក់បានប្រាប់ឲ្យដឹងពីតម្រុយនៃការចាប់ខ្លួននៅសប្តាហ៍ក្រោយក្នុងសំណុំរឿងជាប់ពាក់ព័ន្ធជាមួយលោក កឹម
សុខា ជាជនត្រូវចោទពីបទ «ក្បត់ជាតិ»
បើមិនព្រមចាកចេញពីប្រទេសកម្ពុជា។
ការចាកចេញទៅក្រៅប្រទេសរបស់លោកស្រី
មូរ សុខហួរ បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ ពីមានការព្រមានខ្លាំងៗសារជាថ្មីទៀតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន
សែន។
ចំនួនមន្ត្រី
និងសមាជិករដ្ឋសភានៃគណបក្សប្រឆាំងនៅថ្ងៃអង្គារ ទី ៣ ខែតុលា បាន និងកំពុងមានកំណើននៅក្នុងបញ្ជីឈ្មោះនៃការជ្រើសរើសដំណើរចាកចេញទៅក្រៅប្រទេសដោយខ្លួនឯងជាបន្ត បន្ទាប់គ្នាក្រោយពីមានការប្រាប់ឲ្យដឹងមុនពីគម្រោងរបស់អាជ្ញាធរកម្ពុជាក្នុងការចាប់ខ្លួនលោកស្រី សុខហួរ
ក្រោយពេលដែលនាយករដ្ឋមន្ត្រីគំរាមចាប់ «ក្រុមឧទ្ទាម» និង
«ខ្ញុំបម្រើបរទេស»។
លោកស្រី សុខហួរ បានចាកចេញពីភ្នំពេញកាលពីព្រឹកម្សិលមិញ បន្ទាប់ពីមានមន្ត្រីជាន់ខ្ពស់រាជ រដ្ឋាភិបាលបានប្រាប់លោកស្រីថាលោកស្រីអាចនឹងប្រឈមក្នុងការចាប់ខ្លួននៅសប្តាហ៍ក្រោយដោយមានការពាក់ព័ន្ធបន្ថែមទៀតជាមួយប្រសាសន៍លោកនាយករដ្ឋមន្ត្រី ខណៈពេលដែលលោក ស្រីបានចុះជួបអ្នកគាំទ្ររបស់លោកស្រីនៅតាមខេត្តមួយចំនួនក្នុងរយៈពេល ៧
ថ្ងៃចុងក្រោយនេះ។
កាលពីថ្ងៃចន្ទលោក ហ៊ុន សែន
បានបង្ហើបថា «មន្ត្រីជាន់ខ្ពស់» ដែលធ្វើ «អត្ថាធិប្បាយយ៉ាងព្រហើន»
នៅក្នុងខេត្តកំពង់ធំ ខេត្តសៀមរាប
និងខេត្តព្រះវិហារដែលសុទ្ធតែជាខេត្តដែលលោកស្រី សុខហួរ បានចុះមូលដ្ឋានក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដើម្បីជួបសំណេះសំណាលជាមួយមន្ត្រីបក្ស។
លោកស្រីថ្លែងប្រាប់អ្នកកាសែតមុនពេលចាកចេញទៅក្រៅប្រទេសថា៖ «ខ្ញុំបានទទួលព័ត៌មានពីមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលថាការចាប់ខ្លួននេះនឹងត្រូវធ្វើឡើងក្នុងសប្តាហ៍ក្រោយនេះ។ ខ្ញុំមិនអាចនិយាយប្រាប់ថា
មន្ត្រី ឬក្រសួងណាជាអ្នកប្រាប់ខ្ញុំទេ»។ «គាត់
(លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន)
បានធ្វើការបង្ហាញយ៉ាងច្បាស់នូវពាក្យសម្ដីដែលខ្ញុំ និងសហសេវិក ២
នាក់ទៀតនិយាយនៅខេត្តទាំង ៣ នេះ»។
ការចាកចេញរបស់លោកស្រី មូរ សុខហួរ បានដើរតាមគន្លងស្រដៀងគ្នានឹងតំណាងរាស្ត្រសឹងតែពាក់កណ្តាលនៅក្នុងគណបក្សប្រឆាំងមួយនេះដែលបានចាកចេញទៅក្រៅប្រទេសចាប់តាំងពីមានការចាប់ខ្លួនលោក កឹម
សុខា ដែលចោទពាក់ព័ន្ធនឹងអំពើ «ក្បត់ជាតិ»។
ជាមួយគ្នានេះដែរមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួនកំពុងស្ថិតនៅក្រៅប្រទេសផងដែររួមមានកូនស្រីលោក កឹម
សុខា ទាំង ២ រូបគឺកញ្ញា កឹម មនោវិទ្យា និងកញ្ញា កឹម សម្មាធីតា ព្រមទាំងមេដឹកនាំយុវជននៃគណបក្សសង្គ្រោះជាតិលោក
ហ៊ីង សុខសាន្ត។
លោក ខៀវ សុភ័គ អ្នកនាំពាក្យនៃក្រសួងមហាផ្ទៃបានថ្លែងថាលទ្ធភាពនៃការចាប់ខ្លួនតំណាងរាស្ត្រដទៃទៀតស្ថិតនៅលើការស៊ើបអង្កេតរបស់តុលាការក្នុងករណីពាក់ព័ន្ធជាមួយលោក កឹម
សុខា ពីអំពើក្បត់ជាតិ ហើយក៏បានបញ្ជាក់ពីការពាក់ព័ន្ធរបស់លោកស្រី សុខហួរ
នឹងករណីលោក កឹម សុខា។
លោក សុភ័គ ថ្លែងថា៖ «ជំទាវ មូរ សុខហួរ គាត់បានយកបក្ស និងខ្លួនឯងទៅទៀត
គាត់ចង់ឲ្យពាក់ព័ន្ធក្នុង (ករណី)នេះ។
...(យើង) ឃើញគាត់ដើរទៅ
(តាមបណ្តាខេត្ត)ក្នុងប៉ុន្មានថ្ងៃនេះ។
អ៊ីចឹងមកពីខ្លួនគាត់ទេ
បើខ្លួនគាត់មិនដើរ វាមិនជាប់ទេ។ ដូចដែលបានប្រាប់អ៊ីចឹង សូមកុំឲ្យលើកបដា
(រូបលោក កឹម សុខា)។ បើគាត់លើកផង អីផង វាប៉ះច្រើន»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក
ម៉ៅ មុនីវណ្ណ បានថ្លែងកាលពីម្សិលមិញថាលោកក៏មានការព្រួយបារម្ភពីសុវត្ថិភាពរបស់លោកផងដែរ ក៏ប៉ុន្តែលោកមិនអាចចាកចេញពីប្រទេសទៅចោលលោក
កឹម សុខា ដែលកំពុងជាប់ឃុំបានទេ៕
No comments:
Post a Comment