(ភ្នំពេញ)៖លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបដិសេធមិនទទួលយកលិខិតសុំទោសរបស់ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ចំពោះការចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា «លួចបន្លំសន្លឹកឆ្នោត» ក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីមិថុនា ឆ្នាំ២០២២ កន្លងមក។
តាមរយៈបណ្តាញសង្គម នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ លោក ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «យើងមិនទទួលយកការសុំទោសនោះឡើយ។ យើងចង់បញ្ចប់វប្បធម៌លាបពណ៌ និងការប្រមាថ។ យើងទទួលយកមិនបាននូវការចោទប្រកាន់ថា យើងជាអ្នកលួចសន្លឹកឆ្នោត។យើងធ្លាប់បានគេសុំទោសច្រើនដងហើយតែរឿងច្រំដែលនៅតែកើតឡើងទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែលហើយសូមទោសតាមផ្លូវតុលាការដើម្បីឲ្យមនុស្យអាក្រក់វារាងចាល»។
លោកនាយករដ្ឋមន្ត្រីក៏បានរំលឹកអំពីការសុំទោសរបស់ លោក សម រង្ស៉ី ហើយដែលលោកធ្លាប់បានលើកលែងទោសឱ្យនាពេលកន្លងទៅ ប៉ុន្តែទីបំផុត មេក្រុមប្រឆាំងក្រៅច្បាប់នេះ នៅតែអនុវត្តវប្បធម៌លាបពណ៌របស់ខ្លួនដដែលជាដដែល។
លោក ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «អ្នកគាំទ្រវាគឺដូចគ្នាដែលយើង ត្រូវតែប្រើផ្លូវច្បាប់ដើម្បីបញ្ចប់រឿងច្រំដែលនេះ»។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សុន ឆ័យ បានសរសេរលិខិតមួយ ផ្ញើជូន លោក ហ៊ុន សែន ដើម្បី សុំទោសចំពោះអ្វីដែលលោកបានលើកឡើងកន្លងទៅ ពាក់ព័ន្ធនឹងបញ្ហាលួចសន្លឹកឆ្នោត។
លោកលើកឡើងថា៖ «រូបខ្ញុំបាទ សុន ឆ័យ មិនដែលមានចេតនា ចោទគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថាជាចោរលួចសន្លឹកឆ្នោត ហើយក៏នឹងមិនមានបំណងចោទថា គណបក្សប្រជាជនកម្ពុជា ជាចោរលួចសន្លឹកឆ្នោតនេះ នៅពេលអនាគតនោះដែរ។ បើគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់ទុកសម្តីក្នុងបទសម្ភាសន៍ថាខ្ញុំបានចោទជាចោរ លួចសន្លឹកឆ្នោតនោះ ខ្ញុំសុំអភ័យទោស»។
ជាមួយនឹងការសុំទោសនេះ លោកបានបង្ហាញជំហរគាំទ្រ សេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨-២៩ មករា ឆ្នាំ២០២៣ផងដែរ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការចោទប្រកាន់គណបក្សប្រជាជនកម្ពុជា និងគ.ជ.ប ថាលួចសន្លឹកឆ្នោតនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈទាំង ២សំណុំរឿង។ ក្នុងនោះសំណុំរឿងប្តឹងដោយ គ.ជ.ប ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស លោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន ៩លានរៀល។ ដោយឡែកសំណុំរឿងប្តឹងដោយគណបក្សប្រជាជនកម្ពុជា ត្រូវបានសម្រេចផ្ដន្ទាទោសពិន័យជាប្រាក់ចំនួន ៨លានរៀល ព្រមទាំងបង្គាប់ឱ្យសងសំណងជំងឺចិត្តឱ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣,០០០លានរៀលផងដែរ។
ក្រោយមកសំណុំរឿងដដែលនេះ ត្រូវបានសាលាឧទ្ធរណ៍ និងតុលាការកំពូល សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញជាមួយនឹងការបន្ថែមប្រាក់ពិន័យ និងសំណងជំងឺចិតត្តដូចជា៖
សម្រាប់បណ្តឹងគណបក្សប្រជាជន ដែលផ្ដន្ទាទោសពិន័យជាប្រាក់ ៨លានរៀលនោះ ត្រូវបន្ថែមដល់ចំនួន ១០លានរៀលវិញ និងសងជំងឺចិត្ត៤ពាន់លានរៀល។
សម្រាប់សំណុំរឿងប្តឹងដោយគ.ជ.ប បង្កើនការផ្ដន្ទាទោសពិន័យឡើងដល់១០លានរៀល។
ការដាក់ពាក្យបណ្តឹងរបស់គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា ធ្វើឡើងបន្ទាប់ពី លោក សុន ឆ័យ បានលើកឡើងថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ មានការទិញ និងលួចបន្លំសន្លឹកឆ្នោត។
ភ្លាមៗនេះ កាសែត"ជាតិខ្មែរ" មិនអាចទាក់ទងលោក សុន ឆ័យ ដើម្បីដាកសួរព័ត៌មានបន្ថែមបានទេនៅរសៀលនេះ៕
No comments:
Post a Comment