Pages - Menu

Wednesday, February 8, 2023

កម្ពុជាផ្ដល់ជំនួយ ១០ម៉ឺនដុល្លារ ដល់តួកគីក្រោយរងគ្រោះរញ្ជួយដី តែមិនបានផ្តល់ជំនួយដល់សុីរីទេ!

រដ្ឋាភិបាលកម្ពុជា​ ប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ១០ម៉ឺនដុល្លារ ដល់ប្រទេសតួកគីដែលកំពុងទទួលរងគ្រោះរញ្ជួយដីបណ្តាលឱ្យមនុស្សជាច្រើនពាន់នាក់បាត់បង់ជីវិត។ រដ្ឋាភិបាលអះអាងថា ជំនួយមនុស្សធម៌នេះ គឺដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជនរងគ្រោះ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិនបានផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសសុីរីដែលទទួលរងគ្រោះរញ្ជួយដីដែរនោះទេ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី៨ ខែកុម្ភៈ លើកឡើងថា កម្ពុជា មានក្ដីរន្ធត់បន្ទាប់ពីបានទទួលព័ត៌មានអំពីសោកនាដកម្មនៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និងអ្នករងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីនៅខេត្តភាគអាគ្នេយ៍នៃសាធារណរដ្ឋតួកគី។

សេចក្តីថ្លែងការណ៍បន្តថា ការផ្តល់ជំនួយមនុស្សធម៌នេះ គឺក្នុងស្មារតីមិត្តភាពជិតស្និទ្ធ សាមគ្គីភាព និងចូលរួមជួយសម្រាលទុក្ខលំបាករបស់រដ្ឋាភិបាលតួកគី។

កាលពីថ្ងៃទី៦ ខែកុម្ភៈ គ្រោះរញ្ជួយដីកម្រិត ៧,៨ រិចទ័រ បានធ្វើឱ្យអគាររាប់ពាន់ រួមទាំង មន្ទីរពេទ្យ សាលារៀន ដួលរលំ ហើយមនុស្សរាប់ម៉ឺននាក់រងរបួស និងបានធ្វើឱ្យមនុស្សជាច្រើននាក់ផ្សេងទៀតគ្មានផ្ទះសម្បែង នៅក្នុងប្រទេសតួកគី និងភាគខាងជើងប្រទេសស៊ីរី។

គិតមកដល់ថ្ងៃទី៨ ខែកុម្ភៈនេះ ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅក្នុងប្រទេសតួកគី បានកើនឡើងដល់ ៥ ៨៩៤នាក់ និងជាង ៣៤ ០០០នាក់បានរងរបួស រីឯនៅក្នុងប្រទេសស៊ីរី ចំនួនអ្នកស្លាប់កើនដល់ប្រមាណ១ ៩៣២នាក់។

ទោះជាយ៉ាងណា នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស មិនបានឃើញបញ្ជាក់អំពីការផ្តល់ជំនួយមនុស្សធម៌ទៅដល់ប្រទេសស៊ីរីនោះទេ។ 

សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសសុីរីកំពុងរងទណ្ឌកម្មដ៏ធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅសហភាពអឺរ៉ុប៕










No comments:

Post a Comment