ស្ថានទូតរុស្ស៊ីប្រចាំនៅអង់គ្លេស សម្តែងការព្រួយបារម្ភ ខណ: ទីក្រុងឡុងដ៍ បង្ហាញជំហរក្នុងការចង់បញ្ជូនយន្តហោះចម្បាំងទៅកាន់ប្រទេសអ៊ុយក្រែន ដោយរុស្សុីនិយាយថា ទង្វើបែបនេះនឹងមានផលប៉ះពាល់ផ្នែកយោធា និងនយោបាយយ៉ាងធ្ងន់ធ្ងរសម្រាប់ពិភពលោកទាំងមូល។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) ស្ថិតនៅក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃពុធ ខណៈលោកបានអំពាវនាវឱ្យអង់គ្លេសផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន។
អង់គ្លេសបាននិយាយថា ខ្លួននឹងចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះចម្បាំងអ៊ុយក្រែនពីរបៀបប្រើប្រាស់ ប៉ុន្តែមិនទាន់បានសន្យាថានឹងបញ្ជូនយន្តហោះនោះនៅឡើយទេ។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី ស្ថានទូតរុស្សុីបាននិយាយថា៖ «ការបង្ហូរឈាម ការកើនឡើងនៃភាពតានតឹងផ្នែកយោធា និងនយោបាយសម្រាប់ទ្វីបអឺរ៉ុប និងពិភពលោកទាំងមូល នឹងកើតឡើង ជាលទ្ធផលពីការបញ្ជូនយន្តហោះចម្បាំងទៅកាន់អ៊ុយក្រែន»។
ប្រភពដដែលបន្តថា៖ «រុស្ស៊ីនឹងរកវិធីដើម្បីឆ្លើយតបចំពោះចំណាត់ការរបស់អង់គ្លេស»។
ទីក្រុងមូស្គូ បានចោទប្រកាន់លោកខាងលិចម្តងហើយម្តងទៀត ថាជាអ្នកបញ្ឆេះជម្លោះនៅអ៊ុយក្រែន ដោយផ្គត់ផ្គង់ឱ្យអ៊ុយក្រែននូវឧបករណ៍យោធាទំនើបៗមានតម្លៃរាប់ពាន់លានដុល្លារ។
ទីក្រុងកៀវ និងលោកខាងលិច និយាយថា ជំនួយយោធាទាំងនោះសំខាន់ណាស់ក្នុងការជួយអ៊ុយក្រែនប្រឆាំងនឹងអ្វីដែលខ្លួនហៅថាជាសង្គ្រាមឈ្លានពានខុសច្បាប់របស់រុស្ស៊ី។
គួរបញ្ជាក់ថា លោក Zelenskiy ត្រូវបានអញ្ជើញឱ្យទៅចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុប ដែលប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល (Brussels) ប្រទេសបែលហ្ស៊ិក (Belgium) នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ៕
No comments:
Post a Comment