(វ៉ាស៊ីនតោន)៖ កងទ័ពអាកាសអាមេរិក បានបាញ់ទម្លាក់បាឡុងស៊ើបការណ៏មួយដែលទីក្រុងវ៉ាស៊ីនតោនសង្ស័យថាជាបាឡុងចារកម្មរបស់ចិនហើយ ក្រោយពីស្ទាក់ស្ទើរមិនបានបាញ់ទម្លាក់អស់រយៈពេលប៉ុន្មានថ្ងៃមកនេះ ព្រោះខ្លាចកម្ទេចកម្ទីរបស់វា បង្កគ្រោះថ្នាក់ដល់មនុស្សនៅខាងក្រោម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។
ព័ត៌មានពីការបាញ់ទម្លាក់បាឡុងចិន ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន ដែលបានអះអាងថាបាឡុងនេះត្រូវបានចិនប្រើប្រាស់ដើម្បីស៊ើបការណ៍សម្ងាត់លើទីតាំង យុទ្ធសាស្ត្រសំខាន់នៅទ្វីបអាមេរិក។ នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះដែរ (ម៉ោងនៅវ៉ាស៊ីនតោន) ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសពីជោគជ័យក្នុងការបាញ់ទម្លាក់បាឡុងចិន។
លោក បៃឌិន បញ្ជាក់ថា «យើងបានបាញ់ ទម្លាក់វាដោយជោគជ័យ ហើយខ្ញុំពិតជាកោតសរសើរយ៉ាងខ្លាំងចំពោះពីឡុតរបស់យើងដែលបានបាញ់វា»។
បាឡុងចិនត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលមួយគ្រាប់ដែលបាញ់ចេញពីយន្ដហោះចម្បាំង F-22 ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក បាឡុងនេះហោះនៅរយៈកម្ពស់ ១៨,៣០០ម៉ែត្រ ខណៈប្រតិបត្តិការមួយ បានធ្វើឡើងនៅក្នុងដែនទឹកនៃមហាសមុទ្រអាត្លង់ទិក ដើម្បីប្រមូលកម្ទេចកម្ទីនៃបាឡុងនេះ។
គួរបញ្ជាក់ថា បាឡុងចិននេះបានហោះលើតំបន់អាមេរិកខាងជើង រួមទាំងដែនអាកាសរបស់សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយវាក៏បង្កឱ្យមានភាពតានតឹងជាថ្មីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង រហូតដល់មានការផ្អាកដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក អាន់តូនី ប៊ី្លនខិន ទៅកាន់ទីក្រុងប៉េកាំង ដែលដំបូងឡើយគ្រោងនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ។ សហរដ្ឋអាមេរិក បានចោទថាបាឡុងខាងលើត្រូវបានចិនប្រើប្រាស់ដើម្បីស៊ើបការណ៍សម្ងាត់ ប៉ុន្តែខាងចិនប្រកែកថាវាជាបាឡុងស៊ីវិលធម្មតា ហើយថាអាមេរិកចង់យកឧប្បដិហេតុបាឡុងនេះ ដើម្បីមួលបង្កាច់ចិន៕
No comments:
Post a Comment