កាលថ្ងៃអង្គារ នាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ ១គ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរមកដល់ទីក្រុងប៊ូសាន (Busan) ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ដែលវាជាការបង្ហាញសាច់ដុំយោធាថ្មីមួយទៀតរបស់ទីក្រុងវ៉ាស៉ីនតោន ប្រឆាំងនឹងការកើនឡើងនៃការគំរាមកំហែងពីកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣។
នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Nimitz បានចូលចតនៅកំពង់ផែក្រុងប៊ូសាន ដែលមានចម្ងាយជាង៣០០គីឡូម៉ែត្រ ពីភាគអាគ្នេយ៍រដ្ឋធានីសេអ៊ូល បន្ទាប់ពីនាវានោះ ហើយនិងក្រុមនាវាយោធាអមដំណើររបស់វា បានឆ្លៀតធ្វើការហ្វឹកហាត់ជាមួយកងកម្លាំងយោធាជើងទឹកកូរ៉េខាងត្បូង នៅក្នុងដែនទឹកអន្តរជាតិក្បែរកោះចេជូ (Jeju) កាលពីថ្ងៃចន្ទ។
ក្នុងចំណោមក្រុមនាវាដែលអមដំណើរ នាវា Nimitz ក៏មាននាវាពិឃាដ២គ្រឿងផងដែរ ហើយនៅលើនាវាផ្ទុកយន្តហោះចម្បាំងនោះ មានយន្តហោះយោធាប្រហែល៧០គ្រឿង ដូចជាយន្តហោះចម្បាំង F/A-18 និងឧទ្ធម្ភាគចក្រ E-2 Hawkeye។ កាលពីខែកញ្ញា ឆ្នាំមុន អាមេរិកបានចល័តនាវាផ្ទុកយន្តហោះចម្បាំងមួយគ្រឿងទៀតគឺ USS Ronald Reagan មកកាន់កូរ៉េខាងត្បូង សម្រាប់ការធ្វើសមយុទ្ធយោធារួម។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្តាហ៍នេះ កូរ៉េខាងជើងបានបាញ់មីស៉ីលបាលិស្ទីគរយៈចម្ងាយខ្លី២គ្រាប់ ដើម្បីបន្តសម្តែងការជំទាស់ចំពោះ សមយុទ្ធយោធារួមរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ខណៈនៅថ្ងៃអង្គារនេះ ប្រមុខដឹកនាំកំពូលទីក្រុងព្យុងយ៉ាង លោក គីម ជុងអ៊ុន បានចេញបញ្ជាឱ្យបង្កើនការផលិតសម្ភារសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ ដើម្បីពង្រីកឃ្លាំងអាវុធរបស់ខ្លួន ជាមួយការសង្កត់ធ្ងន់ថា កូរ៉េខាងជើងគួរតែត្រៀមខ្លួនឱ្យបានរួចរាល់ ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅគ្រប់ពេលវេលា ក្នុងករណីចាំបាច់៕
No comments:
Post a Comment