Pages - Menu

Thursday, March 9, 2023

ប្រវត្តិសិក្សាចៅស្រីឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែលទើបទទួលការតែងតាំងជាសមាជិកខុទ្ទកាល័យ!


លោកស្រី អ៊ាង និធិជ្ជនី ដឺណេ ចៅស្រីលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ទើប​ទទួល​បាន​ការ​តែងតាំង​ជា​សមាជិក​ខុទ្ទកាល័យ​​នៃ​ក្រសួង​រៀបចំដែនដី គឺជា​អ្នកសិក្សា​​បាន​ខ្ពង់ខ្ពស់​មួយ​រូប ​ដោយ​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​មក​ពី​ប្រទេស​អង់គ្លេស។

កូនស្រីបង្កើតលោក អ៊ាង សុផល្លែត ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូប​នេះ ​​​​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ ជំនាញ​ច្បាប់ ពី​សាកលវិទ្យាល័យ​ Queen Mary University of London នៃ​ប្រទេស​អង់គ្លេស ​​និង​ទើប​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ​លើ​ជំនាញ​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ ពី​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​វិទ្យាសាស្ត្រនយោបាយ​ទីក្រុងឡុងដ៍ ​​ប្រទេស​អង់គ្លេស កាល​ពី​ឆ្នាំ២០២២។

លោកស្រី អ៊ាង និធិជ្ជនី ដឺណេ កូនស្រីរបស់លោកស្រី ​ជា សុផាកន្នី បាន​ចូលរោងជ័យចាប់ដៃគ្នា​ជាប្តីប្រពន្ធ​នឹងលោក ប៉ែន សំអាត សុទ្ធចិត្ត ដែលស្គាល់ថាជាកូនប្រុសរបស់លោកស្រី ហាក់ ស្រីទូច និងលោក ប៉ែន សំអាត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអតីតអគ្គនាយករងគយ និងរដ្ឋាករកម្ពុជា។ ពិធីមង្គលអាពាហ៏ពិពាហ៏រៀបចំនៅភូមិគ្រឹះរបស់ឯកឧត្តមជា សុផារ៉ាដែលជាអតីតចៅហ្វាយក្រុងភ្នំពេញផងដែរហើយពិធីជប់លៀងនៅមជ្ឈមណ្ឌលសន្និបាត និង​ពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។

ក្រោយ​ចប់​ការ​សិក្សា​ថ្នាក់អនុបណ្ឌិត​មក​ពី​ប្រទេស​នៃ​តំបន់​អឺរ៉ុប លោកស្រី អ៊ាង និធិជ្ជនី ដឺណេ បាន​ចាប់​ផ្តើម​ប្រឡូក​ក្នុង​វិថីការងារ​លើ​ផ្នែក​សាធារណៈ​ ដោយ​បាន​សិក្សា​ស្វែង​យល់​ពី​​ក្រសួងរៀបចំដែនដី ស្ទើរ​តែ​គ្រប់​ផ្នែក​ទាំង​អស់។ ដោយឃើញពីភាពឧស្សាហ៍ព្យាយាម ការ​ខិតខំប្រឹងប្រែង និង​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់​ផង​នោះ លោកស្រី អ៊ាង និធិជ្ជនី ដឺណេ ​​ត្រូវ​បាន​លោក​ឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា ​​​សម្រេច​តែងតាំង​ជា​ សមាជិក​ខុទ្ទកាល័យ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ​​កាលពី​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ២០២៣៕



No comments:

Post a Comment