នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានទៅដល់ទីក្រុងកៀវហើយនៅថ្ងៃអង្គារ ទី២១ មីនានេះ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដែលជាដំណើរទស្សនកិច្ចមិនមានការប្រកាសជាមុន ហើយបញ្ជាក់ពីការគាំទ្រយ៉ាងពេញទំហឹងរបស់ទីក្រុងតូក្យូ សម្រាប់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃអង្គារ ទី២២ខែមីនា ឆ្នាំ២០២៣នេះ។
លោក Kishida គឺជាមេដឹកនាំតែម្នាក់គត់នៃក្រុមប្រទេសអ្នកមានទាំងប្រាំពីរហៅកាត់ថា G7 ដែលមិនទៅទស្សនកិច្ចនៅអ៊ុយក្រែន ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីកាលពីខែកុម្ភៈឆ្នាំមុន។
នៅថ្ងៃអង្គារម្សិលមិញ លោកបានទៅទស្សនាទីក្រុង Bucha ជាកន្លែងដែលអភិបាលក្រុងបាននិយាយថា ជនស៊ីវិលជាង ៤០០នាក់ ត្រូវបានសម្លាប់កាលពីឆ្នាំមុនដោយកងកម្លាំងរុស្ស៊ី។ លោកដាក់កម្រងផ្កានៅខាងក្រៅព្រះវិហារ មុននឹងនៅស្ងៀមស្ងាត់ ហើយក្រាបសំពះមួយភ្លែត។
លោក Kishida បាននិយាយថា «ពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបានឃើញជនស៊ីវិលស្លូតត្រង់ត្រូវបានសម្លាប់កាលពីមួយឆ្នាំមុន។ ខ្ញុំពិតជាមានការខឹងសម្បារចំពោះអំពើឃោរឃៅដែលបានប្រព្រឹត្តនេះណាស់»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោក Kishida នេះ គឺស្របពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទៅកាន់ប្រទេសរុស្ស៊ី។ នៅក្នុងអ្វីដែលហាក់ដូចជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចនេះ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចំនួនពីររបស់ខ្លួ នបានហោះហើរលើ សមុទ្រជប៉ុន អស់រយៈពេលជាងប្រាំពីរម៉ោងកាលថ្ងៃអង្គារ៕
No comments:
Post a Comment