Pages - Menu

Sunday, April 23, 2023

គ្រូជោគជ័យចំនួន៩នាក់ រួមមានឈ្មោះ ជា សារ៉ន និងបក្ខពួកសរុប៩នាក់ត្រូវបានចាប់ខ្លួននៅខេត្តកំពត ពីបទឆបោក!

ពលរដ្ឋជាង២,៤០០នាក់ នៅខេត្ដកំពត វ័ណ្ឌករបំណុលជិត៤០លានដុល្លារ ក្រោយចាញ់បោកទិញដីឡូតិ៍ របស់ក្រុមហ៊ុន «ជា សារ៉ន», ឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុប៩នាក់ ត្រូវបានចាប់ខ្លួន នៅថ្ងៃនេះ។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះថា ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ឈ្មោះឧកញ៉ា ជា សារ៉ន និងបក្ខពួកសរុបចំនួន៩នាក់ ត្រូវបានឃាត់ខ្លួន ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងបទឆបោក ដែលធ្វើឲ្យប្រជាពលរដ្ឋលង់ខ្លួន ទៅខ្ចីលុយពីស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ រួមទាំងលុយផ្ទាល់ខ្លួន ទៅទិញដីឡូតិ៍របស់ឧកញ៉ា ជា សារ៉ននេះ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានគូសបញ្ជាក់ថា នៅក្នុងខេត្តកំពត មានប្រជាពលរដ្ឋចំនួន ២,៤៦១នាក់ ស្រី ៦៨២នាក់ បានទៅខ្ចីប្រាក់ពីធនាគារ-មីក្រូហិរញ្ញវត្ថុ និងថវិកាផ្ទាល់ខ្លួនទៅដាក់វិនិយោគជាមួយក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ដើម្បីទទួលបានការប្រាក់ប្រចាំខែទៅតាមចំនួនប្រាក់ ដែលប្រជាពលរដ្ឋបានវិនិយោគ​ ជាមួយក្រុមហ៊ុនមានដូចខាងក្រោម៖

* ចំនួនទឹកប្រាក់កម្ចីសរុប៤០,៥៨២,២២៥ដុល្លារ និង ៨៨,០០០,០០០រៀល

* ចំនួនទឹកប្រាក់ផ្ទាល់ខ្លួនសរុប១,១២០,២៣៧ដុល្លារ

* ចំនួនទឹកប្រាក់វិនិយោគជាមួយក្រុមហ៊ុន៣៨,៧៩៤,២៥៩ដុល្លារ និង១០២,៤០០,០០០រៀល។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោក ញូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត បានចុះទៅសម្របសម្រួល និងដោះស្រាយករណី ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន ជាមួយនឹងប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ដែលមានបញ្ហាដោយសារក្រុមហ៊ុនមិនបានធ្វើតាមកិច្ចសន្យា ធ្វើឲ្យពលរដ្ឋដែលជាអ្នកវិនិយោគ ភ្នាក់ងារលក់ និងអ្នកទិញដីឡូតិ៍ ពិសេសអ្នកទៅខ្ចីលុយធនាគារមកឲ្យក្រុមហ៊ុន ដើម្បីបានចំណេញប្រាក់ ធ្លាក់ខ្លួនជំពាក់បំណុលធនាគារដោះស្រាយមិនរួច។

ការសម្របសម្រួលដោះស្រាយនេះ បានប្រព្រឹត្តធ្វើឡើងនៅបរិវេណវត្ត អង្គឈូក ឃុំឈូក ស្រុកឈូក។ ជាលទ្ធផលក្នុងការដោះស្រាយ ក្រោមការសម្របសម្រួលពេលនោះ ក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ ជា សារ៉ន ឯកភាពយល់ព្រមទទួលខុសត្រូវ និងចេញសងរាល់បំណុលដែលប្រជាពលរដ្ឋទៅខ្ចីធនាគារ ឬអ្នកមានមកឲ្យក្រុមហ៊ុន។ ប្លង់ផ្សេងៗដែលប្រជាពលរដ្ឋយកទៅដាក់ខ្ចីលុយនោះ លោក ជា សារ៉ន ត្រូវយកមកឲ្យពលរដ្ឋវិញ។ ចំពោះពលរដ្ឋដែលទិញដីបង់លុយគ្រប់ចំនួនហើយ តែមិនទាន់បានប្លង់នោះ គឺលោកអភិបាលខេត្តនឹងឲ្យជំនាញចុះរៀបចំធ្វើប្លង់ជូន។

តាមប្រជាពលរដ្ឋដែលជាអតិថិជនក្នុងទំនាស់នោះ បានប្រាប់ឲ្យដឹងថា ពួកគាត់លង់ជឿងប់លើក្រុមហ៊ុន ហើយក៏បាននាំគ្នាទៅខ្ចីលុយធនាគារ ដើម្បីបានចំណេញប្រាក់ ដោយខ្ចីធនាគារ១ម៉ឺនដុល្លា ត្រូវបង់ឲ្យក្រុមហ៊ុនតែ៧ពាន់ដុល្លាប៉ុណ្ណោះ ហើយក្រុមហ៊ុនធានាបង់សងធនាគារទាំងអស់។ ប៉ុន្តែរយៈពេលពីរទៅបីខែចុងក្រោយនេះ ក្រុមហ៊ុនអត់ធ្វើតាមកិច្ចសន្យាទេ ធ្វើឲ្យខាងធនាគារមកទារលុយពួកគាត់រាល់ថ្ងៃ ហើយពួកគាត់ត្រូវបង់ការប្រាក់រាល់ខែ៕












No comments:

Post a Comment