(តៃប៉ិ)៖ ស្ថានទូតរបស់អាមេរិកប្រចាំកោះតៃវ៉ាន់ នៅថ្ងៃអាទិត្យនេះ បាននិយាយថា សហរដ្ឋអាមេរិកកំពុងតែឃ្លាំមើលយ៉ាងដិតដល់ ចំពោះការធ្វើសមយុទ្ធយោធារបស់ចិននៅជុំវិញតៃវ៉ាន់ ហើយមានភាពជឿជាក់ថា ខ្លួនមានសមត្ថភាពនិងធនធានគ្រប់គ្រាន់នៅក្នុងតំបន់ ដើម្បីធានាសន្តិភាពនិងស្ថិរភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣។
ចិនដែលចាត់ទុកតៃវ៉ាន់ត្រឹមជាខេត្តមួយរបស់ខ្លួន បានចាប់ផ្តើមការធ្វើសមយុទ្ធយោធារយៈពេល៣ថ្ងៃ នៅជុំវិញដែនកោះនេះ កាលពីថ្ងៃសៅរ៍ ពោលគឺ១ថ្ងៃ បន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing Wen) ទើបវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញ។ កាលពីកំលុងពេលឈប់សម្រាក នៅទីក្រុងឡូសអាន់ជេឡេស (Los Angeles) ក្នុងដំណើរត្រឡប់ពីការបំពេញទស្សនកិច្ចផ្លូវការ នៅតំបន់អាមេរិកកណ្តាលវិញនោះ លោកស្រី សៃ បានជួបគ្នាជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ខេវិន ម៉ាកខាធី (Kevin McCarthy) ដែលជាការចចេសប្រឆាំងនឹងការព្រមានយ៉ាងទទូចពីចិន។
អ្នកនាំពាក្យនៃវិទ្យាស្ថានអាមេរិកនៅតៃវ៉ាន់ ដែលបម្រើជាស្ថានទូតមិនផ្លូវការរបស់សហរដ្ឋអាមេរិក ដោយសារតែភាគីគ្មានចំណងការទូតផ្លូវការនោះ បាននិយាយយ៉ាងដូច្នេះថា «យើងកំពុងឃ្លាំមើលសកម្មភាពរបស់ទីក្រុងប៉េកាំង យ៉ាងយកចិត្តទុកដាក់បំផុត។ ដូចដែលយើងធ្លាប់និយាយអ៉ីចឹង គឺពុំមានហេតុផលអ្វីដែលទីក្រុងប៉េកាំង ត្រូវប្រែក្លាយរឿងដែលជាទម្លាប់យូរមកហើយ ឱ្យទៅជារឿងមួយផ្សេងទៀត ឬប្រើប្រាស់វាធ្វើជាលេស ដើម្បីបញ្ចេញប្រតិកម្មហួសហេតុនោះឡើយ»។
អ្នកនាំពាក្យខាងលើបានបន្តថា «យើងមិនភ័យបារម្ភអ្វីទេ និងជឿជាក់ថា យើងមានធនធានក៏ដូចជាសមត្ថភាពគ្រប់គ្រាន់នៅក្នុងតំបន់ ដើម្បីធានាសន្តិភាពនិងស្ថិរភាព ហើយបំពេញតាមការប្តេជ្ញាចំពោះសន្តិសុខជាតិរបស់យើង»។ ទីក្រុងវ៉ាស៉ីនតោនបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយទីក្រុងតៃប៉ិ ដើម្បីងាកទៅរកទីក្រុងប៉េកាំង កាលពីឆ្នាំ១៩៧៩ ប៉ុន្តែមានកាតព្វកិច្ចក្រោមច្បាប់របស់ខ្លួនផ្ទាល់ ក្នុងការជួយផ្គត់ផ្គង់សព្វាវុធដល់តៃវ៉ាន់ ដើម្បីឱ្យដែនកោះនេះ មានមធ្យោបាយការពារខ្លួន។
គួរបញ្ជាក់ថា ចំណែកចិនដែលពុំធ្លាប់ប្រកាសបោះបង់ចោលជម្រើស បង្រួបបង្រួមគ្នាវិញជាមួយតៃវ៉ាន់ ដោយប្រើប្រាស់កម្លាំងយោធាឡើយនោះ បានសង្កត់ធ្ងន់ថា តៃវ៉ាន់គឺជាបញ្ហាដ៏សំខាន់និងរសើបបំផុត ហើយក៏ជាបន្ទាត់ក្រហមដំបូងគេផងដែរ នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៉ីនតោន ខណៈប្រធានបទពាក់ព័ន្ធនឹងដែនកោះនេះ ជារឿយៗគឺជាប្រភពនៃការកើនឡើងភាពតានតឹងរវាងចិន-សហរដ្ឋអាមេរិក៕
No comments:
Post a Comment