អភិបាលក្រុងភ្នំពេញ គឺលោកឃួង ស្រេងនិងលោក ស ថេត ប្រឹងធ្វើមុខក្រាស់ឃ្មឹក ក្រាញមិនព្រមបង្ក្រាបល្បែងទឹកភ្លៀងល្មើសច្បាប់នៅនឹងស្តុបអូរឬស្សី កណ្តាលក្រុង ដែលលេងសាហាវជាងកាសុីណូNagaទៅទៀតនោះ។ ល្បែងទឹកភ្លៀងនេះ លេងចាញ់ឈ្នះលុយទាំងសែនៗដុល្លារក្នុងមួថ្ងៃៗ។
គួរដឹងថា តាំងពីថ្ងៃទី១៥ ខែមីនា ២០២៣ ដល់ថ្ងៃនេះ គេឃើញមេល្បែងឈ្មោះ(សួរ)ស្តេចល្បែងទឹកភ្លៀង ជាមេល្បែងមានឥទ្ធិពលដែលអាចរារាំងអាជ្ញាធរទីក្រុងភ្នំពេញ មិនឲ្យបង្ក្រាបទីតាំងល្បែងខុសច្បាប់របស់ខ្លួនដោយរលួន។ បើគឹត្រឹមម៉ោងនេះទំនងជាគ្មានអាជ្ញាធរមកពីគណបក្សប្រជាជនកំពុងកាន់អំណាចហ៊ានមកបង្ក្រាបបនល្បែងទឹកភ្លៀងពួកនេះឡើយ។
ឈ្មោះ " សួ" បើកលេងទឹកភ្លៀងយ៉ាងចំហរ ឥតញញើតច្បាប់ ឬមិនខ្លាចអាជ្ញាធរទីក្រុងភ្នំពេញឡើយ ដែលធ្វើអោយមហាជនមើលឃើញអាជ្ញាធរក្រុងភ្នំពេញនិងរាជរដ្ឋាភិបាលអសមត្ថភាព។ ប្រជាពលរដ្ឋនិយាយថាឈ្មោះ "សួរ" អាចធ្វើអោយអាជ្ញាធរក្រុងទាំងមូលបាក់អំនួតដោយឥទ្ធិពលដុល្លារ របស់ខ្លួន។ នេះជាការលើកឡើងចេញពីមាត់ពលរដ្ឋក្នុងក្រុងភ្នំពេញ ដែលស្អប់ខ្ពើមល្បែងសុីសងនិងពីមាត់ក្រុមគ្រួសារដែលរងគ្រោះព្រោះមានសាច់ញាតិខ្លួនចាញ់ល្បែងទឹកភ្លៀងនេះយ៉ាងធ្ងន់ធ្ងរ។
ពលរដ្ឋនិយាយពីមាត់មួយទៅមួយថា លោកឃួង ស្រេង បានត្រឹមតែប្រជុំដាក់ផែនការបង្ក្រាបនៅក្នុងអង្គប្រជុំគណបញ្ជាការឯកភាពប៉ុណ្ណោះ ។ ពេលប្រជុំនិយាយយ៉ាងបែកពពុះមាត់ ក្តៅគគុក តែចេញផុតពីសាលប្រជុំ ល្បែងភ្នាល់ទឹកភ្លៀង និងល្បែងសុីសងផ្សេងៗទៀតរីកដូចផ្សិតដដែល។
គួររម្លឹកថា បនល្បែងទឹកភ្លៀងប្រើច្បាប់ក្រោមតុនេះ គេដាក់បំពង់ទទឹកឬបំពង់វាស់ទឹកភ្លៀង នៅខាងលើដំបូលផ្ទះជាន់ទី៥ ត្រង់ចំណុចស្តុបខាងជើងផ្សារអូរឬស្សី តាមផ្លូវស្ហ្សាឌឺហ្គោល។
ប្រភពអោយដឹងថា លោក"សួរ" បើកលេងទឹកភ្លៀងជាង៣០ឆ្នាំនៅកន្លែងដដែលនេះ ហើយមានសម័យ លោកហេង ពៅ ធ្វើជាស្នងការក្រុងភ្នំពេញទេ ដែលបានចាប់ ឈ្មោះ(សួរ)វ៉ៃខ្នោះញាត់ចូលឡានយកទៅស្នងការដ្ឋាននគរបាលក្រុងភ្នំពេញបានម្តងធ្វើអោយឈ្មោះ "សួរ" រាកនោមដាក់ខោក្នុងឡានប៉ូលីស និង បាក់អំនួត ខ្មាស់គេស្ទើរលែងមកជាន់ដីស្រុកខ្មែរ។
នៅទីសាធារណៈតាមតូបកាហ្វេព្រឹកៗវិញ មានពាក្យចចាមរាមថា «លោកចៅហ្វាយក្រុង ឃួង ស្រេង និងលោកស្នងការក្រុង ស ថេត ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចមានអំណាចខ្លាំងៗឯទៀតប្រចាំទីក្រុងនេះ ត្រូវមេល្បែងទឹកភ្លៀងទិញទឹកចិត្ត ដាក់ថ្នាំសណ្តំប្រភេទដុល្លារ អាមេរិកដេកលក់អស់ហើយ ទើបល្បែងទឹកភ្លៀងនេះល្មើសច្បាប់របស់លោក«សួរ» លេងបានយ៉ាងភ្លូកទឹកភ្លូកដី តាំងពីថ្ងៃ១៥ មីនា ២០២៣មក ហើយសូម្បីតែនៅបាត់ដំបងឆ្នាំនេះអាជ្ញាធរខេត្តនោះបិទជិតឈឹង ហើយមេល្បែងនិងអ្នកលេងភ្នាល់ទឹកភ្លៀងក៏រត់មកជ្រកលេងនៅទីតាំងរបស់ឈ្មោះ សួរ នៅអូរឬស្សីក្រុងភ្នំពេញ។
សាលាដំបូងរាជធានីភ្នំពេញនិងអាជ្ញាធរក្រុងភ្នំពេញ ក៏មិន ឃើញកោះហៅមេល្បែងទឹកភ្លៀងនិង អាជ្ញាធរពាក់ព័ន្ធមកសាកសួរពីបទល្មើសនេះទេ សង្ស័យតែតុលាការក៏ទទួលសំណូកពីមេល្បែងទឹកភ្លៀងឈ្មោះ "សួរ" នេះ ដែរ។លោកឈួន ពិដោរ ជាអ្នកលេងទឹកភ្លៀងមួយរូបដែលមានផ្ទ:នៅក្បែរផ្សារអូរឬស្សី បានអោយដឹងថា(លោកសួរ)ជាមេល្បែងទឹកភ្លៀងអត់ច្បាប់៣០ឆ្នាំហើយ។ឆ្នាំនេះ លោក សួរចាយលុយអស់ដល់ទៅខ្ទង់លានដុល្លាឯណោះដើម្បីទិញច្បាប់ក្រោមតុ ដែលអាចលេងពេញមួយរដូវ២០២៣នេះគ្មាននរណាចាប់។ លោកពិដោរបន្តថា៖មេល្បែងទឹកភ្លៀងរូបនេះបើកលេងដោយប្រើម៉ាសុីន កត់ត្រា រាល់ការចាក់ភ្នាល់ទិញចូលនិងការលក់ចេញដោយស្វ័យប្រវត្តិរបៀបដូចហ្គេមក្នុងកាសុីណូទាំងស្រុង។ របៀបលេងគឺ អ្នកលេងត្រូវតែយកលុយតំកល់ទៅដាក់ក្នុងធនាគារជាមុន។អ្នកលេងធំៗគេដាក់លុយតំកល់ចូលធនាគារចាប់ពីរាប់មុឺនដុល្លារឡើងទៅ ហើយ មានឧញ៉ានិងលោកផ្កាយៗខ្លះ ម្នាក់ៗបានដាក់លុយតំកល់នៅធនាគារដល់ខ្ទង់លានដុល្លារឡើងឯណោះយកមកបញ្ចូលម៉ាសុីន ព្រោះគេលេងធំ។
លោក ឃួង ស្រេងអភិបាលក្រុងភ្នំពេញនិង លោក ស ថេត ស្នងការនគរបាលក្រុងភ្នំពេញ មិនអាចទាក់ទងបំភ្លឺពាក់ពន្ធ័នឹងឥរិយាបទស្ងាត់ស្ងៀមមិនព្រម បង្ក្រាបបនល្បែងទឹកភ្លៀងកណ្តាលក្រុងភ្នំពេញនេះបានទេ ដោយទូរសព្ទ័របស់លោកទាំង២សុទ្ធតែពុំអាចទទួលការហៅចូលជាច្រើនលើកពីព្រឹកនេះ៕
No comments:
Post a Comment