យោងតាមសេចក្តីថ្លែងការណ៏ របស់អង្គការលីកាដូ បានគូសបញ្ជាក់នៅក្នុងឱកាសនៃការប្រារព្ធទិវាអន្តរជាតិនៃសិទិ្ធកុមារ ឆ្នាំ២០២៣ នេះថា នៅខណៈដែល កំណើននៃការឃុំខ្លួនអនីតិជននៅក្នុងពន្ធនាគារមានការកើនឡើងខ្ពស់គួរឱ្យកត់សម្គាល់ អង្គការ លីកាដូ សូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះរួមមាន ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ និងស្ថាប័នតុលាការ សូមមេត្តាធ្វើការដោះស្រាយជាបន្ទាន់ចំពោះវិបត្តិដែលកុមារជាច្រើននាក់កំពុងជាប់ឃុំ និងចម្រើនវ័យនៅក្នុងពន្ធនាគារដ៍ចង្អៀតណែន ហើយដែលការឃុំខ្លួនលើកុមារទាំងនោះ គឺមិនមាន ភាពចាំបាច់ទាល់តែសោះ ។
លីកាដូឲ្យដឹងថា ចំនួនអនីតិជន ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារទាំង ១៩ កន្លែង ដែលអង្គការ លីកាដូ បានឃ្លាំមើល មានការកើនឡើងជាង ៣០% ដែលជាចំនួនលើសពីចំនួននៅក្នុងឆ្នាំមុន ។ នេះបើយោងទៅតាមព័ត៌មានដែលទទួលបានពីមន្ត្រីរដ្ឋបាលពន្ធនាគារជាច្រើន ។ ចំនួនអនីតិជននៅក្នុង ពន្ធនាគារមានរហូតដល់ទៅ ១.៦៥៨ នាក់ ក្នុងខែមេសា ឆ្នាំ ២០២៣ ។ ប្រហែល ៩៦% នៃអនីតិជនទាំងនោះជាកុមារា ៥២% នៃកុមារទាំងនោះ គឺកំពុងតែជាប់ឃុំជាបណ្តោះអាសន្ន រង់ចាំសវនាការ និង ៣៧% ផ្សេងទៀតកំពុងរង់ចាំសាលក្រមស្ថាពរ ៕
No comments:
Post a Comment