លោកហ៊ុន សែនថតសែលហ្វី (Selfies) ជាមួយកម្មការនី នាព្រឹកមិញនេះ ដោយ
ទឹកមុខរីករាយជាទីបំផុត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកនេះ បានបន្តសប្បាយរីករាយដោយថតសែលហ្វី (Selfies) ជាមួយកម្មករ-កម្មការនីរោងចក្រជាង ៤ ពាន់នាក់ នៅឯកោះពេជ្រ ដូចការគ្រោងទុករបស់លោក ដែលកំណត់យក ២ដងក្នុងមួយសប្ដាហ៍។
អ្នកតាមដានមើលឃើញថា ការបន្តចុះជួបកម្មករ-កម្មការនីដោយសប្បាយក្អាកក្អាយបែបនេះ គឺ បន្ទាប់ពីលោកហ៊ុន សែនបានកំចាត់គូប្រជែងនយោបាយដ៏ស្រួចស្រាវរបស់លោកកឺលោក សម រង្ស៊ីនិងលោក កឹម សុខាមេដឹកនាំបក្សប្រឆាំងដ៏ធំនៅកម្ពុជាចេញពីឆាកនយោបាយខ្មែរដោយ ជោគជ័យនាពេលនេះ ហើយលោកហ៊ុន សែនអាចជិះសេះលែងដៃបានដោយងាយទៀតផង។
សកម្មភាពជួបកម្មករ-កម្មការនីនៅពេលព្រឹកនេះ ក៏មានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃទី០១ ខែតុលានេះ ផងដែរដោយបានរៀបរាប់ថា លោក ហ៊ុន សែន កំពុងជួប សំណេះសំណាលជាមួយតំណាងកម្មករដូចជា ប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម មកពីបណ្តារោងចក្រនានា មានចំនួនសរុប ៤៦១០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
នេះជាជំនួបជាមួយក្រុមកម្មករលើកទី ១០ របស់លោក ហ៊ុន សែន ចាប់តាំងពីថ្ងៃដែលលោកបានកំណត់ជួបជាមួយក្រុមកម្មករ ២ដងក្នុងមួយសប្ដាហ៍ ដោយកំណត់យកថ្ងៃពុធ ដើម្បីចុះជួបកម្មករនៅតាមរោងចក្រដោយផ្ទាល់ និងថ្ងៃអាទិត្យ លោកជួបសំណេះសំណាលជាមួយក្រុមកម្មករនៅឯមជ្ឈមណ្ឌលកោះពេជ្រ។
សកម្មភាពស្រដៀងគ្នានេះដែរ លោក ហ៊ុន សែន ក៏បានចុះជួបជាមួយប្រជាពលរដ្ឋទូទៅ ក្រុមអាជីវករ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេស ចាប់តាំងពីខែកក្កដាឆ្នាំមុនផងដែរ។
លោក ហ៊ុន សែន បានអះអាងកាលពីថ្ងៃទី២២ ខែសីហាឆ្នាំមុនថា ដំណើរចុះជួបសំណេះសំណាលជាមួយមហាជន គឺដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ។
យុទ្ធនាការស្វែងរកការគាំទ្រពីមហាជន ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង នៅមុនការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខនេះ គឺលោកហ៊ុន សែនសម្រុកខ្លាំងនៅពេលលោក បាន បញ្ជាកងកម្លាំងរបស់លោកឲ្យទៅចាប់វ៉ៃខ្នោះ លោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ ទាំង ពាក់កណ្លាអធ្រាត្រ ថ្ងៃ ទី ៣ កញ្ញា ដោយចោទថា “ក្បត់ជាតិ”។ លោក កឹម សុខា កំពុងជាប់ ឃុំក្នុងគុកត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនយួន នាពេលនេះ៕
0 comments:
Post a Comment