កម្មកររោងចក្រប្រមូលផ្តុំគ្នា តវ៉ានៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
កម្មករជិត១០០០នាក់ ធ្វើការនៅរោងចក្រមួយនៅក្នុងខេត្តកណ្តាល បានផ្ទុះការតវ៉ា នៅមុខផ្ទះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតនៅក្នុងក្រុងតាខ្មៅ ដើម្បីស្វែងរកការអន្តរាគមន៍ឲ្យជួយ ដោះស្រាយបញ្ហារបស់ពួកគេដោយចោទថា ថៅកែបើកប្រាក់ឈ្នួលឲ្យមិនគ្រប់នៅពេលថ្មីៗនេះ។
នៅពេលជាមួយគ្នានេះដែរ កម្មការរោងចក្រមួយក្រុមទៀតមកពីរោងចក្រ ហ្គាវ័ន្ត អីភេរឹល ក៏បាន ធ្វើការតវ៉ានៅមុខរាងចក្រដែលខ្លួនធ្វើការនៅក្រុងតាខ្មៅនេះដែរ។
តាមការអះអាងរបស់កម្មករ នៅពេលពួកគេប្រមូលផ្តុំនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពរឹកនេះ បានឲ្យដឹងថា ថៅកែរោងចក្រ ហ្គាវ័ន្ត អីភេរឹល បើកប្រាក់ឈ្នួលឲ្យពួកគេ ខ្វះម្នាក់ៗ ១០ទៅ២០ដុល្លាររាល់ខែ គឺមានរយៈពេលមួយឆ្នាំមកនេះ។ កម្មករបន្តថា ដោយសារមិនមាន ដំណោះស្រាយទើប ពួកគេនាំគ្នាសុំការអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រោងចក្រ ហ្គាវ័ន្ត អីភេរឹល ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល មានកម្មករបំពេញការងារចំនួន១១០០នាក់។ កម្មករអះអាងថា លុយដែលថៅកែនៅជំពាក់ពួកគេ ក្នុងម្នាក់ៗប្រមាណពី១៥០ ទៅ ២០០ដុល្លារ។
គួរគត់សំគាល់ដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានកំណត់យកថ្ងៃ ពុធ និងថ្ងៃ អាទិត្យជាថ្ងៃ ដែលលោកត្រូវជួបជាមួយកម្មការនី ជារៀងរាល់សប្តាហ៏។ តែពេលនេះបែរជាមានការតវ៉ានៅមុខផ្ទះរបស់លោកនៅក្នុងក្រុងតាខ្មៅ ដើម្បីឲ្យជួយរកយុត្តិធម៌ពី ករណីថៅកែរោងចក្រជំពាក់ប្រាក់ខែ ដល់ទៅ២០០ដុល្លារក្នុងម្នាក់ៗទៅវិញ៕
0 comments:
Post a Comment