ព្រឹទ្ធសមាជិកលោកចន ម៉ាកខេន
(John McCain) ដឹកនាំសមាជិកព្រឹទ្ធសភាអាមេរិក
ដទៃទៀត ថ្លែងក្នុងវិមានព្រឹទ្ធសភា កាពីតូល កន្លងមក។
ដទៃទៀត ថ្លែងក្នុងវិមានព្រឹទ្ធសភា កាពីតូល កន្លងមក។
សមាជិកព្រឹទ្ធសភាអាមេរិកទាំងពីររូប ដែលបានស្នើសេចក្ដីសម្រេច ដើម្បីរកដំណោះស្រាយជុំវិញវិបត្តិនយោបាយនៅកម្ពុជានោះ គឺលោក ចន ម៉ាកខេន (John McCain) និង លោក ឌិក ឌើប៊ិន (Dick Durbin)។ លោកទាំងពីរ បានស្នើឲ្យសភាអាមេរិក សម្រេចថ្កោលទោសរាល់ទម្រង់នៃការរំលោភ បំពានផ្នែកនយោបាយ និង ទាមទារឲ្យដោះលែងប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ជាបន្ទាន់។ សេចក្ដីសម្រេច ដែលមានកម្រាស់ ៨ ទំព័រ ត្រូវបានសមាជិកព្រឹទ្ធសភាទាំងពីររូប ដាក់ជូនក្នុងកិច្ចប្រជុំសភាពេញអង្គលើកទី ១១៥ កាលពីថ្ងៃទី ០៣ ខែ តុលា ម្សិលមិញ ដោយផ្ដោតសំខាន់លើ ៨ ចំណុច៖
ទី១៖ បញ្ជាក់ឡើងវិញ នូវការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការលើកស្ទួយ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។
ទី២៖ ថ្កោលទោស រាល់ទម្រង់នៃការរំលោភបំពានផ្នែកនយោបាយ នៅប្រទេសកម្ពុជា និង ទាមទារ ឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្ស ដែលបន្តកើតមាននៅកម្ពុជា។
ទី៣៖ ទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជា បញ្ឈប់ការធ្វើទុក្ខបុកម្នេញ និង ការគំរាមកំហែងមកលើគណបក្សប្រឆាំង និង ស្នើឲ្យបង្កបរិយាកាសឲ្យមានលក្ខណៈអំណោយផលល្អ ដល់ការរីកលូតលាស់ នៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
ទី៤៖ ទាមទារឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក សហការគ្នាជាមួយការិយាល័យត្រួតពិនិត្យទ្រព្យសម្បត្តិបរទេស នៃនាយកដ្ឋានរតនាគារ ពិចារណាដាក់មន្ត្រីរដ្ឋាភិបាលកម្ពុជា ទាំងឡាយណា ដែលជាប់ពាក់ព័ន្ធនឹងការរំលោភបំពានខាងលើ ឲ្យចូលទៅក្នុងបញ្ជីខ្មៅនៃជនដែលគ្រោះថ្នាក់ ត្រូវបង្កកទ្រព្យសម្បត្តិ និង ហាមឃាត់មិនឲ្យចូលទឹកដីអាមេរិក។
ទី៥៖ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា ជាបន្ទាន់ និង ដោយឥតលក្ខខណ្ឌ។
ទី៦៖ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិសេរីភាពសារព័ត៌មាន និង សិទ្ធិពលរដ្ឋរបស់ខ្លួន រួមមានសិទ្ធិក្នុងការជួបប្រជុំ សិទ្ធិធ្វើបាតុកម្ម និង តវ៉ា និង សិទ្ធិក្នុងការរិះគន់រដ្ឋាភិបាល ដោយគ្មានការរឹតត្បិត។
ទី៧៖ គាំទ្រកិច្ចខិតខំប្រឹងប្រែង កែទម្រង់ប្រព័ន្ធរៀបចំការបោះឆ្នោតនៅកម្ពុជា និង គាំទ្រឲ្យមានការបោះឆ្នោតជាតិនៅឆ្នាំ ២០១៨ ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌ ដោយមានអ្នកអង្កេតការណ៍បោះឆ្នោតអន្តរជាតិ ចូលរួមតាមដានដំណើរការបោះឆ្នោត។
និង ទី៨៖ ស្នើឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក ប្រាប់ទៅរដ្ឋាភិបាលកម្ពុជា ថាបើរដ្ឋាភិបាលនេះ មិនអើពើទៅនឹងអនុសាសន៍ របស់សហគមន៍អន្តរជាតិ និង បើនៅបន្តឲ្យបរិយាកាសនយោបាយ នៅតែមានភាពរឹតត្បិត និង មានការគំរាមកំហែង ដូចពេលបច្ចុប្បន្ននេះតទៅទៀត នោះរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងគ្មានជម្រើសអ្វី ក្រៅពីមិនទទួលស្គាល់ ការបោះឆ្នោតជាតិឆ្នាំ ២០១៨ ខាងមុខនោះទេ ព្រោះការបោះឆ្នោតក្នុងស្ថានភាពបែបនេះ នឹងគ្មានភាពសេរី ត្រឹមត្រូវ និង យុត្តិធម៌ ហើយក៏មិនឆ្លុះបញ្ចាំងអំពីឆន្ទៈពិតប្រាកដរបស់ពលរដ្ឋម្ចាស់ឆ្នោតនោះដែរ ដោយសារដំណើរការបោះឆ្នោត មិនបានធ្វើតាមបែបប្រជាធិបតេយ្យត្រឹមត្រូវ។
សារព័ត៌មានជាតិខ្មែរមិនទាន់អាចទាក់ទងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន កម្ពុជា ដើម្បីឆ្លើយតបនឹងចំណាត់ការថ្មីរបស់ក្រុមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកនាពេលនេះ បានទេ។
គួររំលឹកផងដែរថា កាលពីឆ្នាំ ១៩៩៨ សមាជិកសភាអាមេរិកមួយរូបលោក ដាណា រ៉ូរ៉ាបេកឃឺ (Dana-Rohrabacher) ក៏បានស្នើសេចក្តីសម្រេចច្បាប់ (Resolution) នេះ ដាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក្នុង បញ្ ចីខ្មៅនៃឧក្រិដ្ឋជនប្រឆាំងមនុស្សជាតិផងដែរ។ តែសេចក្តីសម្រេចនេះត្រូវបានផ្អាកទៅវិញ បន្ទាប់ ពីលោកហ៊ុន សែនយល់ព្រមអនុញ្ញាតឲ្យទ្រង់ នរោត្តម រណឬទ្ធិវិលត្រឡប់ចូលប្រឡូកក្នុងឆាក នយោបាយខ្មែរវិញ៕
0 comments:
Post a Comment