ការបង្ហាញគោលជំហរជាថ្មីរបស់គណបក្សកាន់អំណាចនេះ គឺខណះសមាជិកសភាអាស៊ាន ចេញ សេចក្តីថ្លែងការណ៍ថ្កោលទោស រដ្ឋាភិបាលលោក ហ៊ុន សែន ដែលប៉ុនប៉ងរំលាយគណបក្សប្រឆាំង ដោយចាត់ទុកចំណាត់ការបែបនេះ ថាជាការនាំប្រទេសកម្ពុជា ឲ្យក្លាយជារដ្ឋឯកបក្ស។ ប៉ុន្តែ មន្រ្តីជាន់ខ្ពស់បក្សកាន់អំណាច ថាការរម្លាយគណបក្សសង្គ្រោះជាតិ គឺជាមធ្យោបាយ តែមួយ គត់ ក្នុងការធានាដំណើការរលទ្ធិប្រជាធិបតេយ្យ ឲ្យកាន់តែល្អប្រសើរឡើង។
មន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ចាត់ទុកសេចក្តីថ្លែងការណ៍ទាំងឡាយណា ដែលប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា ថាជាការជ្រៀតជ្រៀត ចូលក្នុងកិច្ចការផ្ទៃក្នុងរដ្ឋអធិតេយ្យ។ នៅក្នុងសារតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទី ១៣ ខែ តុលា លោក សុខ ឥសាន លើកឡើងថា ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ ២៣ តុលា ឆ្នាំ ១៩៩១ កម្ពុជាបានក្លាយទៅជារដ្ឋឯករាជ្យ និងអធិបតេយ្យ ស្មើសិទ្ធិ និងសេរីភាពជាមួយបណ្តាប្រទេសនៅលើពិភពលោក។ លោករម្លឹក ថាប្រវត្តិសាស្ត្របានបង្ហាញច្បាស់ហើយ ថានៅពេលណាមានការលូកដៃពីបរទេស នោះមិន អាច ដោះស្រាយបញ្ហាបានឡើយ។ លោក សុខ ឥសាន អះអាង ថាប្រជាធិបតេយ្យនៅកម្ពុជា កាន់តែត្រូវបានពង្រឹងទៅវិញទេ ដែលចាត់ការគណបក្សសង្គ្រោះជាតិដូច្នេះ។ លោក ថាការអនុវត្តច្បាប់នេះ គឺជាមធ្យោបាយតែមួយគត់ក្នុងការធានាដំណើរការលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែល្អប្រសើរឡើង។
ក្រុមតំណាងរាស្រ្តនៃសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស ចាត់ទុករដ្ឋាភិបាលលោក ហ៊ុន សែនថា ជារដ្ឋាភិបាលមិនចេះអៀនខ្មាសសោះ ដែលហ៊ានប៉ុនប៉ងរំលាយគណបក្សប្រឆាំង តែមួយគត់ដែលមានអាសនៈក្នុងរដ្ឋសភា ដោយផ្តើមពីការចោទប្រកាន់លោក កឹម សុខា ដែលជាប្រធានគណបក្សប្រឆាំងនេះពីបទ “ក្បត់ជាតិ”។ ប្រធានក្រុមតំណាងរាស្រ្តនៃសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស និងជាសមាជិកសភាម៉ាឡេស៊ី លោក ឆាលស៍ សាន់ទីយ៉ាហ្គោ (Charles Santiago) ចេញសេចក្តីថ្លែង ការណ៍នៅថ្ងៃទី១៣ តុលា ដោយចាត់ទុកការចាប់ខ្លួនលោក កឹម សុខា និង ចោទប្រកាន់ពីបទក្បត់ជាតិ ថាជាការបង្ហាញឲ្យឃើញច្បាស់ ពីចេតនារបស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការកម្ចាត់គណបក្សសង្គ្រោះជាតិ ទោះក្នុងតម្លៃណាក៏ដោយ។
សេចក្តីថ្លែងការណ៍របស់ក្រុមតំណាងរាស្រ្តនៃសភាអាស៊ាននេះ ចេញមួយថ្ងៃ ក្រោយគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលមានតែតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាចូលប្រជុំ ព្រោះតំណាងរាស្រ្តគណបក្សប្រឆាំងធ្វើពហិការ បានប្រញាប់ប្រញាល់ បញ្ជូនសេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួន៤ ទៅគណៈកម្មាធិការជំនាញរដ្ឋសភា។ សេចក្ដីស្នើវិសោធនកម្មច្បាប់ចំនួន៤ នោះគឺដើម្បីដកហូតអាសនៈបក្សប្រឆាំង បើគណបក្សនេះ ត្រូវបានរំលាយចោល និងយកអាសនៈទាំងអស់នេះ ទៅចែកគ្នាជាមួយគណបក្សដទៃទៀត ប្រសិនបើគណបក្សប្រឆាំងត្រូវបានរម្លាយដូចការប៉ងមែននោះ។
លោក ឆាលស៍ សាន់ទីយ៉ាហ្គោ ចាត់ទុកការប៉ុនប៉ង យកអាសនៈទាំង ៥៥ របស់តំណាងរាស្ត្រ
ពីខាងគណបក្សសង្គ្រោះជាតិ ដែលប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោតជាង ៤៤% ឬ ស្មើនឹងជិតបីលាន នាក់ បានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ កាលពីក្នុងការបោះឆ្នោតជាតិឆ្នាំ ២០១៣ កន្លងទៅនោះ ថា ជាការទះកំផ្លៀងប្រជាពលរដ្ឋខ្មែរទាំងអស់នោះ។ លោក ឆាលស៍ សាន់ ទីយ៉ាហ្គោ ថ្លែងបន្ថែមទៀតថា ការប៉ុនប៉ងរបស់រដ្ឋាភិបាលកម្ពុជាបែបនេះ គឺជាការរំលោភសិទ្ធិជាមូលដ្ឋាន របស់ប្រជាពលរដ្ឋខ្មែរ ក្នុងការជ្រើសរើសមេដឹកនាំរបស់ខ្លួន តាមឆន្ទៈពិតប្រាកដ និង ដោយសេរី។ លោក ឆាលស៍ សាន់ទីយ៉ាហ្គោ ថ្លែងបន្ត ថាចំណាត់ការស្នើសុំធ្វើវិសោធនកម្មថ្មីៗ នេះ គឺជាចេតនាដែលមិនចេះអៀនខ្មាស ព្រោះគណបក្សកាន់អំណាច កំពុងប៉ុនប៉ងយកការអនុវត្តច្បាប់ មកបិទបាំងចំណាត់ការ ខ្វះប្រជាធិបតេយ្យរបស់ខ្លួន។ លោកលើកឡើងទៀត ថាគណបក្សប្រជាជនកម្ពុជា កំពុងចង់បង្ហាញ ឲ្យឃើញថា ប្រទេសកម្ពុជា ជាប្រទេសប្រកាន់លទ្ធិប្រជាធិប តេយ្យសេរីពហុបក្ស ប៉ុន្តែ កុំនឹកស្មាន ថាមាននរណា គេល្ងង់ជឿពួកគាត់ (មន្ត្រីកាន៉អំណាច) នោះឲ្យសោះ។ លោកបញ្ជាក់ ថាបើគណបក្សសង្គ្រោះជាតិ ត្រូវរម្លាយ ប្រទេសកម្ពុជា នឹងក្លាយជារដ្ឋឯកបក្សភ្លាម។
សេចក្ដីថ្លែងការណ៍របស់ក្រុមតំណាងរាស្ត្រនៃសភាអាស៊ាន ដើម្បីសិទ្ធិមនុស្សនេះ ស្របគ្នាទៅ
នឹងសេចក្តីថ្លែងការណ៍ របស់អ្នករាយការណ៍របស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិ
មនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ដែលចេញកាលពីថ្ងៃទី១២ ខែតុលា ពីទីក្រុងហ្សឺ ណែវ (Geneva) ប្រទេសស្វីស (Switzerland) ដែរ។ អ្នកស្រី រ៉ូណា ស្មីត រម្លឹកឲ្យរដ្ឋាភិបាលកម្ពុជា ឲ្យគោរពស្មារតីនៃគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងដាស់តឿនទៀត ថារដ្ឋធម្មនុញ្ញកម្ពុជា បានតាក់តែងឡើង ដើម្បីការពារកុំឲ្យប្រទេសនេះ ធ្លាក់ចូលក្នុងរបបគ្រប់គ្រងដោយឯកបក្ស។ អ្នកស្រី រ៉ូណា ស្មីត ក៏ចាត់ទុក ថារដ្ឋាភិបាលកំពុងយកនីតិរដ្ឋ មកធ្វើជាឡប់ឡែ ដើម្បីជាលេសបិទបាំង បន្លំការបង្ក្រាបសំឡេងប្រឆាំង។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងពីសហរដ្ឋអាមេរិកថ្មីៗនេះ ថាប្រជាពលរដ្ឋខ្មែរ ដែលបោះឆ្នោតគាំទ្រ គណបក្សសង្គ្រោះជាតិជាង ៣លាននាក់ នឹងមិនអាចនៅស្ងៀមឲ្យគណបក្សកាន់អំណាច ធ្វើបាបតាមអំពើចិត្តបែបនេះទេ។ លោកថា កាលណាទឹកចូលដល់ច្រមុះ មនុស្សនឹងត្រូវប្រវេប្រវា ដោយមិនសុខចិត្ត ឲ្យមេដឹកនាំផ្ដាច់ការ ធ្វើអ្វីតាមអំពើចិត្ត ដែលនាំកម្ពុជាឲ្យធ្លាក់ក្នុងអតីតកាលដ៏ខ្មៅងងឹតវិញនោះទេ។
លោក ឆាលស៍ សាន់ទីយ៉ាហ្គោ (Charles Santiago) លើកឡើងថា ជាការយល់ខុសស្រឡះ បើនាំគ្នាយល់ ថាស្ថានការណ៍អាប់អួរបច្ចុប្បន្ននេះ អាចនាំឲ្យមានការបោះឆ្នោតជាតិមួយ ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌បាននោះ។ លោកស្នើឲ្យសហគមន៍អន្តរជាតិ បន្តគាំទ្រកម្ពុជា តែក្នុងករណី រដ្ឋាភិបាលនេះ ស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយទម្លាក់រាល់បទចោទប្រឆាំងលើលោក
កឹម សុខា និង ដោះលែងលោក កឹម សុខា និង អ្នកទោសនយោបាយដទៃទៀត ឈប់គំរាមកំហែងតំណាងរាស្រ្តបក្សប្រឆាំង ឈប់ប៉ុនប៉ងរម្លាយគណបក្សសង្គ្រោះជាតិ។
ក៏ប៉ុន្តែនៅរយះពេលចុងក្រោយនេះ គេសង្កេតឃើញគណបក្សកាន់អំណាចរបស់លោកហ៊ុន សែន មិនខ្វល់ខ្វាយនឹងការរិះគន់អ្វីទាំងអស់ពីសំណាក់ស្ថាប័នបរទេស និងសហគមន៏អន្តរជាតិនានា
ឡើយ៕
0 comments:
Post a Comment