សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, October 6, 2017

លោកហ៊ុន សែនប្រកាសទិញស្ពានលី យ៉ងផាត់មកគ្រប់គ្រងវិញ បន្តាប់ពីពលរដ្ឋត្អូញត្អែរ ពីការទារលុយថ្លៃឆ្លងស្ពាន

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនពេញចិត្តនឹងលោក លី យ៉ុងផាត់ទារលុយ
ពីប្រជាពលរដ្ឋបើកបរ រថយន្តលើស្ពានព្រែកព្នៅ ។
បន្ទាប់ពីមានការត្អូញត្អែររបស់ប្រជាពលរដ្ឋពីការទារលុយថ្លៃឆ្លងស្ពានលី យ៉ុងផាត់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា ថា ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ តុលា តទៅ​យានយន្ត​ធ្វើដំណើរ​ឆ្លង​កាត់​ស្ពាន​ព្រែក​ព្នៅ ឬ​ស្ពាន លី យ៉ុងផាត់ នឹង​មិន​ត្រូវ​បង់​ប្រាក់​ទៀត​ទេ។
លោក ហ៊ុន សែន បញ្ជាក់​ថា គឺ​រដ្ឋាភិបាល​នឹង​ទិញ​ស្ពាន​នោះ​យក​មក​គ្រប់គ្រង​វិញ។ លោក​បាន​ណែនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សាលា​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន ដើម្បី​ពិនិត្យ​ដោះស្រាយបញ្ហា​មួយ​ចំនួន​ដែល​នៅ​សេសសល់។

លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ចំណាត់​ការ​នេះ​គឺ​ដើម្បី​ដោះស្រាយ​ការ​លំបាក និង​ជួយ​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ពិសេស​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​ពលរដ្ឋ។
ស្ពាន​ព្រែក​ព្នៅ​ឆ្លង​កាត់​ទន្លេសាប​តភ្ជាប់ ពី​ផ្លូវជាតិ​លេខ​៥ ក្នុង​សង្កាត់​ព្រែកព្នៅ​ទៅ​ផ្លូវជាតិ​លេខ​៦​អា។ ស្ពាន​នេះ​មាន​ប្រវែង​ជិត ១ពាន់ម៉ែត្រ(៩៩៦,២ ម) ទទឹង​១៤​ម៉ែត្រ​ត្រូវ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១០ ជា​ប្រភេទ​ស្ពាន​បង់​ប្រាក់​វិនិយោគ​ដោយ​ក្រុមហ៊ុន អិល វ៉ាយ ភីគ្រុប(LYP Group) របស់​លោក ឧកញ៉ា លី យ៉ុងផាត់ ក្នុង​ទឹក​ប្រាក់​ជាង ៤៣​លាន​ដុល្លារ ( ៤៣.៥ ៥០.០០០) ក្នុង​រយៈពេល​៣០​ឆ្នាំ។ កន្លង​ទៅ​រថយន្ត​គ្រប់​ប្រភេទ​ត្រូវ​បង់​ប្រាក់​នៅ​ពេល​ឆ្លង​កាត់
​ស្ពាន​នេះ ហើយ​មាន​តែ​អ្នក​ថ្មើរ​ជើង អ្នក​ជិះកង់ ម៉ូតូ រ៉ឺម៉ក​ទេសចរណ៍ និង​គោយន្ត​ទេ ដែលមិន​
បង់​ប្រាក់។
ចំណាត់​ការ​របស់​លោក​នាយករដ្ឋមន្ត្រី នៅ​ពេល​នេះ​គឺ​ស្រប​ពេល​ដែល​ស្ពាន​មិត្តភាព​ខ្មែរ​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វា​ទី១ ដែល​ឆ្លង​កាត់​ទន្លេ​សាប​ដែរ​ត្រង់​ជ្រោយចង្វា​ត្រូវ​អាជ្ញាធរ​ប្រកាស​ផ្អាក មិន​អោយ​ឆ្លងកាត់​បណ្ដោះ​អាសន្ន​ចាប់ពី​ថ្ងៃទី១ ខែ​តុលា ឆ្នាំ២០១៧ រហូតដល់ ខែ​មិថុនា ឆ្នាំ២០១៩ ដើម្បី​ជួសជុល​ដោយសារ​ស្ពាន​នេះ​មាន​សភាព​ចាស់​ទ្រុឌ​ទ្រោម។
សារព័ត៌មានជាតិខ្មែរ មិនអាចទាក់ទងលោក លី យ៉ុងផាត់ដើម្បីសម្ភាសបន្ថែមពីការ ប្រកាសរបស់ លោកហ៊ុន សែនទិញស្ពាននេះបានទេ នៅព្រឹកនេះ៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger