សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, February 1, 2023

អតីតមេដឹកនាំខ្មែរក្រហមមានតែឈ្មោះ លោក ខៀវ សំផន ត្រូវបានផ្ទេរមកឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

សហព្រះរាជអាជ្ញា នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បាន​ផ្ទេរកន្លែងឃុំខ្លួនអតីតមេដឹកនាំសម័យខ្មែរក្រហមមានតែឈ្មោះតែគ្មានអំណាចគឺលោក ខៀវ សំផន ពីពន្ធនាគារក្នុងតុលាការកូនកាត់មួយនេះ ទៅឃុំខ្លួនបន្តនៅពន្ធនាគារខេត្តកណ្តាលវិញ ដែលលោកត្រូវស្នាក់នៅទីនោះអស់មួយជីវិត។

សេចក្តី​ថ្លែងការណ៍នៅថ្ងៃទី១ ខែកុម្ភៈ របស់សហព្រះរាជអាជ្ញា ជា លាង និង Fergal Gaynor នៃតុលាការកូនកាត់មួយនេះ ស្តីពីការផ្ទេរលោក ខៀវ សំផន ទៅកាន់ពន្ធនាគារខេត្តកណ្តាល បានឱ្យដឹងថា ​អតីតប្រមុខរដ្ឋសម័យខ្មែរក្រហម លោក ខៀវ សំផន បានផ្ទេរទៅកាន់ពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ដើម្បីបន្តអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិត។

ប្រភពដដែលអះអាងថា ការផ្ទេរកន្លែងឃុំខ្លួននេះ ធ្វើឡើងតាមសំណើរបស់សហព្រះរាជអាជ្ញា សុំអនុវត្តទោសស្របតាមវិធាន ១១៣ នៃវិធានផ្ទៃក្នុង។

សេចក្តីថ្លែងការណ៍បន្តថា អ.វ.ត.ក គឺជាតុលាការជាតិនៅក្នុងប្រព័ន្ធច្បាប់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលមានអាជ្ញាធរកម្ពុជាជាអ្នកទទួលខុសត្រូវចុងក្រោយ ចំពោះទោសជាប់ពន្ធនាគាររបស់បុគ្គលទាំងអស់ដែលត្រូវបានសម្រេចឱ្យមានពិរុទ្ធភាព និងផ្តន្ទាទោសនៅ អ.វ.ត.ក ឱ្យជាប់ពន្ធនាគារតាមច្បាប់កំណត់។

សេចក្តីថ្លែងការណ៍បន្ថែមទៀតថា អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ការជួយជ្រោមជ្រែងគ្រប់បែបយ៉ាងជូនសហព្រះរាជអាជ្ញា។ បន្ថែមពីនេះ ការអនុវត្តតាមកាតព្វកិច្ចរបស់​កម្ពុជាស្របតាមច្បាប់ជាតិ និងអន្តរជាតិ សហព្រះរាជអាជ្ញា ក្រោមកិច្ចសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារ បានចាត់វិធានការដើម្បីធានាថា លក្ខខណ្ឌនៃការឃុំខ្លួន ខៀវ សំផន មានលក្ខណៈសមរម្យសម្រាប់បុគ្គលជាមនុស្សចាស់ជរា ពិបាកចល័តទី និងមានបញ្ហាសុខភាព។

សេចក្តីថ្លែងការណ៍​ថា៖ «ដំណើរការផ្ទេរ បានឆ្លងកាត់ការពិភាក្សា និងក្រោយពីទទួលបានការបញ្ជាក់ធានាពីអគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំងពេលសហព្រះរាជអាជ្ញា បានចុះពិនិត្យពន្ធនាគារខេត្តកណ្តាលជាច្រើនលើកច្រើនសា។ សហព្រះរាជអាជ្ញាក៏បានដឹងផងដែរថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានធ្វើការចុះត្រួតពិនិត្យពន្ធនាគារទូទាំងប្រទេសកម្ពុជាជាទៀងទាត់ ក្នុងនោះរួមទាំងពន្ធនាគារខេត្តកណ្តាលផងដែរ»។

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានបិទបញ្ចប់ដំណើរការនីតិវិធីច្បាប់លើសំណុំរឿង ០០២ វគ្គ០២ (002/02) ក្រោយពី​ការ​ប្រកាស​សាលដីកាស្ថាពរលើអតីតប្រមុខរដ្ឋ (ប្រធានគណៈប្រធានរដ្ឋ) នៃ​របប​កម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន កាលពីខែកញ្ញា ឆ្នាំ២០២២ ក្រោយតុលាការបានផ្តន្ទាទោសអតីតមេដឹកនាំសម័យខ្មែរក្រហមរូបនេះឱ្យជាប់ឃុំអស់មួយជីវិត។ ​

អង្គ​ជំនុំ​ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ត្រូវបានបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០០៦ ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ដើម្បី​កាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់​បំផុត ដោយចំណាយថវិកាអស់ជាង ៣០០​​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ភាគី​អន្តរជាតិបានចំណាយថវិកាអស់២០០​លានដុល្លារអាមេរិក ខណៈភាគីរដ្ឋាភិបាលកម្ពុជាបានចំណាយអស់ជិត១០០​លាន​ដុល្លារ​អាមេរិក។

ក្នុងរយៈ​ពេលប្រមាណ ​១៧ឆ្នាំម​ក​នេះ តុលាការបានកាត់ទោសលើសំណុំរឿង ០០១ ដែលមានជនជាប់ចោទឈ្មោះ កាំង ហ្គេចអ៊ាវ ហៅ ឌុច ដែលមានតួនាទីជាអតីតប្រធានមន្ទីរ ស២១ ឬ គុកទួលស្លែង និងសំណុំរឿង ០០២ ដែលមានជនជាប់ចោទ ៤នាក់ ជាមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម រួម​មាន លោក ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ លោក នួន ជា អតីតប្រធានរដ្ឋសភា លោក អៀង សារី អតីតរដ្ឋមន្ត្រីការបរទេស និងអ្នកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបខ្មែរក្រហម និងភរិយារបស់លោក អៀង សារី។

បច្ចុប្បន្ន ជនជាប់ចោទទាំងនោះបានស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ ដោយនៅតែលោក ខៀវ សំផន ម្នាក់ប៉ុណ្ណោះ។ ចំណែកសំណុំរឿង ០០៣ និង ០០៤ បានជាប់គាំង ដោយសារមានការជំទាស់ពីភាគីជាតិនៃតុលាការខ្មែរក្រហម។

លោក ខៀវ សំផន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ យកមកឃុំខ្លួនក្រោមសមត្ថកិច្ចនៃសហចៅក្រមស៊ើបអង្កេត ចំពោះបទចោទចូលរួមក្នុងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហមចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩៕





0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger