តុលាការកំពូល នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានសម្រេច តំកល់សេចក្តីសម្រេចផ្តន្ទាទោសអនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ពាក់ព័ន្ធនឹងបណ្តឹងចំនួនពីរ ដែលមួយត្រូវបានប្តឹងដោយគណបក្ស ប្រជាជនកម្ពុជា និងមួយទៀតដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) អំពីការណ៍ដែលលោករិះគន់ជាសាធារណៈទៅលើដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២កន្លងមក។
លោក សុន ឆ័យ ត្រូវបានតុលាការបង្គាប់ឱ្យសងជំងឺចិត្តជាប្រាក់ចំនួន ៤ ពាន់លានរៀល (ប្រហែល ១លានដុល្លារអាមេរិក) ទៅគណបក្សប្រជាជនកម្ពុជា និងរងពិន័យពីរផ្សេងទៀតដែលសរុបចំនួន ២០ លានរៀល (ប្រហែល ៥.០០០ ដុល្លារ) ដូចនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍កាលពីខែធ្នូ ឆ្នាំ២០២២ ។ អចលនទ្រព្យចំនួនពីរកន្លែងរបស់លោក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីការក្សាការពារ (បង្កកទុក) ចាប់តាំងពីខែវិច្ឆិកា ដើម្បីរារាំងលោកពីការលក់ ឬផ្ទេរកម្មសិទិ្ធទៅអ្នកដទៃ តាមរយៈសំណើរបស់គណបក្សប្រជាជនកម្ពុជា ។
នៅព្រឹកមិញនេះ លោក សុន ឆ័យមិនបានចូលរួមសវនាការប្រកាសសាលដីការបស់តុលាការកំពូលទេ តែមេធាវីរបស់លោក គឺលោក ជួង ជូងី បានចូលរួមស្តាប់ការសម្រេចរបស់តុលាការជាន់ខ្ពស់នេះ៕
0 comments:
Post a Comment