សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, February 8, 2023

អាជ្ញាធរខេត្តព្រះសីហនុវាយកម្ទេច របងសង់លើឆ្នេរអូរឈើទាល តាមយោបល់របស់ នាយករដ្ឋមន្ត្រីហ៊ុន សែន!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

អាជ្ញាធរខេត្តព្រះសីហនុ បានវាយកម្ទេចរបងសង់លើឆ្នេរអូរឈើទាលជាស្ថាពរហើយកាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ តាមយោបល់របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីមានការចុះផ្សាយចុងក្រោយគេរបស់សារព័ត៌មាន "ជាតិខ្មែរ" កាលពីយប់ថ្ងៃ ពុធ ទី ៨ កុម្ភះ ២០២៣។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ទីតាំងរបងដែលសង់លើ​​ឆ្នេ​​រអូរឈើទាល ត្រូវបានអាជ្ញាធរខេត្តវាយកម្ទេចចោលជាស្ថាពរហើយ ក្រោយរងការរិះគន់ និងមានការផ្សព្វផ្សាយពីបណ្ដាញសារព័ត៌មាន កាលពីយប់ថ្ងៃពុធ ម្សិលមិញ។

អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ បញ្ជាក់នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា អាជ្ញាធរខេត្តបានទទួលគោលការណ៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យសម្របសម្រួលជាមួយម្ចាស់កម្មសិទ្ធិដីនៅតំបន់ឆ្នេរអូរឈើទាល ហើយក៏ឈានទៅដល់ការ​​វាយក​ម្ទេចរបងដែលសង់លើតំបន់ឆ្នេរនោះ កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈនេះ អស់ហើយ។

បើតាមលោក ឡុង ឌីម៉ង់ នៅចំពោះមុខនេះ អាជ្ញាធរថ្នាក់ខេត្តបានត្រឹមអនុវត្តគោលការណ៍​​នៅ​​ឡើ​​យ​​ប៉ុណ្ណោះ នៅត្រង់ថាតើនឹងត្រូវដកហូតដីនៅតំបន់ឆ្នេរមកឱ្យរដ្ឋគ្រប់គ្រងវិញ ឬត្រូវបន្ត​​បែប​​ណា​ទៀត គឺត្រូវរង់ចាំមើលបន្តទៅមុខទៀតសិន។

លោកបញ្ជាក់ថា៖ «ដូចខ្ញុំបានជម្រាបខាងដើមអ៊ីចឹង ថាគោលការណ៍ណែនាំដែលយើងបានមក គឺយើងបានត្រឹមសម្របសម្រួលជាមួយម្ចាស់ដី ក្នុងការវាយរបងប៉ែកខាងសមុទ្រចេញ។ យើង​​អត់មាន​​ការ​ណែ​​​នាំថាត្រូវ​​ដកមកវិញ ដកអី យើងមិនមែនជាអ្នកដកទេ​​។ ដូចខ្ញុំតែងតែបញ្ជាក់អ៊ីចឹងថា ​​ដែន​​ស​មត្ថកិច្ចរបស់រដ្ឋបាលខេត្តមិនមានសិទ្ធិក្នុងការដកហូតដីដែលមានបណ្ណកម្មសិទ្ធិបានទេ។ អ្នកដកហូតបាន មានតែរាជរដ្ឋាភិបាល មានតែសាលក្រមតុលាការអីអ៊ីចឹងទៅណា »។

ភ្លាមៗនេះ កាសែត "ជាតិខ្មែរ" មិនអាចទាក់ទងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលត្រូវជាដន្លងរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ហើយលោក យឹម ឆៃលីត្រូវជាដន្លងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានទេនៅព្រឹកថ្ងៃព្រហស្បតិ៍ នេះបានទេ៕







0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger