សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Wednesday, February 8, 2023

លោក ថោង ខុន ទទួលស្វាគមន៍ភ្ញៀវទេសចរចិន ១២៥នាក់ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ទទួលស្វាគមន៍ភ្ញៀវទេសចរចិន ១២៥នាក់ ដែលមកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកបានអះអាងថា ឆ្នាំ២០២៣នេះ កម្ពុជានឹងខិតខំប្រឹងប្រែងទាក់ទាញ​ភ្ញៀវទេសចរចិនឱ្យបានចន្លោះពី ៨០ម៉ឺននាក់ ទៅ ១លាននាក់ ដោយរំពឹងថាចាប់ពីខែមីនា ឆ្នាំនេះទៅ ភ្ញៀវទេសចរចិន​មកលេងកម្សាន្តនៅកម្ពុជានឹងមានការកើនឡើងជាលំដាប់។

ថ្លែងក្នុងឱកាសទទួលស្វាគមន៍ចំពោះភ្ញៀវទេសចរចិន ១២៥នាក់ ដែលមកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ​រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន មានប្រសាសន៍ថា បន្ទាប់ពីការមកដល់របស់ភ្ញៀវទេសចរចិនលើកដំបូងនេះ កម្ពុជានឹងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឱ្យបានពី ៨០ម៉ឺននាក់ ទៅ ១លាននាក់ ក្នុងឆ្នាំ២០២៣​។

ទំព័រហ្វេសប៊ុករបស់ក្រសួងទេសចរណ៍ ​នៅថ្ងៃទី៨ ខែកុម្ភៈនេះ បានឱ្យដឹងថា ភ្ញៀវទេសចរចិនជាង១០០នាក់ដែលមកកម្ពុជានេះ គឺជាជើងហោះហើរពីទីក្រុងប៉េកាំង មកភ្នំពេញ ឡើងវិញ លើកទី១ ក្រោយពីរដ្ឋាភិបាលចិនបើកឱ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។

ប្រភពដដែលបានស្រង់ប្រសាសន៍របស់លោក ថោង ខុន ដោយនិយាយថា ភ្ញៀវទេសចរចិនដែលចុះមកកាលពីថ្ងៃ​ទី៧ ខែកុម្ភៈ​នេះ គឺមានចំនួន ១២៥នាក់ អ្នកខ្លះមកដើរលេងតាមរយៈក្រុមហ៊ុនទេសចរណ៍ និងមកដើរលេងជាមួយមិត្តភក្តិធម្មតាខ្លះ។ ប្រតិបត្តិការហោះហើរនេះធ្វើឡើងដោយក្រុមហ៊ុនអាកាសចរណ៍ Air China ដែលជាក្រុមហ៊ុនអាកាសចរណ៍របស់រដ្ឋចិន។

ទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ បានសរសេរថា៖ «ឯកឧត្ដមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវអនុវត្តតាមគោលការណ៍ដែលមានស្រាប់ ដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរឱ្យបានត្រឹមត្រូវ ខណៈទីផ្សារទេសចរចិន គឺជាទីផ្សារធំសម្រាប់តែកម្ពុជា និងពិភពលោក»។

លោក ថោង ខុន បានបន្ថែមទៀតថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ក៏នឹងមានជើងហោះលើកដំបូងពីគួនមីង មកសៀមរាប និងពីសៀងហៃ មកសៀមរាប ដែលនឹងប្រតិបត្តិការដោយក្រុមហ៊ុន China Eastern (Charter Flights) ផងដែរ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះមានសុទិដ្ឋិនិយមថា ការធ្វើដំណើរទេសចរចិនមកកម្ពុជានឹងកើនឡើងជាលំដាប់ចាប់ពីខែមីនា ឆ្នាំ២០២៣​។

ក្រសួងទេសចរណ៍បន្តថា ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាទើបទទួលបានទេសចរអន្តរជាតិប្រមាណ៤០ម៉ឺននាក់ ក្នុងនោះក៏មានទេសចរចិនប្រមាណ ២៥ ០០០នាក់ដែរ។ ចំនួននេះ ក្រសួងថាមានការកើនឡើង ៩១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងខែមករានោះដែរ ជើងហោះហើរដែលចូលមកដល់កម្ពុជាមានចំនួនសរុប ១ ៦៤៨ជើង ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបាន១ ១៧៨ជើង៕

0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger