(ឡុងដ៍)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នាថ្ងៃពុធនេះបានធ្វើដំណើរមកដល់ទីក្រុងឡុងដ៍ ដើម្បីជួបជាមួយនាយករដ្ឋមន្រ្តីលោក រីសុី ស៊ូណាក់ ដែលជាគឺជាការបំពេញទស្សនកិច្ចជាលើកដំបូងបំផុត មកកាន់ចក្រភពអង់គ្លេស កំលុងពេលប្រទេសរបស់លោក កំពុងមានសង្រ្គាមជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។
ម៉្យាងវិញទៀត វាជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទីពីរហើយ របស់លោក ហ្សេលេនស្គី គិតចាប់តាំងពីរុស្សុីបានបញ្ជូនកងទ័ពចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ កំលុងការបំពេញទស្សនកិច្ចនេះ លោកប្រធានាធិបតីអ៊ុយក្រែន នឹងចុះសួរសុខទុក្ខកងទ័ពនៃប្រទេសរបស់លោក ដែលបច្ចុប្បន្នកំពុង ទទួលការហ្វឹកហាត់នៅចក្រភពអង់គ្លេស ហើយរូបលោកក៏នឹងឡើងថ្លែងសុន្ទរកថា ក្នុងសភាអង់គ្លេសផងដែរ។ ក្រៅពីជួបពិភាក្សាជាមួយលោក ស៊ូណាក់ លោក ហ្សេលេនស្គី នឹងចូលគាល់មហាក្សត្រអង់គ្លេស ព្រះអង្គ ឆាល ថែមទៀតផង។ លោក ហ្សេលេនស្គី បានចេញពីប្រទេសជាលើកដំបូង ក្រោយពេលមានសង្រ្គាម កាលពីចុងឆ្នាំមុន ដើម្បីបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក។
ទន្ទឹមគ្នានេះ ការិយាល័យលោក ស៊ូណាក់ បានប្រកាសពីគម្រោងដើម្បីពង្រីកបន្ថែមទៀត នូវកម្មវិធីផ្តល់ការហ្វឹកហាត់ដល់ កងកម្លាំងយោធារបស់អ៊ុយក្រែន ដោយក្រុមពីឡុតយន្តហោះចម្បាំង ហើយនិងកងម៉ារីនរបស់អ៊ុយក្រែន នឹងត្រូវទទួលបានការបណ្តុះបណ្តាល។ មិនតែប៉ុណ្ណោះ ទីក្រុងឡុងដ៍នឹងខំប្រឹងប្រែងពន្លឿនល្បឿននៃការផ្តត់ផ្គង់បរិក្ខារយោធាដល់ទីក្រុងកៀវ។ អង់គ្លេសបាននិយាយថា ការហ្វឹកហាត់ពីឡុតអ៊ុយក្រែន មានគោលដៅជាចម្បងធានាឱ្យបានថា ពួកគេនឹងមានសមត្ថភាពប្រើប្រាស់ យន្តហោះចម្បាំងទំនើបៗនៃស្តង់ដារបស់អង្គការណាតូ (NATO) នាពេលអនាគត។
គួរបញ្ជាក់ថា កាលពីខែវិច្ឆិកា ឆ្នាំ២០២២ លោក ស៊ូណាក់ បានបំពេញទស្សនកិច្ចដោយមិនប្រកាសឱ្យដឹងជាមុន ទៅកាន់ទីក្រុងកៀវ ដើម្បីជួបជាមួយ លោក ហ្សេលេនស្គី។ រីឯលោក បូរីស ចនសុន ក៏ធ្លាប់បានទៅបំពេញទស្សនកិច្ចប៉ុន្មានលើកនៅទីនោះផងដែរ កំលុងពេលលោកនៅជានាយករដ្ឋមន្រ្តីអង់គ្លេស គិតចាប់តាំងតែពីសង្រ្គាមផ្ទុះឡើងមក៕
0 comments:
Post a Comment