សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Thursday, February 9, 2023

ឧបករណ៍ដែលបំពាក់នៅលើបាឡុងរបស់ចិនបង្ហាញយ៉ាងច្បាស់ថាជាបាឡុងចារកម្ម!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

មន្ត្រីអាមេរិកអះអាងថា រូបភាពពីយន្តហោះចារកម្ម U2 របស់អាមេរិក បានបង្ហាញថា បាឡុងរបស់ចិនដែលបានហោះលើទឹកដីសហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន ត្រូវបានបំពាក់យ៉ាងល្អឥតខ្ចោះសម្រាប់ស៊ើបការណ៍សម្ងាត់ មិនមែនដើម្បីសិក្សាអាកាសធាតុដូចដែលចិនបានលើកឡើងឡើយ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

ប្រភពដដែលបន្តថា រូបភាពលម្អិតដែលថតដោយយន្តហោះចារកម្ម U2 របស់អាមេរិក បានបង្ហាញថា ឧបករណ៍ដែលបំពាក់នៅលើបាឡុងនោះ គឺសម្រាប់ស៊ើបការណ៍សម្ងាត់ មិនមែនសម្រាប់សិក្សាអាកាសធាតុឡើយ។

មន្ត្រីរូបនេះបន្ថែមថា៖ «វាមានអង់តែនជាច្រើនដែលមានសមត្ថភាពប្រមូលព័ត៌មាន និងកំណត់ទីតាំងភូមិសាស្ត្រ»។

មន្ត្រីរូបនេះបន្ថែមទៀតថា៖ «បាឡុងនេះបំពាក់ដោយបន្ទះថាមពលសូឡាដែលមានទំហំធំល្មមដើម្បីផលិតថាមពលដែលត្រូវការ ដើម្បីដំណើរការសេនសឺ [sensor] ប្រមូលព័ត៌មាន»។

មន្ត្រីក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិកជឿថា បាឡុងនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពរំដោះប្រជាជនចិន ហើយជាបាឡុងមួយក្នុងចំណោមបាឡុងដែលចិនបានបង្ហោះទៅជាង៤០ប្រទេស នៅលើទ្វីបចំនួន៥ ដើម្បីស៊ើបការណ៍។

មន្ត្រីរូបនេះបាននិយាយថា សហរដ្ឋអាមេរិកកំពុងពិចារណាលើចំណាត់ការប្រឆាំងនឹងអង្គភាពរបស់ចិនដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការរបស់បាឡុងនេះ ដែលអាចនឹងមានការដាក់ទណ្ឌកម្ម។

គួរបញ្ជាក់ថា យន្តហោះចម្បាំងរបស់កងទ័ពអាកាសសហរដ្ឋអាមេរិក F-22 កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានបាញ់ទម្លាក់បាឡុងរបស់ចិន​ ដែលខ្លួនអះអាងថាជាបាឡុង​ចារកម្ម នៅឯឆ្នេរសមុទ្រនៃរដ្ឋ South Carolina បន្ទាប់ពីវា​បានហោះចូលដែនអាកាសអាមេរិក នៅជិតរដ្ឋអាឡាស្កា (Alaska) អស់រយៈពេល​មួយ​សប្តាហ៍ និងបន្ទាប់ពីបានហោះឆ្លងកាត់តំបន់ជាច្រើនរបស់អាមេរិក ដោយហោះលើតំបន់រក្សាមីស៊ីលនុយក្លេអ៊ែរក្រោមដី និងមូលដ្ឋានយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ (B1B)។

ពាក់ព័ន្ធនឹងករណីនេះ ប្រទេសចិនបានថ្កោលទោសជាខ្លាំង​ចំពោះចំណាត់ការរបស់អាមេរិក​ ដោយ​ថាជា «ទង្វើជ្រុលហួសហេតុ»។

ចិនបានទទួលស្គាល់ថា បាឡុងនោះជារបស់ខ្លួន ប៉ុន្តែវាជាបាឡុងស៊ីវិល ដើម្បីសិក្សាអាកាសធាតុតែប៉ុណ្ណោះ និងបានហោះចូលទឹកដីអាមេរិកដោយអចេតនា។

ទាក់ទិននឹងករណីនេះ អាមេរិក​បានច្រានចោល​ការអះអាង​របស់​ចិន ដែល​ថាបាឡុង​នេះ​គឺ​ជា​បាឡុង​ស៊ីវិល ដោយ​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អាមេរិក ​បាន​អះអាង​ថា បាឡុងនេះគឺ​ជា​បាឡុង​ចារកម្ម ដើម្បីឈ្លបយកការណ៍ក្នុងទឹកដីអាមេរិក។

សូមរម្លឹកថា បាឡុង​​របស់ចិនបានហោះចូលទឹកដី​អាមេរិក​ នៅ​ប៉ុន្មាន​​ថ្ងៃ​មុន​ដំណើរ​ទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង​របស់រដ្ឋមន្ត្រីការ​បរទេស​សហរដ្ឋ​អាមេរិក​ លោក អេនតូនី ប្លីនខេន (Antony Blinken)​ ដែលបានគ្រោងទុកក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងមហាអំណាចទាំងពីរនេះ។ ក៏ប៉ុន្តែ បន្ទាប់ពីហេតុការណ៍នេះកើតឡើង លោក Antony Blinken បានលុបចោលដំណើរទស្សនកិច្ចទៅកាន់​ទីក្រុងប៉េកាំងវិញ៕




0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger