សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Friday, February 3, 2023

មន្ទីរបញ្ចកោណអះអាងថា បាឡុងស៊ើបការណ៍ចិនកំពុងហោះពីលើសហរដ្ឋអាមេរិក!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី

ក្រុមមន្រ្តីអាមេរិកបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា កំពុងមានការតាមឃ្លាំមើលបាឡុងស៊ើបការណ៍ចិន ១គ្រឿង ដែលបាននិងកំពុងហោះនៅលើសហរដ្ឋអាមេរិក អស់រយៈពេលប៉ុន្មានថ្ងៃមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុមមន្រ្តីទីក្រុងវ៉ាសុីនតោនបាននិយាយថា កងយន្តហោះចម្បាំងត្រូវបានចល័តឡើងទៅលើផ្ទៃអាកាស ប៉ុន្តែក្រុមថ្នាក់ដឹកនាំយោធា បានសម្រេចផ្តល់យោបល់ដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឲ្យប្រឆាំងនឹងការបាញ់ទម្លាក់បាឡុងនោះ ដោយសារបារម្ភថា កម្ទេចកម្ទីរបស់វាអាចបង្កការគំរាមកំហែងចំពោះសុវត្ថិភាពប្រជាជននៅផ្ទៃដី ហើយលោក បៃដិន ក៏បានទទួលយកយោបល់នេះ។

អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ផាទ្រីក រ៉ាយដឺ (Patrick Ryder) បានប្រាប់ថា រដ្ឋាភិបាលអាមេរិកបានប្រទះឃើញ និងកំពុង​តាមដានបាឡុងនោះ ចាប់តាំងពីវាបានចូលមកដល់ដែនអាកាសអាមេរិក កាលពីប៉ុន្មានថ្ងៃមុន។ បើតាមលោក រ៉ាយដឺ បាឡុងនោះ កំពុងធ្វើដំណើរនៅរយៈកម្ពស់ដ៏ខ្ពស់មួយ ហើយមិនបង្កការគំរាមកំហែង ក្នុងទម្រង់ណាមួយឡើយ។

ដំបូងឡើយ ក្រុមថ្នាក់ដឹកនាំយោធាអាមេរិក បានពិចារណាចង់បាញ់ទម្លាក់បាឡុងស៊ើបការណ៍នោះ នៅលើរដ្ឋម៉ុនតាណា (Montana) កាលពីថ្ងៃពុធ។ មូលដ្ឋានទ័ពអាកាសម៉ាស្ត្រូម (Malmstrom) នៅរដ្ឋ Montana គឺជាទីតាំងផ្ទុកកន្លែងបាញ់មីស៉ីល ICBM ដល់ទៅ១៥០គ្រាប់របស់សហរដ្ឋអាមេរិក។

ជាមួយគ្នានេះ ក្រុមមន្រ្តីអាមេរិក ក៏បាននាំយកបញ្ហាខាងលើប្រាប់ទៅកាន់សមភាគីចិនរបស់ខ្លួន តាមច្រកទាក់ទងការទូតនៅឯ​ទីក្រុងប៉េកាំងនិងនៅទីក្រុងវ៉ាស៉ីនតោនផ្ទាល់ផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បាឡុងស៊ើបការណ៍មួយចំនួនធ្លាប់បាន​ហោះកាត់ពីលើសហរដ្ឋអាមេរិកប៉ុន្មានលើក ប៉ុន្តែបាឡុងថ្មីនេះ ហាក់ស្ថិតនៅរយៈពេលយូរជាងលើកមុនៗ។

គួរបញ្ជាក់ថា ហេតុការណ៍នេះកើតមានឡើង ស្របពេលដែលរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន នឹងត្រូវបំពេញ​ទស្សនកិច្ចទៅកាន់ប្រទេសចិននៅសប្តាហ៍ក្រោយ ខណៈដំណើរទស្សនកិច្ចនេះ ត្រូវបានព្រមព្រៀងគ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ដោយលោក បៃដិន និងប្រធានាធិបតីចិន លោក សុី ជិនពីង៕


0 comments:

Post a Comment

 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger