សូមស្វាគមន៏ ការចូលមកកាន់គេហទំព័រ របស់យើងខ្ញុំ ! សារព័ត៌មាន «ជាតិខ្មែរ» ជាសារព័ត៌មានឯករាជ្យ ដែលបង្កើតឡើង ក្នុងគោលបំណងលើកស្ទួយ សេរីភាពសារព័ត៌មាន ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំង ជំរុញ​ឲ្យមានការលប់បំបាត់អំពើពុករលួយថ្នាក់ជាតិ ក្នុងជួររដ្ឋាភិបាលកម្ពុជា ។

Tuesday, September 27, 2022

ពលរដ្ឋអ៊ុយក្រែន គាំទ្រការបោះឆ្នោតប្រជាមតិដោយរុស្ស៉ី នឹងប្រឈមមុខការកាត់ទោសពីបទ "ក្បត់ជាតិ"!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

(កៀវ)៖ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនបាននិយាយថា ប្រជាជនអ៊ុយក្រែនដែលជួយការបោះឆ្នោតប្រជាមតិគាំទ្រដោយរុស្ស៊ី នឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទក្បត់ជាតិ និងជាប់ពន្ធនាគារយ៉ាងហោចណាស់ ៥ឆ្នាំ ខណៈការបោះឆ្នោតនៅក្នុងតំបន់ចំនួន៤ បានឈានចូលដល់ថ្ងៃចុងក្រោយរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២។

ទីប្រឹក្សាប្រធានាធិបតី លោក Mykhailo Podolyak បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតស្វីស Blick ថា «យើងមានបញ្ជីឈ្មោះមនុស្ស ដែលបានចូលរួមនៅក្នុងវិធីណាមួយ»។

លោកបានសង្កត់ធ្ងន់ថា «យើងកំពុងនិយាយអំពីអ្នកសហការរាប់រយនាក់។ ពួកគេនឹងត្រូវកាត់ទោសពីបទក្បត់ជាតិ។ ពួកគេប្រឈមមុខនឹងការជាប់ពន្ធនាគារយ៉ាងហោចណាស់ ៥ឆ្នាំ»។

លោក Podoljak បាននិយាយថា ប្រជាជនអ៊ុយក្រែនដែលត្រូវបានបង្ខំឱ្យបោះឆ្នោត នឹងមិនត្រូវបានដាក់ទណ្ឌកម្មនោះទេ។ មន្ត្រីអ៊ុយក្រែនបានរាយការណ៍ថា សន្លឹកឆ្នោតត្រូវបានគេយកពីផ្ទះមួយទៅផ្ទះមួយ ហើយអ្នកស្រុកត្រូវបានបង្ខំឱ្យបោះឆ្នោត នៅចំពោះមុខសន្តិសុខដែលគាំទ្រដោយរុស្ស៊ី។

គួរបញ្ជាក់ថា ទីក្រុងមូស្គូកំពុងដំណើរការរៀបចំ ដើម្បីដាក់បញ្ចូលតំបន់ខឺសុន (Kherson), លូហាន់ (Luhansk), ដូណេត (Donetsk) និងហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ដែលស្ថិតនៅឯភាគខាងកើត និងខាងត្បូង គឺប្រហែល១៥ ភាគរយនៃទឹកដីរបស់អ៊ុយក្រែន ទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន។ ការបោះឆ្នោតប្រជាមតិរបស់រុស្ស៊ី បានចាប់ផ្តើមកាលពីថ្ងៃសុក្រ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃអង្គារនេះ ដោយសភារុស្ស៊ីអាចនឹងអនុម័តការបញ្ចូលឧបសម្ព័ន្ធនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ៕

[អានត...]

ជប៉ុនប្រារព្ធពិធីបុណ្យសពថ្នាក់ជាតិជូន លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments





នៅរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២ ពិធីបុណ្យសពថ្នាក់ជាតិជូន លោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានចាប់ផ្តើមរៀបចំឡើងនៅសាល Nippon Budokan តាមបែបបទប្រពៃណី និងសាសនាជប៉ុន និងត្រូវបានផ្តល់មហាកិត្តិយសជូនអំណោយពីប្រេសិតរបស់ព្រះចៅអធិរាជ និងព្រះរាជអគ្គមហេសី និងអតីតព្រះចៅអធិរាជ និងព្រះរាជអគ្គមហេសី រួមនឹងការថ្វាយកម្រងផ្កាពីសមាជិកព្រះរាជវង្សានុវង្សជប៉ុន រួមនឹងមានការចូលរួមពីថ្នាក់ដឹកនាំជាប្រមុខរដ្ឋ/រដ្ឋាភិបាល អតីតមេដឹកនាំពិភពលោក ប្រមាណ ៥០រូប និងភ្ញៀវកិត្តិយសអន្តរជាតិ ប្រមាណ ៧០០នាក់ និងភ្ញៀវជាតិ សរុបទាំងអស់ប្រមាណ ៤ ៥០០ នាក់ បានអញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ និងពិធីបុណ្យសពថ្នាក់ជាតិដើម្បីលាគ្នាជាលើកចុងក្រោយ ៕

[អានត...]

ប្រមុខរដ្ឋស្តីទី ត្រាស់បង្គាប់តែងតាំងលោក ម៉ៅ រិទ្ធីថា ជារដ្ឋលេខាធិការក្រសួងកសិកម្ម!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី លោក សាយ ឈុំ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងលោក ម៉ៅ រិទ្ធីថា ជារដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នេះបើតាមព្រះរាជក្រឹត្យ ដែលទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ។

សូមជម្រាបថា មុននឹងទទួលការតែងតាំងនេះ លោក ម៉ៅ រិទ្ធីថា ជាអតីតអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផងដែរ៕



[អានត...]

នាយករដ្ឋមន្ត្រីស្តីទី អនុញ្ញាតឲ្យលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនជួបពិភាក្សាការងារ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា ស ខេង បានអនុញ្ញាតជូនលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ នារសៀលថ្ងៃអង្គារ ២កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ នៅវិមានរដ្ឋសភា៕

[អានត...]

Monday, September 26, 2022

ថវិកា១២លានដុល្លារនឹងត្រូវចំណាយសម្រាប់ រៀបចំបុណ្យសពអតីតនាយករដ្ឋមន្រ្តី ជប៉ុនស៊ិនហ្សូ អាបេ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

រដ្ឋាភិបាលជប៉ុន នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ ១,៦៥ ពាន់​លាន​យ៉េន ឬ​ប្រមាណ ១២ លាន​ដុល្លារ សម្រាប់​ការ​រៀបចំ​ពិធី​បុណ្យសព​របស់​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន Shinzo Abe។

រដ្ឋាភិបាល​ជប៉ុនបាននិយាយថា ថ្លៃចំណាយ​លើ​កងអង្គរក្ស​នឹង​កើនឡើង​ដល់ ៨០០លាន​យ៉េន ខណៈ​ការ​ស្វាគមន៍​គណប្រតិភូ​បរទេស​ដែល​នឹង​ចូលរួម​ពិធីបុណ្យសព នឹង​កើនដល់​ ៦០០ លាន​យ៉េន។ នេះបើតាមប្រធាន​ខុទ្ទកាល័យ​លោក Hirokazu Matsuno បាន​ប្រកាស។

សូមជម្រាបដែរ​ថា ​ភ្ញៀវប្រហែល ៦ ០០០ នាក់ រួមទាំងឥស្សរជនបរទេសផង ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងពិធីមួយនេះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែកញ្ញានៅសាល Nippon Budokan ទីក្រុងតូក្យូ៕


[អានត...]

កងទ័ពជើងទឹកអាមេរិក និងកូរ៉េខាងត្បូង ធ្វើសមយុទ្ធរួមគ្នា នៅឧបទ្វីបកូរ៉េ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

(សេអ៊ូល)៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹករួមគ្នា ជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំ នៅក្បែរឧបទ្វីបកូរ៉េ មួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០២២។

កងទ័ពជើងទឹកកូរ៉េខាងត្បូងបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធនេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីឆន្ទៈដ៏មុតមាំនៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិក ដើម្បីឆ្លើយតបទៅ

នឹងការបង្កហេតុរបស់កូរ៉េខាងជើង។សមយុទ្ធខាងលើនេះគឺមានរយៈពេល៤ថ្ងៃ នៅលើឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងត្បូង ចូលរួមដោយនាវាចម្បាំងជាង២០គ្រឿង និងយន្តហោះជាច្រើនប្រភេទ ដែលនឹងហាត់សមលើប្រតិបត្តិការប្រឆាំងនាវា និងប្រឆាំងនាវាមុជទឹក សមយុទ្ធយុទ្ធសាស្ត្រ និងប្រតិបត្តិការដែនសមុទ្រដទៃទៀត។

លោក ខ្វាក ខ្វាងសុប (Kwak Kwang-sub) មន្ត្រីជាន់ខ្ពស់កងទ័ពជើងទឹកកូរ៉េខាងត្បូង បានគូសបញ្ជាក់ថា តាមរយៈសមយុទ្ធនេះ យើងនឹងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវសមត្ថភាពក្នុងការធ្វើប្រតិបត្តិការរួមគ្នា រវាងកងកម្លាំងជើងទឹកនៃប្រទេសទាំងពីរ។ សមយុទ្ធនេះធ្វើឡើង បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់មីស៉ីសបាលិស្ទីគរយៈចម្ងាយខ្លី កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ ដែលជាការសាកល្បងអាវុធថ្មីចុងក្រោយបំផុតរបស់ខ្លួនក្នុងឆ្នាំនេះ។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន គឺជាសម្ព័ន្ធមិត្តខាងសន្តិសុខដ៏សំខាន់របស់ទីក្រុងសេអ៊ូល និងមានទាហានប្រហែល ២៨,៥០០នាក់នៅកូរ៉េខាងត្បូង ដើម្បីជួយការពារពីកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ៕


[អានត...]

Saturday, September 24, 2022

នាយករដ្ឋមន្ត្រី ហ៊ុន សែនថ្លែងការណ៏ជាភាសាអង់គ្លេសនៅ UN!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments









លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ប្រាប់មហាសន្និបាតអង្គការសហប្រជាតិ (UN) ថាកម្ពុជា​មាន​សន្តិភាព (Peace) ដោយសារតែ​គោលនយោបាយ​ឈ្នះ​ឈះ (Win Win Policy) ដែលរូបលោកជាស្ថាបនិក ហើយមិនមែនដោយសារកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១នោះទេ៕

[អានត...]

Thursday, September 22, 2022

លោក ហ៊ុន សែននឹងឡើងថ្លែងការណ៏នៅមហាសន្និបាទអង្គការសហប្រជាតិនាថ្ងៃស្អែក!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងឡើងថ្លែងការណ៏នៅមហាសន្និបាតអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី២៣ កញ្ញា ឆ្នាំ២០២២ ប៉ុន្តែនៅថ្ងៃនេះ លោក បានចូលរូមស្តាប់សេចក្តីថ្លែងការណ៏របស់ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសដទៃក្នុងមហាសន្និបាតលើកទី៧៧នៃអង្គសហប្រជាជាតិ។ នេះបើយោងតាមបណ្តាសង្គមហ្វេសប៊ុកផ្លូវរបស់លោក។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកដដែល លោក ហ៊ុន សែនបានបញ្ជាក់ថា «បន្ទាប់ពីជួបពិភាក្សាជាមួយអគ្គលេខាអង្គការសហប្រជាជាតិ និងជាមួយនាយកកម្មវិធីអភិវឌ្ឍន៏ អង្គការសហប្រជាជាតិ (UNDP) ឆ្លៀតឱកាសមកស្តាប់សេចក្តីថ្លែងការណ៏របស់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលក្នុងមហាសន្និបាតលើកទី៧៧ នៃអង្គសហប្រជាជាតិ។

លោកបន្តថា "សម្រាប់ខ្ញុំនឹងឡើងថ្លែងការណ៍ នៅព្រឹកស្អែក (២៣/ កញ្ញា /2022)"៕



 

 

 

 

 

 

 


[អានត...]

លោក ស ខេងជានាយករដ្ឋមន្ត្រីស្តីទី!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


លោក ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជាប្រធានប្តូរវេនឆ្នាំ២០២២ អញ្ជើញផ្ទេរតួនាទីប្រធានប្ដូរវេន នៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ជូនដល់សាធារណរដ្ឋឥណ្ឌូនេស៊ី នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ តាមប្រព័ន្ធវីដេអូ ដោយមានការចូលរួមពី អគ្គស្នងការនគរបាលជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី រដ្ឋមន្ដ្រីប្រធានប្រតិភូទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន នៃសមាជិកអាស៊ាន អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមសន្ដិសុខនយោបាយ និងភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិ ៕


[អានត...]

ស្ថាបនិក Facebook របូតលុយជាង ៧០ពាន់លានដុល្លារ ក្នុងរយះពេល៣ត្រីមាសដំបូងឆ្នាំ ២០២២!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

មហាសេដ្ឋី Mark Zuckerberg ហាក់​រកស៊ី​មិនសូវកាក់កប​ប៉ុន្មាន​ឡើយ​ តាំងពី​បើក​ទំព័រ​ឆ្នាំ ២០២២ មក​ទល់​ពេលនេះ ពោល​គឺ​បាន​របូត​លុយ​អស់​រាប់​សិប​ពាន់​លាន​ដុល្លារ​ឯណោះ។

យោង​តាម​ការចុះ​ផ្សាយរបស់ Bloomberg បាន​ឲ្យ​ដឹង​ថា ស្ថាបនិក Meta Platforms (Facebook) បាន​របូត​លុយ​អស់​ប្រមាណ ៧១ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​​នេះ ខណៈ​តំណែង​នៅ​ក្នុង​បញ្ជី​មហាសេដ្ឋី​ពិភពលោក​វិញ បាន​ខ្ទាត​ពី​លេខ ៣ មក​លេខ ២២។

មូលហេតុ​ចំបង​ដែល​ធ្វើ​ឲ្យ​ Mark បាត់បង់​លុយ​អស់ច្រើន​បែបនេះ​គឺ ដោយសារ​តាំងពី Facebook ប្ដូរ​ឈ្មោះ​ក្រុមហ៊ុន​ទៅ​ជា Meta Platforms តម្លៃហ៊ុន​របស់​ពួកគេ​បាន​ដាំក្បាល​ចុះ​រហូត​ដល់ ៦០% ដែល​ធ្វើឲ្យ​មហាសេដ្ឋី​ម្នាក់​នេះ​ទទួល​ការ​ខាតបង់​ជា​ខ្លាំង។

សូមជម្រាបដែរ​ថា បច្ចុប្បន្ន​មហាសេដ្ឋី​អាមេរិក​រូបនេះ​មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៥១ ពាន់​លានដុល្លារ ខណៈ​ទំហំទ្រព្យសម្បត្តិ​ដែល​មេធំ Facebook ធ្លាប់​មាន​ខ្ពស់​បំផុត​នោះ​គឺ ១៤០ ពាន់​លានដុល្លារ កាលពី​ខែកញ្ញា ឆ្នាំ ២០២១៕


[អានត...]

កងសន្តិសុខរុស្សុី ចាប់ខ្លួនមនុស្សជាង ១,៣០០នាក់ ដែលធ្វើបាតុកម្មប្រឆាំងការកែនទ័ព!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

កងកម្លាំងសន្តិសុខរុស្ស៉ី បានចាប់ឃុំខ្លួនមនុស្សជាង ១,៣០០នាក់ នៅថ្ងៃពុធសប្ដាហ៍នេះ អំឡុងការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការកែនកងទ័ព តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក វ្ល៉ាឌីមៀ ពូទីន បញ្ជាឱ្យកែនកងទ័ពជាលើកដំបូងចាប់តាំងពីសង្រ្គាមលោកលើកទី២មក។ នេះបើតាមអង្គការសិទ្ធិមនុស្ស ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ។

អង្គការសិទ្ធិមនុស្ស OVD-Info បានឱ្យដឹងថាដោយផ្អែកលើព័ត៌មានដែលខ្លួនប្រមូលបានពីទីក្រុងចំនួន ៣៨ នៅទូទាំងប្រទេសរុស្ស៉ី មនុស្ស ១,៣១១នាក់ ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃពុធសប្ដាហ៍នេះ។ អង្គការមួយនេះបន្ថែមថានៅក្នុងចំណោមអ្នកទាំងនេះ មានយ៉ាងហោច ៥០២នាក់ ត្រូវបានចាប់ខ្លួន ក្នុងទីក្រុងមូស្គូ និង៥២៤នាក់ នៅក្នុងទីក្រុងសាំង ភីតធើស្បឺគ (St Petersburg)។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍នេះ លោក ពូទីន បានប្រកាសកែនកងទ័ពរុស្ស៉ីជាង ៣០០,០០០នាក់ ដើម្បីត្រៀមខ្លួនប្រយុទ្ធនៅអ៊ុយក្រែន ហើយស្របពេលជាមួយគ្នា ប្រធានាធិបតីរុស្សុីរូបនេះ ក៏បានគំរាមជាថ្មីពីការប្រើអាវុធនុយក្លេអ៊ែរផងដែរ៕





[អានត...]

ប្រធានាធិបតីអ៊ុយក្រែនថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ (UN) ហើយលោកបានទាមទារឲ្យមានតុលាការពិសេសមួយរបស់អង្គការសហប្រជាជាតិ ដើម្បីផន្ដន្ទាទោសលើរុស្ស៊ីចំពោះការឈ្លានពានប្រទេសរបស់លោក គួបផ្សំជាមួយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងដកហូតអំណាចវេតូ (Veto) របស់រុស្ស៉ី នៅក្នុងក្រុមប្រឹក្សាសន្តិសុខផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។

ការទាមទាររបស់ប្រធានាធិបតីអ៊ុយក្រែនខាងលើនេះ ធ្វើឡើងក្នុងសុន្ទរកថាជាវីដេអូទៅកាន់មេដឹកនាំពិភពលោក ដែលកំពុងជួបប្រជុំគ្នានៅឯមហាសន្និបាត អង្គការសហប្រជាជាតិ នាថ្ងៃពុធសប្តាហ៍នេះ ចំពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឲ្យមានការកែនទ័ពប្រហែល ៣០០,០០០នាក់ ដើម្បីធ្វើសង្រ្គាមនៅអ៊ុយក្រែន។

លោក ហ្សេលេនស្គី បានប្រាប់សមាជិក UN ទាំងអស់យ៉ាងដូច្នេះថា «ឧក្រិដ្ឋកម្មមួយត្រូវបានប្រព្រឹត្តប្រឆាំងនឹងអ៊ុយក្រែន ហើយយើងទាមទារឲ្យមានការផ្តន្ទាទោស។ តុលាការពិសេសមួយគួរតែត្រូវបានបង្កើតឡើងដើម្បីផ្តន្ទាទោសរុស្ស៊ី ចំពោះឧក្រិដ្ឋកម្មឈ្លានពានប្រឆាំងនឹងប្រទេសរបស់យើង...»។

ជាមួយគ្នានេះលោក ហ្សេលេនស្គី ក៏បានជំរុញជាថ្មីឲ្យអង្គការសហប្រជាជាតិ «ដកសិទ្ធិវេតូ» របស់រុស្ស៊ីពីសមាជិកក្រុមប្រឹក្សាសន្តិសុខនេះផងដែរ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) លោក ពូទីន បានបញ្ជាឲ្យកែនកងទ័ពបន្ថែម និងបានគំរាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ភ្លាមៗនោះ រដ្ឋមន្ត្រីការបរទេសនៃសហភាពអឺរ៉ុប និងក្រុមប្រទេស G7 បានកោះប្រជុំដើម្បីពិភាក្សាអំពីការដាក់ទណ្ឌកម្មថ្មី និងការប្រគល់អាវុធសម្រាប់ទីក្រុងកៀវ បន្ថែមទៀត៕




 

 

 

 

 

 

 


[អានត...]

នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី សន្យាផ្ដល់ជំនួយយោធា ដល់អ៊ុយក្រែនបន្ថែមទៀត!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

(ញូវយ៉ក)៖ នាយករដ្ឋមន្ត្រីអង់គ្លេសថ្មី លោកស្រី លីស ត្រាស (Liz Truss) នៅថ្ងៃពុធសប្ដាហ៍នេះបានសន្យាថាចក្រភពអង់គ្លេសនឹងបន្តផ្ដល់គាំទ្រ និងជំនួយយោធាដល់អ៊ុយក្រែន រហូតទាល់តែយកឈ្នះនៅក្នុងសង្រ្គាមប្រឆាំងរុស្ស៉ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។

ថ្លែងនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ (UN) លោកស្រី ត្រាស បានគូសបញ្ជាក់ដូច្នេះថា «យើងនឹងមិនបញ្ឈប់ឡើយ រហូតទាល់តែអ៊ុយក្រែនទទួលបានជ័យជម្នះ ... ហើយនៅក្នុងខណៈពេលដ៏សំខាន់នៃជម្លោះ ខ្ញុំសន្យាថាយើងនឹងបន្ត ក៏ដូចជានឹងបង្កើនជំនួយយោធារបស់យើងសម្រាប់អ៊ុយក្រេន ដរាបណាសង្រ្គាម នៅតែបន្តកើតឡើង»។

គួរបញ្ជាក់ថា បើតាមលោកស្រី លីស ត្រាស ខណៈលោកស្រីកំពុងថ្លែងសុន្ទរកថា នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិនេះ ជំនួយអាវុធថ្មីរបស់ចក្រភពអង់គ្លេស កំពុងធ្វើត្រូវបានបញ្ជូនទៅដល់ទីក្រុងកៀវផងដែរ៕




[អានត...]

Wednesday, September 21, 2022

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា សម្រេចតម្កល់ការកាត់ទោស ខៀវ សំផន ឱ្យជាប់ពន្ធនាគារមួយជីវិតដដែល!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments


(ភ្នំពេញ)៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកាលើបណ្តឹងសាទុក្ខសំណុំរឿង ០០២/០២ ពាក់ព័ន្ធនឹងជនជាប់ចោទ ខៀវ សំផន អតីតប្រធានគណៈប្រធានរដ្ឋ នៃរបបខ្មែរក្រហម។

នៅក្នុងសាលដីកានេះ សាលាក្តីខ្មែរក្រហម បានសម្រេចតម្កល់សេចក្តីសម្រេចរបស់ខ្លួន ដោយកាត់ទោស លោក ខៀវ សំផន ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ហើយបិទផ្លូវតវ៉ាតែម្តង។

សំណុំរឿង០០២ ជាសំណុំរឿងដ៏មានសារសំខាន់ដែលបណ្តុំទៅដោយអតីតមេដឹកនាំកំពូលៗនៃរបបខ្មែរក្រហម ៤រូប ជាជនជាប់ចោទ រួមមានទី១៖ នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាអតីតប្រធានសភាតំណាងប្រជាជននៃរបបខ្មែរក្រហម, ទី២៖ លោក ខៀវ សំផន អតីតគណៈប្រធានរដ្ឋនៃរបបខ្មែរក្រហម, ទី៣៖ លោក អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃរបបខ្មែរក្រហម និងទី៤៖ លោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនៃរបបខ្មែរក្រហម។

នៅចុងបញ្ចប់នៃសំណុំរឿងនេះ ជនជាប់ចោទ ១រូប ក្នុងចំណោម ៤រូប គឺអតីតប្រធានគណៈប្រធានរដ្ឋ ខៀវ សំផន បច្ចុប្បន្ននេះ មានអាយុ៩១ឆ្នាំ នៅរស់រានមានជីវិត និងបានចូលរួមក្នុងដំណើរការនីតិវិធីច្បាប់រហូតដល់សំណុំរឿងបិទបញ្ចប់ទាំងស្រុង ខណៈជនជាប់ចោទ ៣រូបផ្សេងទៀតរួមមាន៖ លោក អៀង សារី (ស្លាប់ខែមីនា ឆ្នាំ២០១៣) និងលោកស្រី អៀង ធីរិទ្ធ (ស្លាប់នៅខែសីហា ឆ្នាំ២០១៥ ក្រោយរកឃើញថាមានជំងឺវង្វេងវង្វាន់បាត់ការចងចាំ) បានស្លាប់នៅក្នុងដំណើរការនីតិវិធីជំនុំជម្រះ រីឯលោក នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាប្រធានសភាតំណាងប្រជាជននៃរបបខ្មែរក្រហមមានពិរុទ្ធភាព និងផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតក្នុងសំណុំរឿង ០០២/០១ និងបានស្លាប់នៅក្នុងដំណាក់កាលបណ្តឹងសាទុក្ខក្នុងសំណុំរឿង ០០២/០២ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩៕



[អានត...]

សវនាការជុំទី៥៧! តុលាការចោទ​ប្រកាន់ លោក កឹម សុខា ពាក់ព័ន្ធទៅ​នឹង​ការ​ធ្វើ«បដិវត្តន៍ពណ៌»!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

លោក កឹម សុខា បានច្រានចោលចំពោះការចោទប្រកាន់លើរូបលោក ក្រោយពីតុលាការបានព្យាយាមភ្ជាប់លោកទៅនឹងការធ្វើបដិវត្តន៍ដោយការកាន់ផ្កាឈូកនិងយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ»។

ការបដិសេធរបស់ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ធ្វើឡើងក្នុងពេលតុលាការបន្តបើកសវនាការដោយសួរដេញដោលលើអង្គហេតុទំនាក់ទំនងរវាងគណបក្សសង្គ្រោះជាតិជាមួយជនជាតិតៃវ៉ាន់ បដិវត្ដន៍ផ្កាឈូក និងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។​

មុនពេលសួរដេញដោលនោះ ចៅក្រមបានចាក់វីដេអូលោក កឹម សុខា ថ្លែងនៅទីលានប្រជាធិបតេយ្យដោយដៃកាន់ផ្កាឈូក និងបង្ហាញរូបភាពលោកស្រី មូរ សុខហួរ, លោកស្រី ជូ ឡុងសូម៉ូរ៉ា និងសកម្មជនដីធ្លីបឹងកក់ ព្រមទាំងជនជាតិភូមា បាននាំគ្នាយកផ្កាឈូកទៅដាក់នៅលើរបងលួសក្រោយពីសមត្ថកិច្ចបិទទីលានប្រជាធិបតេយ្យ។

ចៅក្រមជំនុំជម្រះ លោក អ៊ឹម វណ្ណៈ បានសួរទៅលោក កឹម សុខា ធ្លាប់ឮពាក្យបដិវត្តន៍ពណ៌ផ្កាឈូកទេ? តើលោកដឹងពីមូលហេតុនាំឱ្យមានបដិវត្តន៍ពណ៌ផ្កាឈូក? ហេតុអ្វីលោកស្រី មូរ សុខហួរ កាន់ផ្កាឈូក? ហើយគណបក្សសង្គ្រោះជាតិធ្លាប់ណែនាំឱ្យបាតុករដែលធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យកាន់ផ្កាឈូក និងហេតុអ្វីបាតុករកាន់ផ្កាឈូក?

ចៅក្រមជំនុំជម្រះបន្តថា តើនៅទីលានប្រជាធិបតេយ្យមានវត្ថុស័ក្ដិសិទ្ធិអ្វីបានកាន់និងយកផ្កាឈូកទៅទីនោះ? ហើយហេតុអ្វីលោក កឹម សុខា កាន់ផ្កាឈូកពេលឡើងថ្លែងនៅទីលានប្រជាធិបេតយ្យ? ក្នុងគោលបំណងអ្វី? ជាដើម។

ឈរនៅរង្វង់ក្រចកសេះ លោក កឹម សុខា បានថ្លែងថា រូបលោកធ្លាប់ឮប៉ុន្តែមិនស៊ីជម្រៅ ហើយចំពោះមូលហេតុដែលនាំឱ្យមានបដិវត្តន៍ផ្កាឈូកនោះ លោកថា លោកមិនបានដឹងឡើយ។ ចំពោះសំណួរហេតុអ្វីលោកស្រី មូរ សុខហួរ កាន់ផ្កាឈូកនោះ លោក កឹម សុខា ឱ្យលោកចៅក្រមទៅសួរលោកស្រី មូរ សុខហួរ វិញ ព្រោះលោកមិនដឹង។

លោកថា គណបក្សសង្រ្គោះជាតិមិនបានណែនាំឱ្យបាតុកម្មកាន់ផ្កាឈូកឡើយ ហើយកាន់ផ្កាឈូកក៏មិនខុសអ្វីដែរ ដោយថា បាតុកម្មដែលរៀបចំដោយគណបក្សសង្រ្គោះជាតិកាលពីឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ ជាបាតុកម្មអហិង្សា ទាមទារឱ្យបើកការស៊ើបអង្កេតលទ្ធផលបោះឆ្នោត មិនមែនជាការធ្វើបដិវត្តន៍ពណ៌ឡើយ។

លោកថា៖ «CNRP ធ្វើបាតុកម្មអហិង្សាទាមទារឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតការបោះឆ្នោត មិនមែនធ្វើបដិវត្តន៍ពណ៌ និងមិនមែនផ្ដួលរំលំរដ្ឋាភិបាលទេ។ ខ្ញុំដឹងលោកចៅក្រមសួររឿងផ្កាឈូក។ ផ្កាឈូកសម្រាប់ថ្វាយព្រះពុទ្ធ ហើយព្រះពុទ្ធអត់បានប្រដៅយកផ្កាឈូកទៅប្រព្រឹត្តអំពើហិង្សាទេ។ លោកចៅក្រមឃើញទេ? ខ្ញុំទៅវត្តតែងកាន់ផ្កាឈូកទៅ។ ទោះបីមានកាន់ផ្កាឈូក មិនខុសដែរ អត្ថន័យផ្កាឈូកគឺអហិង្សា»។

លោក កឹម សុខា ក៏បានពន្យល់ពីអត្ថន័យនៃផ្កាឈូកទៅកាន់ចៅក្រមថា ផ្កាឈូកមិនមែនត្រឹមតែសម្រាប់ថ្វាយព្រះទេ ផ្កាឈូកក៏ជាតំណាងឱ្យភាពស្ងប់ស្ងាត់ ភាពទន់ភ្លន់ និងសាមគ្គីភាពផងដែរ។

លោកថា៖ «ខ្ញុំកាន់ផ្កាឈូកក៏មិនខុសដែរ។ ខ្ញុំប្រកាន់ខ្ជាប់អហិង្សា។ អ៊ីចឹងគ្មានទេបដិវត្តន៍ពណ៌ គ្មានទេអំពើហិង្សា គ្មានទេការផ្ដួលរំលំរដ្ឋាភិបាល។ តើកម្ពុជាមានច្បាប់ណាដែលហាមមិនឱ្យកាន់ផ្កាឈូកនោះ? នៅកម្ពុជាគ្មានច្បាប់ហាមកាន់ផ្កាឈូកទេ»។

ខណៈចៅក្រមជំនុំជម្រះ លោក អ៊ឹម វណ្ណៈ ចាត់ទុកលោក កឹម សុខា និងបាតុករកាន់ផ្កាឈូក ថាជាការធ្វើបដិវត្តន៍ផ្កាឈូក ដែលមានគោលបំណងចង់ផ្ដួលរំលំរដ្ឋាភិបាល ដោយយកលំនាំតាមប្រទេសអេហ្ស៊ីប។

ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានលោក កឹម សុខា ច្រានចោល ដោយថា អត្ថន័យផ្កាឈូកសម្រាប់ពលរដ្ឋកម្ពុជាខុសពីប្រទេសអេហ្ស៊ីប។ លោកបញ្ជាក់ថា រូបលោកប្រកាន់ខ្ជាប់អហិង្សា ការចូលរួមប្រកួតប្រជែងតាមរយៈការបោះឆ្នោត ដូច្នេះគ្មានទេការចង់ផ្ដួលរំលំរដ្ឋាភិបាល និងគ្មានបដិវត្តន៍ពណ៌នោះទេ។

ចំណែកអង្គហេតុយុទ្ធនាការ «ថ្ងៃចន្ទពណ៌ខ្មៅ» វិញ ចៅក្រមជំនុំជម្រះលោក អ៊ឹម វណ្ណៈ ក៏បានបង្ហាញរូបភាពរបស់សកម្មជនដីធ្លីនៅបឹងកក់ សកម្មជនដីធ្លីនៅបុរីកីឡា​ អង្គការសង្គមស៊ីវិល និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួនដែលចូលរួមធ្វើយុទ្ធនាការនេះ ដើម្បីទាមទារឱ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស ៥ រូប។

ក្រៅពីបង្ហាញរូបភាពខាងលើ ចៅក្រមក៏បានបង្ហាញសារលោក សម រង្ស៊ី ដែលបង្ហោះលើហ្វេសប៊ុក ដោយអំពាវនាវឱ្យសកម្មជន និងប្រជាពលរដ្ឋចូលរួមធ្វើយុទ្ធនាការនេះផងដែរ។

ក្រោយពីបង្ហាញរូបភាព លោក អ៊ឹម វណ្ណៈ ក៏បានសួរទៅលោក កឹម សុខា ពីទំនាក់ទំនងរវាងលោក កឹម សុខា ជាមួយលោក ប៉ា ងួនទៀង លោក អ៊ី សារ៉ុម និងសកម្មភាពរបស់សកម្មជនដីធ្លីដែលនាំគ្នាធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ និងការចូលរួមរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិផងដែរ។

លោកថា៖ «តើលោកធ្លាប់ឮថ្ងៃចន្ទពណ៌ខ្មៅទេ? ហេតុអ្វីបង្កើតថ្ងៃចន្ទពណ៌ខ្មៅ? តើលោកស្គាល់លោក ប៉ា ងួនទៀង ទេ? លោក អ៊ី សារ៉ុម ប្រធានអង្គការធាងត្នោតទេ? តើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ មានការចូលរួមពីអ្នកណាខ្លះ? លោក សម រង្ស៊ី បានអំពាវនាវលើហ្វេសប៊ុកឱ្យប្រជាពលរដ្ឋចូលរួមយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ។ល។»។

លោក កឹម សុខា បញ្ជាក់ថា រូបលោកស្គាល់លោក ប៉ា ងួនទៀង ដែលធ្លាប់ធ្វើការងារជាមួយ ប៉ុន្តែមិនមែនសាច់ញាតិដូចសមត្ថកិច្ចធ្វើរបាយការណ៍ឡើយ។ ចំណែកលោក អ៊ី សារ៉ុម វិញ លោកមិនច្បាស់ទេ ខណៈការរៀបចំនិងការធ្វើយុទ្ធនាការរបស់សកម្មជនដីធ្លីនោះ មិនពាក់ព័ន្ធនឹងរូបលោកឡើយ។

ចំណែកការចូលរួមរបស់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិវិញ លោកថាជាសិទ្ធិបុគ្គល ខណៈការអំពាវនាវរបស់លោក សម រង្ស៊ី ជារឿងរបស់គាត់ ដោយមិនពាក់ព័ន្ធនឹងលោក និងគណបក្សសង្គ្រោះជាតិនោះទេ។

លោកថា៖ «យកសម្ដីលោក សម រង្ស៊ី និយាយពីនេះពីនោះមកភ្ជាប់ជាមួយខ្ញុំ។ រឿងលោក សម រង្ស៊ី គាត់និយាយជារឿងគាត់! ហើយយកភស្តុតាងអ៊ីចឹងៗមកចោទខ្ញុំ មានតម្លៃអី? ចាប់តាំងមានកិច្ចព្រមព្រៀងមក ខ្ញុំដឹកនាំទៅរកការបោះឆ្នោតនៅឆ្នាំ២០១៧»។

ក្រៅពីសួរដេញដោលរឿងផ្កាឈូក និងថ្ងៃចន្ទពណ៌ខ្មៅនោះ ចៅក្រមជំនុំជម្រះក៏សួរលោក កឹម សុខា ពីទំនាក់ទំនង និងបេសកកម្មរបស់ជនជាតិតៃវ៉ាន់ដែលទៅទីស្នាក់ការគណបក្សសង្គ្រោះជាតិផងដែរ ប៉ុន្តែសំណួរខ្លះ លោក កឹម សុខា បានឆ្លើយតប និងសំណួរខ្លះទៀត លោកឆ្លើយថាមិនចាំច្បាស់។

យ៉ាងណា សវនាការលើកទី៥៧នេះ តំណាងអយ្យការ និងមេធាវីដើមបណ្ដឹង មិនបានតាំងសំណួរសួរលោក កឹម សុខា នោះទេ ដោយសំណួរស្ទើរទាំងអស់ក្នុងអង្គហេតុទំនាក់ទំនងរវាងគណបក្សសង្គ្រោះជាតិជាមួយជនជាតិតៃវ៉ាន់ បដិវត្ដន៍ផ្កាឈូក និងយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ចៅក្រមជាអ្នកសួរ៕


[អានត...]

លោក ពូទីន បញ្ជា​ឱ្យ​កេណ្ឌទ័ព បន្ទាប់ពីទាហានរុស្ស៊ីបាក់ទ័ពនៅអ៊ុយក្រែន!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) នៅថ្ងៃពុធនេះ បញ្ជាឱ្យមានការកេណ្ឌទ័ពជាលើកដំបូងដែលមិនធ្លាប់មានចាប់តាំងពីសង្គ្រាមលោកលើកទីពីរ និងចោទ​លោកខាងលិចថាមានបំណងចង់បំផ្លាញរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

លោក ពូទីន បានមានប្រសាសន៍ថា៖ «ប្រសិនបើបូរណភាពទឹកដីរបស់យើងត្រូវបានគំរាមកំហែង យើងនឹងប្រើគ្រ​ប់មធ្យោបាយទាំងអស់តាមដែលអាចធ្វើទៅបាន ដើម្បីការពារប្រជាជនរបស់យើង»។

លោក ពូទីន បាននិយាយថា ការកេណ្ឌទ័ពនេះ គឺដើម្បីការពារប្រទេសរុស្ស៊ី និងទឹកដីរបស់ខ្លួន ដោយថាលោកខាងលិចមិនចង់បានសន្តិភាពនៅអ៊ុយក្រែនឡើយ។

លោក ពូទីន បាននិយាយថា៖ «ទីក្រុងវ៉ាស៊ីនតោន ទីក្រុងឡុងដ៍ ទីក្រុងប្រ៊ុចសែល កំពុងជំរុញទៅទីក្រុងកៀវ [Kyiv] ឱ្យបង្វែរប្រតិបត្តិការយោធាទៅកាន់ទឹកដីរបស់យើង ដោយមានគោលបំណងប្លន់យកប្រទេសរបស់យើងទាំងមូល»។

គួរបញ្ជាក់ថា ភាព​តាន​តឹងរ​វាង​​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្ដើមកើនឡើងខ្លាំង បន្ទាប់ពីរុស្ស៊ី​បាន​​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំទៅ​លើប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ ដែលធ្វើឡើងបន្ទាប់​ពី​ការ​ប្រកាស​សង្រ្គាម​ដោយប្រធានាធិបតី លោក ​វ្លាឌីមៀរ ពូទីន​។

រុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនទៅ​លើអ៊ុយក្រែន​​តាម​ផ្លូវ​គោក ផ្លូវ​អាកាស និង​សមុទ្រ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលបានធ្វើឱ្យបណ្ដាប្រទេសមួយចំនួន​នៅលើពិភពលោក​សម្រេចដាក់​ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់លើរុស្ស៊ី៕


[អានត...]

Tuesday, September 20, 2022

ប្រាក់ឈ្នួល​អប្បបរមា​កម្មករ​ឡើង​បាន​៦ដុល្លារ​សម្រាប់​ឆ្នាំ២០២៣គឺប្រាក់ខែគោល២០០ដុល្លារ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments





ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ប្រកាស​ថា​ ប្រាក់ឈ្នួលអប្បបរមារបស់​​កម្មករនិយោជិតផ្នែក​វាយនភណ្ឌកាត់​ដេរ និងផលិតស្បែក​ជើង ឡើងបាន៦ដុល្លារសម្រាប់ឆ្នាំ២០២៣ ដែលមានន័យថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ កម្មករនឹង​ទទួលបានប្រាក់ឈ្នួលគោលចំនួន២០០ដុល្លារ​​។

កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបន្តជួបពិភាក្សាគ្នា ដើម្បីរក​ចំណុចរួមមួយក្នុងការកំណត់ប្រាក់ឈ្នួលគោលសម្រាប់កម្មករនៅឆ្នាំ២០២៣ ដោយក្នុងនោះ ក្រុមសហជីពមានតួលេខចំនួន៣ផ្សេងគ្នា រួម​មាន ២០៦ដុល្លារ, ២១០ដុល្លារ និង២១៣ដុល្លារ។

ចំណែកតំណាងនិយោជកបានដាក់តួលេខ១៩៧ដុល្លារ និងរដ្ឋាភិបាលបានស្នើ ១៩៨ដុល្លារ។

ប្រធាន​សហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា ដែលចូលរួមកិច្ចប្រជុំចុងក្រោយនៅថ្ងៃទី២១ ខែកញ្ញានេះ បានឱ្យដឹងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានសម្រេចយកតួលេខ១៩៨​ដុល្លារ ហើយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់​ឱ្យ​២ដុល្លារបន្ថែមទៀត ដែលធ្វើឱ្យប្រាក់​ឈ្នួលគោលកម្មករសម្រាប់ឆ្នាំ២០២៣ ឡើងដល់២០០ដុល្លារ។

សូមបញ្ជាក់ថាប្រាក់ឈ្នួលអប្បបរមារបស់​​កម្មករនិយោជិតផ្នែក​វាយនភណ្ឌកាត់​ដេរ និងផលិតស្បែក​ជើង សម្រាប់​ឆ្នាំ២០២២ គឺ​១៩៤ដុល្លារ៕

[អានត...]

លោក ហ៊ុន សែន ចេញ​ទៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ចូលរួម​មហា​សន្និបាត​អង្គការ​សហប្រជាជាតិលើកទី៧៧!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments



លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បានចាកចេញពីប្រទេស​កម្ពុជា ដើម្បីទៅចូលរួម​មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នៅសហរដ្ឋអាមេរិក និងបំពេញទស្សន​កិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា ព្រមទាំង​ទៅចូលរួម​ពិធីបុណ្យសពថ្នាក់ជាតិរបស់​លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុនដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់។

ក្នុងទំព័រហ្វេស​ប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឱ្យ​ដឹងថា ក្នុងដំណើរទៅក្រៅប្រទេស​រយៈពេលមួយសប្តាហ៍​ លោក​​នឹងចូលរួម​​កិច្ចប្រជុំ​​​​​លើក​​ទី​៧៧ នៃ​កិច្ច​ពិភាក្សាទូ​ទៅ​របស់​​មហា​សន្និបា​ត​អង្គ​ការ​សហ​ប្រជាជាតិ ក្រោម​ប្រធាន​បទ «ចំណុចរបត់សំខាន់នៃការផ្លាស់​ប្ដូរមិនអាចត្រលប់ក្រោយបាន៖ ដំណោះស្រាយ​បរិបទ​កម្ម​ចំពោះ​បញ្ហាប្រឈមប្រទាក់ក្រឡាគ្នា» ចាប់​ពី​ថ្ងៃទី២១ ដល់ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុង​ញូវ​យ៉ក សហរដ្ឋអាមេរិក។

ប្រភពដដែលបន្តថា លោក​​នាយករដ្ឋមន្ត្រីក៏​នឹង​អញ្ជើញ​ធ្វើ​សេច​ក្ដីថ្លែង​ការណ៍​ជាតិ​របស់​កម្ពុជា នៅក្នុ​ង​កិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ ដែល​បទ​អន្តរាគ​មន៍នោះ​​នឹង​ផ្តោត​លើ​តួនាទី​ស្ថាបនា​របស់​កម្ពុជា​ ក្នុងការគាំទ្រពហុភាគីនិយមផ្អែក​លើគោលការណ៍​​ច្បាប់ ការ​រួម​សហការ​គ្នាប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែងផ្នែក​សន្តិសុខជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភា​គី គោល​នយោបាយឌីជីថល​និងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់​កម្ពុជា ជាដើម។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ក៏នឹង​មាន​ជំនួប​បន្តបន្ទាប់​គ្នាជាមួយលោក​ អាន់ តូនីញ៉ូ ហ្វូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ, លោក ឆាលស៍ មី​ឆែល ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប, លោកស្រី​ សេក្ខ ហាស៊ី​ណា នាយករដ្ឋមន្ត្រីនៃ​សាធារណ​រដ្ឋ​ប្រជាមានិត​បង់​ក្លាដែស, លោក ចូហ្សេ ម៉ានូអែល រ៉ាម៉ូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងថ្នាក់ដឹកនាំផ្សេងទៀតផងដែរ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តនៅក្នុងទំព័រ​ហ្វេស​ប៊ុករបស់លោក​ទៀតថា បន្ទាប់ពីកិច្ចប្រជុំនៅសហរដ្ឋអាមេរិក លោកក៏នឹងបន្ត​ទៅ​​​បំពេញ​​ទស្សន​​កិច្ច​ផ្លូវ​ការ​នៅ​សាធារណរដ្ឋ​គុយ​បា និង​​ទៅចូលរួម​ពិធីបុណ្យសពថ្នាក់ជាតិរបស់​លោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន រហូត​ដល់ថ្ងៃទី២៨ ខែ​កញ្ញា ឆ្នាំ២០២២ ទើបលោក​ត្រលប់មកកាន់មាតុប្រទេស​វិញ៕


[អានត...]

ពលរដ្ឋខ្មែរ​គ្រោង​ធ្វើ​បាតុកម្ម ស្វាគមន៏លោក ហ៊ុន សែន ទៅ​ចូលរួម​សន្និបាត​អង្គការ​សសហប្រជាជាតិ!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

ពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក គ្រោងធ្វើបាតុកម្មនៅមុខ​ទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក និងតាមទីកន្លែងផ្សេងទៀត​ ដើម្បី​ទាមទារ​ឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​គោរពសិទ្ធិមនុស្សនិងស្ដារលទ្ធិប្រជាធិបេតយ្យនៅកម្ពុជាឡើងវិញ។

ការប្រកាសធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកនេះ មុនពេលដែលលោក ហ៊ុន សែន ទៅចូលរួមសន្និបាតអង្គការសហប្រជាជាតិនៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃ ទី២១ ខែកញ្ញានេះ។

​សេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួងការបរទេស​ ឱ្យដឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើដំណើរទស្សនកិច្ចទៅក្រៅប្រទេស​ចាប់ពីថ្ងៃទី​២១ ដល់​ទី២៨ ខែកញ្ញា។ ​លោក ហ៊ុន សែន​ និងរដ្ឋមន្រ្តី​ផ្សេង​ទៀត ​នឹងត្រូវចូល​រួម​មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នាទីក្រុងញូវយ៉កសហរដ្ឋអាមេរិក បន្ទាប់មក ​បន្តដំណើរទៅទស្សនកិច្ចនៅប្រទេស​គុយបា និងចុងក្រោយ​ធ្វើ​ដំណើរទៅ​ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសពលោក ​ស៊ីហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសនៅលើទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃអង្គារនេះថា បើទោះជាលោកធ្វើដំណើរទៅសហរដ្ឋអាមេរិកក្តី ប៉ុន្តែលោកមិនមានគម្រោងជួបជាមួយអ្នកគាំទ្រលោកដូចពីពេលមុននោះទេ ដោយសារតែហេតុផលពេលវេលា និងភាពមមាញឹករបស់លោក។

លោក ហ៊ុន សែន បញ្ជាក់ថា៖ «ខ្ញុំសូមផ្ញើការនឹករលឹកដល់បងប្អូនដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា និងសូមការអធ្យាស្រ័យដោយមិនអាចរៀបចំការជួបជុំជាមួយបងប្អូនបាន អាស្រ័យដោយការស្នាក់នៅទីក្រុងញូវយ៉កមានរយៈពេលខ្លី និងមានកម្មវិធីច្រើន។ ម្យ៉ាងទៀត យើងក៏ទើបជួបគ្នាកាលពីខែឧសភា ២០២២កន្លងទៅ នៅទីក្រុងវ៉ាស៊ីនតោន ហើយដែរ។ សង្ឃឹមថាបងប្អូននឹងមានការយោគយល់»។

ក្នុងដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក កាលពីខែឧសភា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់ត្រូវបានពលរដ្ឋខ្មែរម្នាក់គប់ស្បែកជើងសំដៅទៅកាន់រូបលោក ប៉ុន្តែស្បែកជើងនោះមិនបានហោះត្រូវលោកនោះទេ។ សកម្មភាពគប់ស្បែកជើងនោះក្នុងពេលដែលលោកកំពុងជួបជុំជាមួយអ្នកគាំទ្រដែលឈរតម្រង់ជួររង់ចាំទទួលស្វាគមន៍លោក។

​អ្នក​ស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា មានប្រសាសន៍ថា​ ការធ្វើបាតុកម្មប្រឆាំងវត្តមាន​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលគ្រោងធ្វើនៅពេលនេះទៀត បង្ហាញថា ​ពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសមិន​ពេញចិត្តចំពោះការដឹកនាំរបស់លោក ហ៊ុន សែន ​ដែលពួកគេយល់ថាបានធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះ​។

ទោះជាយ៉ាងណា លោក វណ្ណ ប៊ុនណា មើលឃើញថា ​ការធ្វើបាតុកម្ម​នេះ​មិនអាច​ធ្វើ​ឱ្យ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្លាស់ប្ដូរគោលជំហរក្នុងការ​ដឹកនាំ​​ប្រទេស​ឱ្យ​មានការបើកលំហប្រជាធិបតេយ្យ​ឡើងវិញនោះ​ទេ ព្រោះថា​ កន្លងមក​ ធ្លាប់មាន​ការធ្វើបាតុកម្មដូច្នេះដែរ​។​

លោក​ថា​៖​ «ខ្ញុំមើលឃើញថា ការធ្វើបាតុកម្មហ្នឹងមិនមាន​ផលប៉ះពាល់​ ឬ​រដ្ឋាភិបាលកម្ពុជា​ផ្លាស់ប្ដូរគោលជំហរ​ក្នុងការដឹកនាំ​​នោះទេ​ ដោយសារយើងដឹងហើយ​ថា ​កន្លង​មក​មានការធ្វើបាតុកម្ម​ជាច្រើនលើកជាច្រើន​សា ក៏ប៉ុន្តែ​ទាក់​​ទងនឹងការសម្រេច​ចិត្តផ្ទៃក្នុង​ ជាពិសេស​លោក ​ហ៊ុន សែន​ គាត់ធ្វើអ្វីទៅតាមគោលជំហររបស់គាត់​»។

តាមគម្រោង អ្នកធ្វើបាតុកម្មត្រៀមរៀបចំបាតុកម្ម​នៅទីកន្លែងចំនួន៦ និងមានអ្នកចូលរួមជាង៣០០នាក់ ក្នុងនោះក្រៅពីពលរដ្ឋខ្មែរ ក៏មានជនជាតិផ្សេងៗទៀត ដូចជា ថៃ និងមីយ៉ាន់ម៉ា ជាដើម។ បាតុកម្មនេះគ្រោងចាប់ផ្ដើមជួបជុំគ្នានៅមុខ​ទីស្នាក់ការអង្គការសហប្រជាជាតិ​ និងមុខស្ថានទូត​សហភាពអឺរ៉ុប ជាដើម​។

អ្នករៀបចំបាតុកម្មបានលើកឡើងថា មូលហេតុ​ដែល​ពួកគេគ្រោងធ្វើបាតុកម្មនេះ​ឡើង ​គឺដើម្បីទាមទារ​​ឱ្យ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​ បែរមកដឹកនាំប្រទេសតាម​បែបលទ្ធិប្រជាធិបតេយ្យឡើងវិញ ដោយគោរពរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាដើម​​៕


[អានត...]

អ៊ុយក្រែន រុលចូលទៅក្នុងទឹកដីរំដោះកាន់តែជ្រៅ ទៅក្នុងតំបន់ទឹកដីដែលរុស្សុីបោះបង់ចោល!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments




(កៀវ)៖ អ៊ុយក្រែន បានអះអាងថាកងកម្លាំងរបស់ខ្លួនបានរុលទៅមុខកាន់តែជ្រៅទៅក្នុងទឹកដីដែលរុសុីបោះបង់ចោលនាពេលថ្មីៗនេះ ដោយបើកផ្លូវសម្រាប់ ការវាយលុកលើកងកម្លាំងរបស់រុស្ស៉ីនៅក្នុងតំបន់ដុនបាស់ ខណៈទីក្រុងកៀវក៏កំពុងដង្ហើយរកជំនួយអាវុធរបស់លោកខាងលិចបន្ថែមទៀត។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០២២។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានគូសបញ្ជាក់តាមរយៈសារជាវីដេអូ យ៉ាងដូច្នេះថា «ពួកឈ្លានពាន ប្រាកដជាកំពុងភ័យស្លន់ស្លោ។ ឥលូវនេះ កងម្លាំងរបស់យើងកំពុងបន្ថែមល្បឿនរុលចូលទៅក្នុងតំបន់ដែលត្រូវបានរំដោះ»។ លោក ហ្សេលេនស្គី បានបន្ថែមថា «យើងកំពុងធ្វើគ្រប់យ៉ាងដើម្បីធានាថាតម្រូវការ អ៊ុយក្រែន ត្រូវបានបំពេញគ្រប់កម្រិតទាំងវិស័យការពារជាតិ ហិរញ្ញវត្ថុ សេដ្ឋកិច្ច និងការទូត»។

ដោយឡែក អភិបាលតំបន់លូហាន់ លោក សឺហ៉ី ហ្គៃដៃ (Serhiy Gaidai) បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន បានកាន់កាប់ភូមិប៊ីឡូហូរីវកា (Bilohorivka) ឡើងវិញទាំងស្រុង ហើយកំពុងរៀបចំដណ្តើមយកទឹកដីទាំងអស់ក្នុងតំបន់លូហាន់ពីដៃរុស្ស៉ីមកវិញ។ នៅក្នុងសញ្ញានៃការព្រួយបារម្ភអំពីភាពជោគជ័យ របស់អ៊ុយក្រែននាពេលថ្មីៗនេះ មេដឹកនាំរបស់ក្រុមបំបែកខ្លួនដែលគាំទ្រដោយរុស្ស៉ី ក្នុងតំបន់ដុនបាស់ បានអំពាវនាវឲ្យមានការរៀបចំធ្វើប្រជាមតិជាបន្ទាន់ លើតំបន់នេះឲ្យក្លាយជាផ្នែកមួយនៃទឹកដីរុស្ស៉ី។

គួរបញ្ជាក់ថា ភូមិដែលអ៊ុយក្រែនវាយយកបានពីរុស្ស៉ីវិញខាងលើនេះ គឺមានចម្ងាយត្រឹមតែ ១០គីឡូម៉ែត្រពីភាគខាតងលិចទីក្រុងលីស៉ីឆាន់ស៍ ដែលបានធ្លាក់ទៅ ក្នុងដៃរុស្ស៉ី ក្រោយការប្រយុទ្ធគ្នាជាច្រើនសប្តាហ៍ កាលពីខែកក្កដា៕





[អានត...]

Monday, September 19, 2022

សមត្ថកិច្ច​ខេត្តព្រះសីហនុ​ចុះ​បង្ក្រាប​ជន​អន្តោប្រវេសន៍​ខុសច្បាប់​ជាង​១៤០នាក់​!

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុបានសហការគ្នាចុះបង្ក្រាបជនបរទេសអន្តោប្រវេសន៍​ខុស​ច្បាប់​ជាង១៤០នាក់ ដោយ​បាន​បញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្ដេញ​ចេញ​​ពីកម្ពុជា។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ចុះផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញានេះ បានឱ្យ​ដឹងថា អាជ្ញាធរខេត្ត​សហការជាមួយនាយកដ្ឋានកណ្តាលសន្តិសុខ​នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ និងស្ថាប័នជំនាញពាក់ព័ន្ធ ក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះពិនិត្យរដ្ឋបាលទីតាំងឈ្មោះ ស៊ឹង សាន ទីង (ហៅ ឆាងឆឹង) ចំនួន​៣អាគារ (A,B,C) ស្ថិត​នៅ​ដីឡូត៍មួយកន្លែង ក្នុង​ក្រុម​២៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ត្រឹមម៉ោង១២ និង០០នាទីថ្ងៃត្រង់។

រដ្ឋបាលខេត្ត​បញ្ជាក់ថា ការចុះស្រាវជ្រាវទីតាំងទាំង៣អាគារនោះ ដើម្បីពិនិត្យលើស្ថានភាពរដ្ឋបាលទីតាំងអាជ្ញាបណ្ណ​ប្រកបអាជីវកម្ម ការស្នាក់នៅ និងការ​បម្រើការងាររបស់ជនបរទេស ព្រម​ទាំង​ស្រាវជ្រាវ​​ស៊ើបអង្កេតបទ​ល្មើស​បង្ខាំងមនុស្សខុសច្បាប់ ការធ្វើទារុណកម្ម និង​បទ​ល្មើសជួញដូរមនុស្ស ដោយប្រើប្រាស់កម្លាំងសរុប១៣៧​រូប។

ប្រភពដដែលបន្តថា ក្រោយ​ពីស្រាវជ្រាវបានចំនួន៥ថ្ងៃកន្លងមកនេះ សមត្ថកិច្ចចម្រុះបានរកឃើញជនបរទេសខុសច្បាប់អន្តោប្រវេសន៍​ចំនួន​​១៤១នាក់ (ស្រី៦នាក់)​ មាន​២សញ្ជាតិ ក្នុងនោះមានជនជាតិចិនចំនួន១៣០នាក់ (ស្រី០៣នាក់) និង​​ជន​ជាតិវៀតណាមចំនួន១១នាក់ (ស្រី០៣នាក់) ដោយបានបញ្ជូនទៅនាយកដ្ឋាន​ស៊ើប​អង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបណ្តេញចេញពីកម្ពុជា។

បន្ថែមពីនេះ​ សេចក្តីប្រកាសព័ត៌មាន​ដដែល​បន្តថា មន្ត្រីជំនាញបានរកឃើញបទល្មើសចំនួន៦ផ្សេងទៀត រួមមាន បទល្មើសល្បែងស៊ីសងខុសច្បាប់ បង្ខាំងមនុស្ស និងធ្វើទារុណកម្មមនុស្សដោយខុសច្បាប់ បទ​ល្មើសសញ្ចា​រកម្ម ការជួញដូរមនុស្ស ការកាន់កាប់និងរក្សាទុកអាវុធខុសច្បាប់ រួមទាំងបទល្មើសសម្អាតប្រាក់ ជាដើម។

ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលខេត្តព្រះសីហនុបាន​ដាក់ចេញនូវវិធានការ​មួយចំនួនផងដែរ ដូចជា សម្រេច​ធ្វើកិច្ចស​ន្យាអប់​រំ​ដល់​ជនបរទេសដែលស្របច្បាប់ និងជនបរទេសដែលបានផាកពិន័យរួច ឱ្យចាកចេញពីទីតាំងទៅរកកន្លែងថ្មីតាមការស្ម័គ្រចិត្ត, បិទអាជីវកម្ម​ទាំងអស់ដែលនៅបរិវេណទីតាំង​ឈ្មោះ ស៊ីង សានទីង (ហៅ ឆាង ឆឹង), បិទអាគារ A B និង C ដើម្បីបន្តស៊ើប​អង្កេតរហូតដល់កិច្ចស៊ើបអង្កេតត្រូវបានបញ្ចប់, បន្ត​ស៊ើបអង្កេត​បទ​ល្មើស​សម្អាត​ប្រាក់, ការរក្សាអាវុធខុសច្បាប់ និង​ស្រាវជ្រាវចាប់ជនជនសង្ស័យម្នាក់ដែល​ជា​មេខ្លោងក្នុង​សំណុំរឿងនេះផងដែរ។

រដ្ឋបាល​ខេត្តព្រះសីហនុ នឹង​បន្តធ្វើការត្រួតពិនិត្យរដ្ឋបាលនៅតាមបណ្តាទីតាំង​អាជីវកម្មដែលសង្ស័យ​មិនមាន​ច្បាប់​អនុញ្ញាត ព្រម​ទាំង​ចាត់​វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ជនបរទេសដែលបានត្រួតពិនិត្យ និងមាន​កិច្ចសន្យាអប់រំរួចហើយ តែ​នៅបន្តធ្វើការខុសច្បាប់ និងអំពាវនាវដល់អាជីវករទាំងអស់ដែលកំពុង​សម្ងំលួច​លាក់​ធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញ្ញាត បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ទាំង​ឡាយ​ណាដែ​ល​ច្បាប់​ហាមឃាត់៕


[អានត...]

មេដឹកនាំពិភពលោក និងឥស្សរជនបរទេសរាប់រយនាក់មកចូលរួមពិធីបុណ្យព្រះសព មហាក្សត្រិយ៍ចក្រភពអង់គ្លេស Elizabeth II

ដោយ ៖ ជាតិខ្មែរ | ចុះផ្សាយថ្ងៃទី - 0 comments

(ឡុងដ៍)៖ ចក្រភពអង់គ្លេស នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមការប្រារព្ធ ព្រះរាជពិធីបុណ្យព្រះសព របស់មហាក្សត្រិយ៍ អេលីហ្សាបេតទី២ (Elizabeth II) ហើយនៅឯព្រះវិហារ វេសមីនស្ទើ អាប់ប៊ី (Westminster Abbey) ក្នុងទីក្រុងឡុងដ៍ ខណៈបណ្តាមេដឹកនាំ ឥស្សរជន និងរាជវង្សានុវង្ស មកពីបរទេសបានអញ្ជើញមកចូលរួម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២។

ម្ចាស់ក្សត្រិយ៍ Elizabeth បានចូលទិវង្គតកាលពីថ្ងៃទី៨ ខែកញ្ញា នៅព្រះរាជដំណាក់ បាល់ម៉ូរ៉ាល់ (Balmoral) ក្នុងប្រទេសស្កុតឡែន បន្ទាប់ពីបាត់ព្រះភក្ត្រពីសាធារណៈអស់រយៈពេលជាច្រើនខែ ស្របពេលដែលព្រះរាជសុខភាពរបស់ទ្រង់ បានបន្តចុះទន់ខ្សោយ។ ទោះជាបែបនេះក្តី ២ថ្ងៃមុនទ្រង់សោយទិវង្គត ម្ចាស់ក្សត្រិយ៍ Elizabeth បានឆ្លៀតអនុញ្ញាតឱ្យលោកស្រី លីស ត្រាស់ (Liz Truss) ចូលគាល់ដើម្បីតែងតាំង លោកស្រីជានាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសទី១៥ និងចុងក្រោយគេ អំឡុងការគ្រងរាជ្យរយៈពេល ៧០ឆ្នាំរបស់ទ្រង់។

គួរបញ្ជាក់ថា ក្រោយការសោយទិវង្គតរបស់ម្ចាស់ក្សត្រិយ៍ Elizabeth II ព្រះបុត្រាច្បងរបស់ទ្រង់ គឺព្រះអង្គម្ចាស់ ឆាល (Charles) បានឡើងស្នងរាជ្យជាព្រះមហាក្សត្រថ្មី ដោយមានព្រះនាមជា ស្តេចឆាលទី៣ (Charles III)។

ព្រះសពរបស់ម្ចាស់ក្សត្រិយ៍ Elizabeth II នឹងត្រូវបញ្ចុះនៅព្រះរាជដំណាក់ វិនសឺ (Winsor) ជាមួយព្រះស្វាមីទ្រង់ គឺព្រះអង្គម្ចាស់ ហ្វីលីព (Philip) ដែលបានសោយទិវង្គត កាលពីខែមេសា ឆ្នាំ២០២១ ដោយសារឆ្លងមេរោគកូវិដ-១៩៕
















[អានត...]
 
Copyright © . Khmer Nation - Posts · Comments
Theme Template by BTDesigner · Powered by Blogger