Pages - Menu

Tuesday, October 24, 2017

អង្គការ​អន្តរជាតិ​ចំនួន ៥៥ ស្នើ​សហប្រធាន​កិច្ចព្រមព្រៀង​ សន្តិភាព​ទីក្រុង​ប៉ារីស កោះ​ប្រជុំឡើងវិញ ខណះលោកហ៊ុន សែនព្រមានឲ្យពួកគេត្រៀមមឈូស



អតីតរដ្ឋមន្ត្រីការបរទេស បារាំងលោក រ៉ូឡង់ ដូម៉ាស (Roland Dumas) ជាសហប្រធាននៃ
កិច្ចព្រមព្រៀងប៉ារីស សម្របសម្រួលសម្តេចសីហនុ និងលោកហ៊ុន សែន មុនឈានទៅដល់
ការចុះហត្ថលេខាចុងក្រោយនៅថ្ងៃ ទី ២៣ តុលា ឆ្នាំ ១៩៩១។
អង្គការ​អន្តរជាតិ​ចំនួន ៥៥ រួមគ្នា​ស្នើ​សហប្រធាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កោះ​ប្រជុំ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​កម្ពុជា ខណះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនព្រមានអ្នក ប្រឆាំង នឹងរូបលោកឲ្យត្រៀមក្តារមឈូសទុកឲ្យហើយ។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ហ៊ុន សែនថ្លែង​កាល​ពី​ថ្ងៃ​ទី២៣ តុលា គំរាម​អ្នក​ដែល​ប្រឆាំង​នឹង​លោក ឲ្យ​ត្រៀម​ក្ដារមឈូស​ឲ្យ​ហើយ​បើ​ចង់​ធ្វើ​បដិវត្ដន៍​ផ្ដល់​រំលំ​រដ្ឋាភិបាល​របស់​លោក។
ក៏ប៉ុន្តែនៅ​ក្នុង​លិខិត​ចំហ ចុះ​ថ្ងៃ​ទី២៣ ខែ​តុលា​នេះ អង្គការ​ទាំង ៥៥ បាន​ទទូច​ឲ្យ​សហប្រធាន និង​ប្រទេស​ម្ចាស់​ហត្ថលេខី​ទាំងអស់ នៃ​កិច្ចព្រមព្រៀង​នេះ បំពេញ​កាតព្វកិច្ច​ដ៏​សមស្រប​មួយ​របស់​ខ្លួន គឺ​កោះ​ប្រជុំ​ប្រទេស​ហត្ថលេខី​ទាំងអស់​ជា​បន្ទាន់ ដើម្បី​ដោះស្រាយ​ស្ថានការណ៍​រំលោភ​សិទ្ធិ​មនុស្ស រំលោភ​នីតិរដ្ឋ និង​រំលោភ​ប្រជាធិបតេយ្យ យ៉ាង​ធ្ងន់ធ្ងរ និង​យ៉ាង​គំហុក​នៅ​កម្ពុជា។
គោលបំណង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ចាត់វិធានការ​រួមគ្នា ធ្វើ​យ៉ាងណា​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពិចារណា​ឡើងវិញ នៅ​ចំណាត់​ការ​មក​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដែល​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ(Human Rights Watch) អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ កុំ​នៅ​ស្ងៀម​ឲ្យ​សោះ ព្រោះ​អង្គការសហប្រជាជាតិ បាន​ចំណាយ​លុយ​រាប់ពាន់​លាន​ដុល្លារ ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ការ​នៅ​ស្ងៀម មិន​ចាត់ការ​ពី​សំណាក់​សហគមន៍​អន្តរជាតិ នឹង​រឹតតែ​ធ្វើ​ឲ្យ​លោក ហ៊ុន សែន បានដៃ​កាន់​តែ​ខ្លាំង។
នាយករង​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី លោក ហ៊្វីល រ៉ូប៊ឺតសុន (Phil Robertson) លើក​ឡើង​ថា លោក ហ៊ុន សែន កំពុង​បំផ្លាញ​អ្វីៗ​គ្រប់យ៉ាង ដែល​មាន​ចែង​ក្នុង​ស្មារតី​នៃ​កិច្ចព្រម ព្រៀង សន្តិភាព​ទីក្រុង​ប៉ារីស ដូចជា​ការរំលោភ​សិទ្ធិ​មនុស្ស ការបំផ្លាញ​ស្មារតី​នៃ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ការ​បំបាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​គំរាម​កំហែង​អង្គការ​សង្គម​ស៊ីវិល និង​ការប៉ុនប៉ង​រំលាយ​គ​ណ​បក្ស​ប្រឆាំង​ជាដើម។
ទាក់ទងនឹងបញ្ហានេះ សារព័ត៌មានជាតិខ្មែរ មិនអាចទាក់ទងលោក សុខ ឥសានអ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជា និងលោក ផៃ ស៊ីផានអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតប នឹងសំណើ របស់អង្គការអន្តរជាតិទាំង៥៥ខាងលើបានទេ ដោយទូរសព្ទចូលតេមិនព្រមទទួល នៅរសៀលនេះ៕
ភាគីខ្មែរទាំង៤ភាគីជួបប្រជុំគ្នា ក្នុងពេលរកដំណោះស្រាយនយោបាយ តាមរយះនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

No comments:

Post a Comment