រដ្ឋមន្រ្តីក្រសួងការពារជាតិ លោកទៀ បាញ់ បាននិយាយបែបនេះទៅកាន់កងទ័ពនៅក្នុងពិធីប្រកាសបង្កើតកងពលតូចអន្តរាគមន៍លេខ ១២៨ និងតែងតាំងផ្លាស់ប្ដូរមុខងារនាយទាហាននៅក្នុងខេត្តស្ទឹងត្រែង។
លោក ទៀ បាញ់ លើកឡើងថា៖ «អ្វីដែលជាការសំខាន់របស់យើងគឺថាប្រកាសនូវកម្រិតកំពូល នៃការថែរក្សាសណ្ដាប់ធ្នាប់ ការថែរក្សាសុវត្ថិភាពសង្គម និងការថែរក្សាអ្វីៗគ្រប់បែបយ៉ាង ទាំង អស់ឲ្យបានស្ថិតស្ថេរគង់វង្ស ដែលនិយាយហើយៗទៀត មិនឲ្យមានបដិវត្តន៍ពណ៌កើតមានក្នុង ព្រះរាជាណាចក្រកម្ពុជាយើងជាដាច់ខាត់»។
លោក ទៀ បាញ់ បានបន្តថា នៅពេលមានចលនាមិនសុខចិត្តណាមួយកើតឡើងទាក់ទង ទៅនឹង ការរំលាយគណបក្សសង្គ្រោះជាតិដោយសារទង្វើ «ក្បត់ជាតិជាប្រព័ន្ធ» របស់លោក កឹម សុខា ឬមានចលនាទាមទារឲ្យមានការដោះលែងប្រធានគណបក្សសង្គ្រោះជាតិនោះ កងទ័ពត្រូវតែ ធ្វើការបង្រ្កាបភ្លាមៗ ដោយមិនបាច់ចាំបញ្ជាពីថ្នាក់លើនោះទេ ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៧ ហើយត្រូវបានបញ្ជូនទៅដាក់ឃុំនៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីរដ្ឋាភិបាលថា «ក្បត់ជាតិ» ជុំវិញការថ្លែងរបស់លោកនៅឯប្រទេសអូស្ត្រាលី កាលពីឆ្នាំ២០១៣ដែលលោកកឹម សុខាគ្រាន់តែបានអះអាងថា លោកទទួលការហ្វឹកហាត់និងបណ្តុះបណ្តាលពី សហរដ្ឋអាមេរិក កាណដា និងអូស្តា្រលីជាដើម្បី ក្នុងការមកធ្វើនយោបាយនៅកម្ពុជា។
បន្ទាប់ពីលោក កឹម សុខា ត្រូវបានចាប់ដាក់ឃុំក្នុងពន្ធនាគារ គណបក្សសង្គ្រោះជាតិកំពុងប្រឈមនឹងការរំលាយចោល ក្រោយពីសំណើកែប្រែច្បាប់ ចំនួន៤ ពាក់ព័ន្ធនឹងការបោះឆ្នោត ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាចូលជាធរមានកាលពីថ្ងៃទី២៥ ខែតុលានេះ។
ការចាប់ខ្លួនលោក កឹម សុខា និងការប៉ុនប៉ងរំលាយបក្សប្រឆាំង សុទ្ធតែត្រូវបានសហគមន៍អន្តរជាតិថ្កោលទោស ដោយចាត់ទុកជាការធ្វើឲ្យលំហូរប្រជាធិបតេយ្យនៅកម្ពុជាកាន់តែរួមតូច និងដើរថយក្រោយទៅវិញ។
សហគមន៍អន្តរជាតិថែមទាំងបានទាមទារឲ្យដោះលែងជាបន្ទាន់នូវមេបក្សប្រឆាំងកំពុងជាប់ឃុំ
ឲ្យមានសេរីភាពឡើងវិញ ដោយគ្មានលក្ខខណ្ឌទៀតផង។
ប្រទេសស៊ុយអែតបានព្រមានថា ប្រទេសនេះនឹងពិចារណាឡើងវិញនូវទំនាក់ទំនងជាមួយកម្ពុជា ប្រសិនបើបក្សប្រឆាំងដ៏ធំនៅកម្ពុជា ពិតជាត្រូវបានរំលាយមែននោះ។
នៅឯសហរដ្ឋអាមេរិកឯណោះវិញ សមាជិកព្រឹទ្ធសភា លោក Ted Cruz បានកំណត់ពេលកន្លះខែឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោក កឹម សុខា ឲ្យបានមុនថ្ងៃទី០៩ ខែវិច្ឆិកាខាងមុខ បើមិន ដូច្នោះទេ រូបលោកនិងសហការីរបស់លោកទាំងនៅក្នុងព្រឹទ្ធសភានិងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំនឹងមានវិធានក្តៅចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននិងរដ្ឋាភិបាលរបស់លក ដោយជំហានដំបូងនឹងដាក់ទណ្ឌកម្មផ្នែកទិដ្ឋកាដល់មន្ត្រីរដ្ឋាភិបាលរបស់លោកហ៊ុន សែន ទាំងមូល៕
No comments:
Post a Comment