Pages - Menu

Wednesday, November 1, 2017

តុលាការកំពូលសម្រេចឲ្យលោកសម រង្ស៊ីចាញ់ក្តីលោកហេង សំរិនដដែល

លោកហេង សំរិន និងលោក សម រង្ស៊ីកំពុងមានរឿងក្តីក្តាំនឹងគ្នាក្នុងតុលាការ។
 
តុលាការកំពូល នៅព្រឹកថ្ងៃពុធនេះ បានសម្រេចបដិសេធបណ្ដឹងសាទុក្ខរបស់មេធាវីការពារក្ដីឲ្យ លោក សម រង្ស៊ីអតីតមេបក្សប្រឆាំងដោយសំអាងថា ការសម្រេចរបស់សាលា ឧទ្ធរណ៍ធ្វើឡើង ត្រឹមត្រូវតាមនីតិវិធីច្បាប់ ករណីបណ្តឹងបរិហារកេរ្តិ៍ជាសាធារណៈ របស់ប្រធានរដ្ឋសភា លោក ហេង សំរិន។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល នៅថ្ងៃពុធនេះ បានប្រកាសសាលដីកាដោយ
សម្រេចឲ្យលោក សម រង្ស៊ី ចាញ់ក្តីប្រធានរដ្ឋសភាលោក ហេង សំរិន ដូចការសម្រេច របស់ សាលាឧទ្ធរណ៍ដដែល ដោយសំអាងថា ការសម្រេចរបស់តុលាការថ្នាក់ក្រោម​ធ្វើឡើងត្រឹមត្រូវ តាមនីតិវិធីច្បាប់។
កាលពីថ្ងៃទី២៨កក្កដា​ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ក្តីឲ្យលោក សម រង្ស៊ី ចាញ់ លោក ហេង សំរិន និងបង្គាប់ឲ្យបង់ប្រាក់ជាសំណងជំងឺចិត្តដល់លោក ហេង សំរិន ចំនួន១៥០ លានរៀល និងបង់ពិន័យជូនរដ្ឋ១០លានរៀល ករណីពីបទបរិហារកេរិ៍្តជាសាធារណៈ។ ដោយមិនសុខចិត្តចំពោះការសម្រេចរបស់តុលាការថ្នាក់ក្រោម មេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី បានប្ដឹងជំទាស់មកតុលាការជាន់ខ្ពស់ជាបន្តបន្ទាប់។
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនទៅក្រៅប្រទេសនោះ កំពុងជាប់​បណ្តឹងជាច្រើននៅតុលាការ ដែលបណ្តឹងទំាងនោះរួមមាន បណ្តឹងបរិហាកេរ្តិ៍​លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសជាដើម។ ក្រៅពីនោះ លោក សម រង្ស៊ី ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ​កាត់ទោស​កំបាំងមុខ ក្នុងសំនុំរឿងរិះគន់ហ្វេសប៊ុក លោក ហ៊ុន សែនថាទិញឡាច (Like) ពីបរទេស និងសំណុំរឿងមួយទៀត ដែលប្ដឹងលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ​សែន ពី​បទ «បរិហារកេរ្តិ៍​ជា​សាធារណៈ​ និងញុះញង់ឲ្យប្រព្រឹត្តអំពើបង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់ សន្តិសុខ សង្គម» បន្ទាប់ពីលោក សម រង្ស៊ី បាននិយាយថា រដ្ឋាភិបាល នៅពីក្រោយការសម្លាប់លោក កែម ឡី។
ករណីសពលោក កែម ឡីនេះបានស្ងប់ស្ងាត់អស់វិញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានជូនប្រាប់សរុបចំនួន៨ម៉ឺនដុល្លារ ទៅឲ្យប្អូនប្រុសនិងម្តាយលោកកែម ឡី ដើម្បីជួយចេញថ្លៃ បបរបុណ្យសព និងថ្លៃសំណង់ចេតីយ៍ជាដើម៕

No comments:

Post a Comment