Pages - Menu

Wednesday, November 1, 2017

លោកសម រង្ស៊ីចាត់ទុកលោកម៉ៅ មុន្នីវណ្ណជាជនបង្កប់ស៊ីរូងផ្ទៃក្នុង បក្សប្រឆាំងយូរមកហើយ

លោកម៉ៅ មុន្នីវណ្ណរងការចោទពីលោកសម រង្ស៊ីត្រង់ៗថា ជាជនក្បត់បក្សហើយ
កំពុងធ្វើបក្សប្រហារទៀតផង។
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្សប្រឆាំង បានចាត់ទុកលោកម៉ៅ មុន្នីវណ្ណជាជនបង្កប់ស៊ីរូង ផ្ទៃក្នុងបក្សសង្គ្រោះជាតិជាយូរមកហើយ ដើម្បីផ្តួលរំលំគណបក្សប្រឆាំងដ៏ធំនៅកម្ពុជាតាម បញ្ជា​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
​ទាក់ទងនឹងទង្វើក្បត់បក្សរបស់លោកម៉ៅ មុន្នីវណ្ណនេះ លោកសម រង្ស៊ីបានថត​ជា​វីដេអូ​ឃ្លីប បង្ហោះ​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួន របស់​លោក កាលពី​ថ្ងៃ​ទី​៣០ តុលា ថា គណបក្ស​កាន់​អំណាច​មិន​អាច​រំលាយ​គណបក្ស​សង្គ្រោះជាតិ​បានទេ ទើប​ប្រើ​វិធី​មួយទៀត គឺ​ទិញ​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​នៅ​ក្នុង​ជួរ​គណៈកម្មការ​នាយក។ លោក សម រង្ស៊ី អះអាង​ថា លោក ម៉ៅ មុនីវណ្ណ គឺជា​ជនបង្កប់​របស់​គណបក្ស​កាន់អំណាច​ក្នុង​ការ​រំលាយ​បក្ស​ប្រឆាំង។

លោក ម៉ៅ មុនី​វណ្ណ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​មន្ត្រី​សកម្ម​ក្នុង​ការ​ចុះ​ពង្រឹង​គណបក្សតាម​មូល ដ្ឋាន​នៅ​ស្រប​ពេល​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​សិទ្ធិ​សេរីភាព។ នៅ​មុន​ពេល​គណបក្ស​សង្គ្រោះជាតិ​រួមគ្នា​រវាង គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​នោះ លោក ម៉ៅ មុនីវណ្ណ បាន​ចាក​ចេញពី​គណបក្ស​សម រង្ស៊ី ចុះចូល​ជាមួយ​គណ បក្ស​សិទ្ធិមនុស្ស។ កាលណោះ លោក​បាន​ទម្លាក់​ចោល​ស្លាក​គណបក្ស​សម រង្ស៊ី ជាច្រើន​នៅ​ខេត្ត​កំពង់ចាម​ដែល​ជា​មណ្ឌល​បោះឆ្នោត​របស់​លោក និង​បាន​លើក​ស្លាក​គណបក្ស​សិទ្ធិមនុស្ស​ជំនួស​វិញ។
ក្រៅពីលោកម៉ៅ មុន្នីវណ្ណ ក៏ក្រុមមន្ត្រីជំនិតរបស់លោក សម រង្ស៊ីបានដាក់ការសង្ស័យលើលោក ប៉ុល ហំម អនុប្រធានគណបក្ស លោកអ៊ូ ច័ន្ទរិទ្ធ និងលោក អ៊ូ ច័ន្ទរ័ត្ន ជាតំណាងរាស្ត្រស្និទ្ធនឹង លោកកឹម សុខាជាជនក្បត់បក្សដែរ។
ផ្ទុយ​ពី​ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី ដែល​ថាមានជនក្បត់បក្សនេះ  លោក អ៊ូ ច័ន្ទរ័ត្ន អះអាង​ថា មន្ត្រី​គណៈកម្មការ​នាយក​របស់​បក្ស​ប្រឆាំង​ភាគច្រើន​នៅ​ក្នុង​ប្រទេស​នៅឡើយ ហើយអ្នកនៅក្នុងប្រទេសមិនមែនសុទ្ធតែជាជនក្បត់នោះទេ។
ចំណែកអ្នកតំណាងរាស្ត្រ​មណ្ឌល​ខែត្រ​កំពង់ចាម មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រង​ការចោទ ប្រកាន់​ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថា មាន​បំណង​ធ្វើ​បក្ស​ប្រហារ គឺ​លោក ម៉ៅ មុនីវណ្ណ បានបដិសេធការចោទប្រកាន់នេះ ដោយលោកអះអាង​ថា លោក​ធ្វើ​នយោបាយ​ដោយ​ឈរ​ខាង​ប្រជាពលរដ្ឋ និង​មិន​ចង់​បកស្រាយ​ចំពោះ​ការចោទប្រកាន់​របស់ លោក សម រង្ស៊ី ទៅលើ​រូបលោក​នោះ​ទេ។
លោក ម៉ៅ មុនី​វណ្ណ យល់ថា ទង្វើ​របស់​លោក ទុក​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​សម្រេច ប៉ុន្ដែ​ទោះ​យ៉ាង​ណា លោក​មិន​មានការ​អាក់​អន់​ចិត្ត​ចំពោះ​លោក សម រង្ស៊ី នោះ​ទេ បើ​ទោះ​ជា​ចោទ​ប្រកាន់​លោក ត្រង់ៗ​ក៏ដោយ។
លោក ម៉ៅ មុនីវណ្ណ ដែល​ហាក់​ព្យាយាម​មិន​ចង់​ឆ្លើយ​នឹង​ក្រុម​អ្នកសារព័ត៌មាន នៅ​ក្រៅ​របង​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​៣១ តុលា អះអាង​ថា ពាក្យ​ចោទប្រកាន់​លើ​រូបលោក វា​ហាក់​កើតមាន​ញឹកញាប់​ហើយ ដូច្នេះ​លោក​យល់ថា មានតែ​ពេលវេលា​ទេ ដែល​អាច​បញ្ជាក់​ពី​ទង្វើ​
របស់​លោក។
សូមបញ្ជាក់ថា លោកម៉ៅ មុន្នីវណ្ណធ្លាប់មានទំនាស់ជាមួយលោកអេង ឆៃអ៊ាងនិងលោក គួយ ប៊ុនរឿនដែលជាមនុស្សជំនិតបំផុតរបស់លោកសម រង្ស៊ី ពីបញ្ហាបែងចែកការគ្រប់គ្រងខេត្ត មុនពេលលោកម៉ៅ មុន្នីវណ្ណចេញទៅចុះចូលជាគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា។ នៅពេលនោះ លោកអេង ឆៃអ៊ាង ក្នុងនាមលោកសម រង្ស៊ីជាប្រធានគណបក្សសម រង្ស៊ីបាន ផ្លាស់ ប្តូរលោកម៉ៅ មុន្នីវណ្ណចេញពីប្រធានក្រុមការងារខេត្តកំពង់ចាម ដែលគណបក្សប្រឆាំងមាន អ្នកគាំ ទ្រច្រើនឲ្យទៅធ្វើជាប្រធានក្រុមការងារខេត្តតាកែវ ដែលគណបក្សប្រឆាំងមាន អ្នកគាំទ្រតិច
តួចវិញ។ បញ្ហានេះជំរុញឲ្យលោកម៉ៅ មុន្នីវណ្ណចិញ្ចឹមចិត្តគំនុំជាមួយក្រុមលោកអេង ឆៃអ៊ាងជារៀង រហូតមកដល់ថ្ងៃនេះ ទើបមានការចោទប្រកាន់ត្រង់ៗពីលោកសម រង្ស៊ីតែម្តងហើយការចោទនេះ ក៏ដោយសារលោក ម៉ៅ មុន្នីវណ្ណបានរៀបចំបញ្ចីឈ្មោះសមាជិកព្រឹទ្ធសភាថ្មីរបស់គណបក្ស សង្គ្រោះជាតិដោយយកទៅឲ្យលោកកឹម សុខាកំពុងជាប់គុក ចុះហត្ថលេខាដោយគ្មានការពិភាក្សា
ជាមួយលោកអេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួ​ជាអនុប្រធានបក្សដែលស្មោះនឹងលោកសម រង្ស៊ីឡើយ៕

No comments:

Post a Comment