ការអំពាវនាវនេះ ធ្វើឡើងស្របពេល ក្រសួងការពារជាតិ ប្រកាសជ្រើសរើសពលទាហានជា ច្រើននាក់ ដើម្បីបំពេញក្របខណ្ឌឲ្យយោធាភូមិភាគទី១ នៃកងទ័ពជើងគោកកម្ពុជា។
កូនប្រុសច្បងលោកនាយករដ្ឋមន្ដ្រី គឺលោក ហ៊ុន ម៉ាណែត នៅថ្ងៃព្រហស្បតិ៍នេះ បានសរសេរ បង្ហោះលើបណ្ដាញហ្វេសប៊ុករបស់លោក ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ ឬបេក្ខជន ដែលបាន ដាក់ពាក្យប្រឡង ផ្ដល់ព័ត៌មានខុសប្រក្រតី ឬការទាមទារលុយកាក់ពីសំណាក់ជនខិលខូច ដើម្បីបានឈ្មោះក្នុងក្របខណ្ឌទាហាននេះ។ លោកបន្តថា បច្ចុប្បន្នមានមន្ត្រីមួយចំនួនត្រូវបាន កាត់ទោសទាក់ទងករណីនេះ ប៉ុន្តែលោកមិនបញ្ជាក់ថា មានមន្ត្រីប៉ុន្មាននាក់? មុខតំណែងអ្វីខ្លះ? ដែលត្រូវចាប់ខ្លួននិងកាត់ទោសនោះទេ។
បើតាមហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត បន្ថែមថា កន្លងទៅ «គណៈកម្មការជ្រើសរើសពល ទាហាន បំពេញក្របខ័ណ្ឌឲ្យយោធាភូមិភាគទី១ បានចាត់វិធានការ ចំពោះបុគ្គលឆ្លៀតឱកាស មួយចំនួនរួចហើយ ក្រោយពីបានទទួលបណ្តឹងពីបេក្ខជនដែលត្រូវរងគ្រោះ ដោយការទាមទារ ប្រាក់ សម្រាប់ជាថ្នូរនឹងការដាក់ពាក្យសុំចូលទ័ពនេះ ដែលផ្ទុយពីគោលការណ៏របស់រាជរ ដ្ឋាភិបាល។ បច្ចុប្បន បុគ្គលដែលបានប្រព្រឹត្តិខុសទាំងនោះ ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅ តុលាការដើម្បីអនុវត្តតាមនិតិវិធីច្បាប់»។
កាលពីខែកញ្ញាឆ្នាំ២០១៧កន្លងទៅ តុលាការខេត្តកំពង់ចាម បានបង្គាប់ឲ្យចាប់ខ្លួន កូនប្រុសលោក ឧត្តមសេនីយ៍ផ្កាយ៣ ហែម ថេង ដែលមានកូនប្រុសឈ្មោះ ហែម ចរិយា រួមទាំងព្រះសង្ឃមួយ អង្គទៀត ដែលជាអ្នករត់ការ ពីបទ «ឆបោកប្រាក់» រឿងចូលក្របខណ្ឌនគរបាលជាតិ។
ការចាប់ខ្លួននោះ ធ្វើឡើងតាមបណ្ដឹងរបស់ពលរដ្ឋចំនួន៣១នាក់ ដោយចោទមន្ដ្រីនគរបាលជាតិ អន្ដោប្រវេសន៍ លោក ហែម ចរិយា ថា បានស៊ីដាច់ប្រាក់ប្រមាណជាង១៤ម៉ឺនដុល្លារ។
មាត្រា ៣៥ នៃច្បាប់ប្រឆាំងអំពើពុករលួយ ចែងថា អំពើប្រព្រឹត្តដោយរាជការសាធារណៈ ឬដោយ ពលរដ្ឋដែលទទួលអាណត្តិសាធារណៈ ដោយបានប្រើប្រាស់មុខងាររបស់ខ្លួនដើម្បីទទួលបាន ផលប្រយោជន៍ផ្ទាល់ខ្លួននឹងត្រូវផ្តន្ទាសទោសដាក់ពន្ឋគារពី ២ (ពីរ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ និងពិន័យ ជាប្រាក់ពី ៤ ០០០ ០០០ (បួនលានរៀល) ទៅ ១០ ០០០ ០០០ (ដប់លាន)រៀល។
បញ្ហានេះ គណបក្សសង្គ្រោះជាតិមិនចាប់អារម្មណ៏នោះទេ ដោយក្រុមមន្ត្រីបក្សប្រឆាំងនេះមួយ ចំនួនកំពុងស្ថិតនៅក្នុងប្រទេស មិនហ៊ានបញ្ចេញយោបល់អ្វីរិះគន់រដ្ឋាភិបាល ឬកងទ័ពដុចពេល មុនចាប់ខ្លួន លោក កឹម សុខានោះទេ៕
No comments:
Post a Comment