ផ្ទះរបស់អ្នកភូមិនៅ ក្នុងខេត្តស្ទឹងត្រែង រងការជន់លិចស្ទើរដល់ដំបូល ដោយសារ
ការបិទទំនប់វារីអគ្គីសនីសេសានក្រោម២។
ការបិទទំនប់វារីអគ្គិសនីសេសានក្រោម២កំពុងបង្កឲ្យមានជំនន់លិចផ្ទះអ្នកភូមិ ស្ទើរទូទាំងខេត្ត ស្ទឹងត្រែង ជាពិសេសនៅតំបន់ជំវិញទំបន់នេះ។
ការជន់លិចភូមិនេះ ជំរុញឲ្យជនជាតិដើមភាគតិចដែលរងផលប៉ះពាល់ពីការសង់ទំនប់វារីអគ្គិសនី សេសានក្រោម២ ក្នុងខេត្តស្ទឹងត្រែង អំពាវនាវសុំឲ្យរដ្ឋាភិបាល និងក្រុមហ៊ុនបន្ថយការ តម្លើង កម្ពស់ទឹកក្នុងអាង ខណៈទឹកកំពុងឡើងលិចភូមិកាន់តែខ្លាំង។
កាលពីថ្ងៃទី១៧តុលាឆ្នាំ២០១៧ ក្រុមហ៊ុនដែលសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុង ខេត្តស្ទឹងត្រែង បានបិទទំនប់ទឹកបំពេញអាង ដើម្បីដំណើរការតួប៊ីន នៃទំនប់វារីអគ្គីសនីខាងលើ។
ពលរដ្ឋជាជនជាតិភាគតិមួចចំនួន នៅភូមិស្រែគរ បានអះអាថានៅថ្ងៃទី២៥តុលានេះ ថា ចាប់តាំង ពីក្រុមហ៊ុនបិទទំនប់មក ទឹកបានឡើងខ្លាំង ដោយកន្លែងខ្លះ កម្ពស់ឡើងដល់៥ទៅ៦ម៉ែត និងលិច ផ្ទះពលរដ្ឋ ដែលមិនអាចរស់នៅកើតនោះទេ។ ពួកគាត់បន្តថា ពលរដ្ឋមួយចំនួន ដែលមិនព្រម ទទួលយកសំណងចាកចេញ បានត្រៀមខ្លួន និងជម្លៀសចេញទៅរកទីទួលមានសុវត្តិភាពហើយ។
ពួកគាត់បន្ថែមថា «វាមានផលលំបាកច្រើន ហើយក្នុងនោះ អ្នកភូមិក៏ខូចចិត្តដែរ ដោយសារតែ ការ បាត់បង់ទ្រព្យសម្បត្តិរបស់ គាត់ដែលមានកន្លែងមកដូចជាម៉ាស៊ីន ដូចជា គ្រឿងសង្ហារឹមធ្ងន់ៗ ដែលគាត់មិនអាចលើកទាន់នៅពេល ទឹកឡើងជន់មក ហ្នឹងគឺពួកគាត់ មិនអាចលើកទាន់គឺនៅ ត្រាំទឹកនៅឡើយ។ អញ្ចឹង បើក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរខេត្តបើគាត់មិនបើកទឹក គឺប្រជាពលរដ្ឋ នឹងបាត់បង់យ៉ាងច្រើននូវធនធាន ដែលពួកគាត់មានកន្លងមក»។
បន្ថែមពីលើនេះ ជនជាតិដើមម្នាក់ នៅភូមិក្បាលរមាស លោក ប្រាច់ រិទ្ធ ឲ្យដឹងថា នៅភូមិក្បាល រមាស មានពលរដ្ឋ៥៨គ្រួសារ ដែលមិនព្រមទទួលយកសំណងចេញចេញ ហើយថា បន្ទាប់ពីក្រុម ហ៊ុនបិទទំនប់ បានឲ្យប៉ះពាល់និងបំផ្លាញ ផលដំណាំ ស្រែចំការ និងទ្រព្យមួយចំនួនទៀត ដែល ពួកគេ យកចេញមិនទាន់។
លោកបន្តថា បើទោះបីជាមាន ការលិចលង់ខ្លាំងយ៉ាងណា ក៏ដោយ គឺពួកគាត់នៅតែរក្សារជំហរ មិនព្រមចាកចេញនោះទេ ដោយថា ពួកគេ មិនអាចទៅចោលភូមិចាស់ មិនចង់បាត់វប្បធម៌ ប្រពៃណី និងអបីយជំនឿផ្សេងៗ។
លោកបន្តថា «យើង មិនយកសំណងរបស់រដ្ឋាភិបាល និងក្រុមហ៊ុន ដោយសារភូមិកំណើតយើង តាំងពីជំនាន់មុន តាំងដូន តាយើងចាស់ៗ ពីមុនដែលគាត់បន្សល់ទុកឲ្យយើង ប្រសិនកាលណា យើងទៅចោលនូវទឹកដី ដែលពួកគាត់ទុកឲ្យសម្រាប់ កូនចៅជំនន់ ក្រោយថែរក្សារមានន័យថា យើងបោះបង់គាត់ចោលទាំងអស់ ហើយនៅពេលហ្នឹងអត្តសញ្ញាណជនជាតិដើមភាគតិចយើង ក៏ត្រូវបាត់បង់ដែរ ដូចជាថ្នូរដូនតា ព្រៃអ្នកតា ព្រៃជំនឿ ក៏ត្រូវបាត់បង់ដែរ ទៅកន្លែងថ្មីគឺអ្វីៗថ្មីទាំង អស់ វាត្រូវបាត់បង់ចាស់ៗ»។
សារព័ត៌មានជាតិខ្មែរ មិនអាចសុំការឆ្លើយតបពីតំណាងក្រុមហ៊ុនវ៉ារីអគ្គិសនីបានទេ ចំពោះបញ្ហា នេះបានទេ ប៉ុន្តែកាលពីថ្ងៃទី២៤តុលា តំណាងក្រុមហ៊ុនម្នាក់ លោក ឆាយ ម៉េង បានប្រាប់កាសែត ថា ក្រុមបច្ចកទេស បានកំណត់នីវ៉ូទឹកទំនប់នេះ ឲ្យឡើងខ្ពស់ជាង៧០ម៉ែត្រ ដើម្បីដំណើរការតួប៊ីន ទី១ នៅខែវិច្ឆិកាខាងមុខ។
អភិបាលរងខេត្តស្ទឹងត្រែង លោក ដួង ពៅ ទទួលស្គាល់ថា ទឹកកំពុងឡើងលិចផ្ទះអ្នកភូមិ ប៉ុន្តែ លោកថា ក្រុមហ៊ុននិងអាជ្ញាធរមិនអាចបន្ថយ ឬ បើកទំបន់បានទេ ដោយថា នេះជាបច្ចេកទេស ដើម្បីដំណើរការទំនប់វ៉ារីអគ្គិសនី។
តែទោះជាយ៉ាងណា លោកថា អាជ្ញាធរ បានត្រៀមកំលាំង និងសំភារៈរួចហើយ ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋទាំងនោះដោយថា មិនទុកឲ្យពួកគេចោលនោះទេ។
បើតាមពលរដ្ឋ គម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២នេះ បានធ្វើឲ្យមានផលប៉ះពាល់ដល់ភូមិ ចំនួន៦ភូមិ នៃឃុំចំនួនពីរ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលមានពលរដ្ឋរស់នៅចំនួន ៨៤៦ គ្រួសារ ហើយថារហូតមកដល់ពេលនេះ មានពលរដ្ឋប្រមាណ៨៧%ព្រមទទួលសំណង ខណៈ ១០០គ្រួសារទៀតមិនព្រមចាកចេញ។
ពាក់ព័ន្ធនឹងផលប៉ះពាល់នេះ កន្លងមកក្រុមពលរដ្ឋធ្លាប់ដាក់ញត្តិតាមស្ថាប័នរដ្ឋមួយចំនួនដូចជា ក្រសួងមហាផ្ទៃ ខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងក្រសួងពាក់ព័ន្ធផ្សេងៗឲ្យជួយដោះស្រាយ ប៉ុន្តែរហូតពេលនេះ មិនមានដំណោះស្រាយនោះទេ ហើយថា អាជ្ញាធរខេត្តតែងតែគំរាមកំហែង និងបង្ខំឲ្យពលរដ្ឋទទួលយកសំណង ដែលពួកគាត់បដិសេធដោយថាសំណងនោះមិនសមរម្យ សម្រាប់ការតាំងលំនៅថ្មី៕
No comments:
Post a Comment