ក្រុមតំណាងរាស្ត្រ បក្សប្រឆាំង ថតជួបជុំគ្នាជាមួយលោក កឹម សុខា មុនពេល
ត្រូវចាប់ខ្លួន។
សំនួរជាច្រើនពីមហាជនទូទៅក៏ដូចជាពីសំណាក់សកម្មជននិងមន្ត្រីថ្នាក់មូលដ្ឋាន
នៃគណបក្ស សង្គ្រោះជាតិ ចោទសួរថា “តើនឹងមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប៉ុន្មាននាក់ទៀតនឹង ឱនក្បាលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា
របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន?”។
ត្រូវចាប់ខ្លួន។
សំនួរនេះផ្ទុះឡើងនៅទូទាំងប្រទេសកម្ពុជា ជាពិសេសនៅតាមហាងកាហ្វេនានានៅរាជធានី ភ្នំពេញ ដែលសំបូរទៅដោយ “អ្នកវិភាគនយោបាយតុកាហ្វេ” បន្ទាប់ពីមានតំណាងរាស្ត្រមួយរូបរបស់បក្សប្រឆាំង បានសម្រេចចិត្តចុះចូលជាមួយបក្សកាន់អំណាចនៅថ្ងៃនេះ ដែលការសម្រេចបែបនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីមានការអំពាវនាវពីការផ្ញើរសារ អំពាវនាវ របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងលិខិតមួយច្បាប់ដែលត្រូវចែកចាយដល់អ្នកកាសែត នៅថ្ងៃនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលខេត្តព្រៃវែង លោក ឡុង ប៊ុន្នី ស្នើទៅប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន អនុញ្ញាតឲ្យរូបលោកបានចូលរួមជាមួយគណបក្សកាន់អំណាច។
លោក ឡុង ប៊ុន្នី បានបញ្ជាក់ក្នុងលិខិតនោះថា លោកបានដឹងថា ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា «ក្បត់ជាតិ»។
នៅព្រឹកនេះ សារព័ត៌មានជាតិខ្មែរមិនទាន់ស្វែងរកការបកស្រាយពីលោក ឡុង ប៊ុន្នី ផ្ទាល់នៅឡើយទេនៅល្ងាចនេះ ដោយសារទូរសព្ទ លេខ ០១៧ ៦១៦៤៨៩ របស់លោកមិនអាចទាក់ទងបាន។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានបញ្ជាក់នៅថ្ងៃនេះថា បក្សកាន់អំណាចស្វាគមន៍ការចុះចូលរបស់តំណាងរាស្ត្របក្សប្រឆាំងរូបនេះ ហើយថា បក្សកាន់អំណាចនឹងរក្សាតំណែងនៅក្នុងសភារបស់លោក។
ចំណែកតំណែងនៅក្នុងបក្ស អ្នកនាំពាក្យរូបនេះប្រាប់ឲ្យដឹងបន្ថែមថា លោក ឡុង ប៊ុន្នី អាចនឹងត្រូវ បានដាក់បញ្ចូលក្នុងក្បាលម៉ាស៊ីនដឹកនាំបក្សកាន់អំណាច។
លោក សុខ ឥសាន្ត ប្រាប់វីអូឌីតាមទូរសព្ទថា៖ «គាត់តំណាងរាស្ត្រនៅតែជាតំណាងរាស្ត្រដដែល ដល់ពេលចប់អាណត្តិ យើងដាក់បេក្ខជនឲ្យឈរឈ្មោះកន្លែងណាទៀតទៅមានអី។ មិនបញ្ហាទេ ឲ្យតែគាត់អញ្ចើញមក គណបក្សប្រជាជននឹងរៀបចំចាត់ចែងទៅតាមគោលនយោបាយ»។
ទោះជាយ៉ាងណា ការសម្រេចចិត្តចូលរួមជាមួយបក្សកាន់អំណាចរបស់តំណាងរាស្ត្របក្សប្រឆាំងរូបនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីលោក ហ៊ុន សែន បានផ្ញើរសារទៅមេដឹក នាំបក្សប្រឆាំងនៅតាមមូលដ្ឋាន ឲ្យចុះចូលជាមួយបក្សកាន់អំណាច ប្រសិនបើពួកគេចង់រក្សាតំណែងជាប់ឆ្នោតរបស់ពួកគេ។
លោក ហ៊ុន សែន បានថ្លែងបែបនេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីសំណើកែប្រែច្បាប់ ៤ ពាក់ព័ន្ធនឹងការបោះឆ្នោត ត្រូវបានក្រុមតំណាងរាស្ត្របក្សកាន់អំណាច អនុម័ត ហើយសំណើច្បាប់ទាំង ៤នេះ កំពុងស្ថិតនៅក្នុងដៃរបស់ព្រឹទ្ធសភា។
សំណើវិសោធនកម្មច្បាប់ទាំង ៤នេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងឈានទៅរំលាយគណបក្សប្រឆាំង និងបែងចែកអាសនៈរបស់គណបក្សនេះទាំងនៅស្ថាប័នកំពូលៗ រហូតដល់ថ្នាក់មូលដ្ឋាន ដែលកើតចេញពីការបោះឆ្នោតជ្រើសរើសដោយប្រជាពលរដ្ឋ។
ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជា ច្រានចោលការប្រកាន់ទាំងនេះ ហើយថា ការចាប់ខ្លួនមេដឹក នាំបក្សប្រឆាំង លោក កឹម សុខា គឺជាការអនុវត្តច្បាប់ ដោយចោទលោក កឹម សុខា ថា «ក្បត់ជាតិ» និងឃុបឃិតជាមួយអាមេរិកដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ន។
ភ្លាមៗនេះ សារព័ត៌មានជាតិខ្មែរមិនទាន់អាចទាក់ទងមន្ត្រីសំខាន់ៗ របស់គណបក្សសង្គ្រោះជាតិ ដើម្បីបញ្ជាក់ពីមូលហេតុចុះចូលរបស់លោក ឡុង ប៊ុន្នី បានទេ៕
លោក ឡុង ប៊ុន្នី និងលិខិតចុះចូលគណបក្សប្រជាជនកម្ពុជា។
No comments:
Post a Comment